ភ្នំពេញៈ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​អះអាងថា ល្បឿន​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​នឹង​ផ្តល់​លទ្ធភាព​ខ្ពស់​សម្រាប់​កម្ពុជា​ក្នុងការ​បើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស ស្របពេល​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ដើមឆ្នាំ​ ២០២២​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA) បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាននិងកំពុង​ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស​ក្នុង​ល្បឿនលឿន ដែល​ធ្វើឱ្យ​កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ២ បន្ទាប់ពី​ប្រទេស​សិង្ហបុរី នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។

លោកស្រី​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​សម្រាប់​ខ្ញុំ ការសិក្សា​ពី​លទ្ធភាព​ទទួលភ្ញៀវ​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គ្រប់​ដូស យើង​គួរតែ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ស្រប​ពេលដែល​ក្រសួង​ទេសចរណ៍​ធ្លាប់បាន​ប្រកាស​ទទួល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ (ATF) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​មករា ឆ្នាំ​ ២០២២​។ ដូច្នេះ​ហេតុអ្វី​យើង​មិន​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យបាន​មុន​ព្រឹត្តិការណ៍​នេះ​? ការធ្វើ​បែបនេះ គឺ​ដើម្បី​ឱ្យ​មាន​សកម្មភាព​ផុលផុស និង​ឱ្យគេ​ដឹងឮ​​ពី​ព្រឹត្តិការណ៍​នេះ ក្នុងន័យ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្ពុជា​»​។

លោកស្រី​បាន​កត់សម្គាល់ថា ម្យ៉ាងទៀត​នីតិវិធី​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ការទទួល​ទេសចរ​ក៏មាន​ការប្រុងប្រយ័ត្ន​រួចទៅហើយ គឺ​ទទួល​តែ​ភ្ញៀវ​ដែល​ចាក់​វ៉ាក់សាំង​រួច ហើយ​ការទទួល​ភ្ញៀវទេសចរ​នោះ​គឺធ្វើឡើង​តាមរយៈ​ទីភ្នាក់ងារ​ទេសចរណ៍​តែប៉ុណ្ណោះ​ (​ទិញ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​) ដែល​នេះ គឺជា​ការគ្រប់គ្រង​បានល្អ ដើម្បី​ធានា​សុវត្ថិភាព​។

លោកស្រី​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ជា​វិស័យ​ឯកជន​ក៏មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​គ្រប់គ្រង​ភ្ញៀវទេសចរ​ឱ្យ​អស់ពី​លទ្ធភាព​រហូតដល់​ពួកគេ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​វិញ​។ យើង​​ជឿជាក់ថា ការបើក​ទទួល​ភ្ញៀវទេសចរ​ឡើងវិញ​នេះ​នឹង​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​បាន​ឆាប់ ហើយ​យើង​ក៏​មិនអាច​ពន្យារពេល​ទៀត​ដែរ​ ព្រោះ​អាជីវកម្ម​ទាំងអស់​បាន​ជាប់គាំង​ជិត ២ ​ឆ្នាំ​ហើយ​»​។

លោកស្រី​បន្តថា កម្ពុជា​គួរតែ​ប្រកាស​បើក​វិស័យ​ទេសចរណ៍​ឱ្យបាន​មុនគេ ដើម្បី​ភ្ញៀវ​ទេសចរ​នៅ​តំបន់​អឺរ៉ុប​ត្រៀមខ្លួន​ជាមុន​ក្នុង​ការរៀបចំ​ផែនការ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​។

លោកស្រី​យល់ថា​៖ «​នេះ​គឺជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការធ្វើឱ្យ​ខ្លួន​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ ដោយ​មិន​ពឹង​ផ្អែកលើ​ប្រទេសជិតខាង ពិសេស​ប្រទេស​ថៃ​ដែល​កម្ពុជា​កន្លងមក​គ្រាន់តែ​ជា​ទិសដៅ​ទេសចរណ៍​បន្ថែម​ប៉ុណ្ណោះ​»​។

លោក តុប សុភ័ក្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែកញ្ញា ថា​៖ «​ក្រសួងទេសចរណ៍​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​លើ​រឿងនេះ ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ គឺ​ក្នុងអំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ខាងមុខ​។ ទោះយ៉ាងណា​ពេលវេលា​ជាក់លាក់ ឬក៏​ការបើក​ទទួល​ទេសចរ​ជា​ទម្រង់​បែបណា គឺ​មិនទាន់​អាច​បញ្ជាក់បាន​លម្អិត​នោះទេ សូម​រង់ចាំ​បន្តិច​សិន​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ស៊ីវលីន លើកឡើងថា ប្រសិនបើ​បន្ត​ពន្យារពេល​ទៀត កម្ពុជា​នឹង​រៀបចំខ្លួន​មិនទាន់ ពីព្រោះ​ប្រតិបត្តិករ​ទេសចរណ៍ និង​អាជីវករ​ត្រូវការ​ពេលវេលា​ក្នុង​ការប្រមូល​បុគ្គលិក​ជំនាញ​មកវិញ​ បន្ទាប់ពី​បោះបង់​ដោយសារ​តែ​វិបត្តិ​កូវីដ​ ១៩​។

លោកស្រី​អះអាងថា​៖ «​បើ​យើង​រង់ចាំ ប្រទេស​ផ្សេងៗ​គេ​ក៏​រួចរាល់​ដែរ​។ យើង​នឹង​ជួប​ការលំបាក​ក្នុង​ការឈរ​ជា​ជួរ​ ដើម្បី​បំពង​សំឡេង ដែល​សំឡេង​យើង​តិច​មែនទែន ហើយ​ការចំណាយ​របស់​យើង​ក៏​មិនមាន​លទ្ធភាព​ដូច​ប្រទេស​ផ្សេងៗ​ដែល​គេ​មាន​ការរីកចម្រើន​រួចមកហើយ ដូចនេះ​បើ​យើង​មិន​ចាប់យក​ឱកាស​នេះ យើង​នឹង​គ្មាន​ឱកាស​ទៀតឡើយ​។ យើង​គួរតែ​ធ្វើឡើង​នៅក្នុង​ចន្លោះ​ពី​ខែតុលា​ទៅ​វិច្ឆិកា ព្រោះ​ជា​ពេលវេលា​ដ៏ល្អ​ដែល​យើង​តែងតែ​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ចាប់ពី​ខែតុលា ឡើងទៅ​»​។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១០២ ៥៦០ ​នាក់ ថយចុះ ៩១,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕ LA