ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​ដែល​បាន​ដាក់លក់​ផលិតផល​ប្រើ​ស្លាក «​គុយទាវ​ភ្នំពេញ​» និង​មាន​រូប​អង្គរវត្ត​របស់​កម្ពុជា​ផង​នោះ បាន​ប្រមូល​យក​ផលិតផល​របស់ខ្លួន​ត្រឡប់​ទៅវិញ និង​លែង​ដាក់លក់​លើ​ទីផ្សារ​នានា​នៅ​សហរដ្ឋ​អាមេរិក​ទៀតហើយ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​កាលពី​ទី​ ២៦ សីហា ឆ្នាំ​ ២០២១ បាន​សរសេរ​ក្នុង​លិខិត​មួយ​ថា ថ្មីៗ​នេះ​ស្ថានទូត​បាន​រកឃើញ​ការចែកចាយ​នៅលើ​ទីផ្សារ​អាមេរិក​នូវ​ផលិតផល​គុយទាវ​ក្រៀម​កញ្ចប់​ ដែល​មិនមែន​ជា​ផលិតផល​របស់​កម្ពុជា ប៉ុន្តែ​នៅលើ​សម្បក​វេចខ្ចប់​មាន​ការប្រើ​ស្លាក​សញ្ញា​ «​ផលិតផល​គុយទាវ​ភ្នំពេញ និង​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» ដែល​កំពុង​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តា​ផ្សារ​អាស៊ី​ក្នុង​តំបន់ឆ្នេរ​ខាងកើត​សហរដ្ឋអាមេរិក​។

ការប្រើប្រាស់​ពាក្យ និង​ម៉ាក «​ផលិតផល​គុយទាវ​ភ្នំពេញ​ និង​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» ដោយ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា បាន​រំលោភបំពាន​លើ​បទប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ ជាពិសេស​ការប្រើប្រាស់​ម៉ាក គុយទាវ​ភ្នំពេញ បាន​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ភាន់ច្រឡំ​អំពី​ប្រភពដើម​នៃ​ផលិតផល​គុយទាវ​កញ្ចប់​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រសួងការបរទេស តាមរយៈ​ស្ថានឯក​អគ្គរាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ឱ្យ​តំណាង​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស ស្វែងរក​ប្រភព​។

ក្រោយពី​ដឹងថា គុយទាវ​នេះ​មាន​លក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក ក្រសួង​ពាណិជ្ជកម្ម​បាន​ណែនាំ​ឱ្យ​ទីប្រឹក្សា​ពាណិជ្ជកម្ម​អម​ស្ថានទូត​កម្ពុជា​នៅ​អាមេរិក ចាត់​វិធានការ​។ ជា​បែបបទ​ការងារ ទីប្រឹក្សា​ពាណិជ្ជកម្ម​បាន​រាយការណ៍​ជូន និង​សុំ​ការអនុញ្ញាត​ពី​លោក​អគ្គរាជទូត ទៅ​ធ្វើការ​នេះ ដោយ​បាន​ជួប​ជាមួយ​អ្នកលក់​ផ្ទាល់​តែម្តង​។

លោក​ថ្លែងថា​៖ «​យើង​បានឱ្យ​តំណាង​ពាណិជ្ជកម្ម​របស់​យើង​សុំ​ការអនុញ្ញាត​ពី​ទូត​របស់​យើង​ប្រចាំ​នៅ​អាមេរិក​ចុះទៅ​ធ្វើការ​ និង​បាន​រកឃើញ​នូវ​ផលិតផល​នោះ​ប្រាកដ​មែន​។ ទូត​យើង​ក៏បាន​ចេញ​លិខិត​ឱ្យ​អ្នកលក់​បញ្ឈប់​ជាបន្ទាន់​»​។

លោក​បន្តថា​៖ «​ខាង​ក្រុមហ៊ុន​ទទួលយក​សំណើ​របស់​យើង​ឈប់​ដាក់លក់ និង​បាន​ប្រមូល​មកវិញ​នូវ​ទំនិញ​ដែល​មាន​ស្លាក​សញ្ញា​កម្ពុជា​របស់​យើង​ដែល​គេ​ដាក់​រូប​អង្គរវត្ត ទង់ជាតិ​ខ្មែរ និង​អក្សរ​ខ្មែរ​។ កន្លងមក​យើង​បាន​សហការ​គ្នា​ធ្វើការងារ​នេះ​ច្រើនដង​មកហើយ ឥឡូវ​យើង​ក៏​កំពុង​តាមរក​អ្នក​ផលិត​ផងដែរ​»​។

«​គុយទាវ​ភ្នំពេញ​» ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផ្តល់​ឱ្យនូវ​ «​ម៉ាក​សមូហភាព​» ​កាលពី​ឆ្នាំ​ ២០១៩​។ «​គុយទាវ​ភ្នំពេញ​» គឺជា​យីហោ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន អាល់មិនគ្រុប (Almon Group)៕ LA

វីដេអូ៖