តម្លៃ​ប្រេងឆៅ​នៅក្នុង​សប្តាហ៍​នេះ​បាន​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ៦៥ ទៅ ៧០ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ ស្រប​ពេលដែល​ព្យុះ Hurricane Ida បាន​ធ្វើឱ្យ​ដំណើរ​ការផលិត និង​ការចម្រាញ់​ប្រេង​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន តម្លៃ​ប្រេងឆៅ​អាច​នៅតែ​រក្សា​ទំនោរ​កើនឡើង​ក្នុង​រយៈពេល​ខ្លី​បន្ដទៀត​។

សារព័ត៌មាន CNBC បាន​រាយការណ៍​កាល​ថ្ងៃទី​ ៣០ ខែសីហា​ថា​៖ «​ព្យុះ Hurricane Ida បានធ្វើឱ្យ​ដំណើរការ​ផលិតកម្ម​ប្រេង​ និង​ការចម្រាញ់​ប្រេង​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ហើយ​ធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ និង​តម្លៃ​សាំង​លក់រាយ​កើនឡើង​រួចទៅហើយ​។

CNBC បាន​បន្ថែមទៀតថា ឥទ្ធិពល​នៃ​ព្យុះ​នេះ​អាចធ្វើឱ្យ​តម្លៃ​ប្រេង​សហរដ្ឋ​អាមេរិក​បន្ដ​ឡើងថ្លៃ​បន្តិចបន្តួច​ទៀត បន្ទាប់ពី​បាន​បក់បោក​ឆ្លងកាត់​រដ្ឋ Louisiana បណ្ដាល​ឱ្យ​ប្រតិបត្តិការ​ចម្រាញ់​ប្រេង និង​ផលិត​ប្រេង​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​ត្រូវបាន​ផ្អាក​។ ម្យ៉ាងទៀត តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​បន្តិចទៀត បន្ទាប់ពី​កើនឡើង ១០% កាលពី​សប្តាហ៍​មុន ខណៈពេល​ទីផ្សារ​កំពុង​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់​នៃ​ព្យុះ​នេះ​ទៅលើ​ការផ្គត់ផ្គង់​ប្រេង និង​សាំង​។

គេហទំព័រ Oilprice.com បាន​រាយការណ៍​ថា​៖ «​តម្លៃ​ប្រេងឆៅ​អាច​កើនឡើង​បន្ថែមទៀត​ប្រសិនបើ​អង្គការ OPEC+ បញ្ឈប់​ការបន្ថែម​ចំនួន​បារ៉ែល​នៅក្នុង​ការផ្គត់ផ្គង់ ដែលជា​រឿង​ដែល​អាច​កើតឡើង​មួយ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាប់​របស់ Cartel​។

ម្យ៉ាងទៀត ទោះបី​អង្គការ OPEC+ បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង​ចំនួន ៤០០ ០០០ បារ៉ែល ជា​រៀងរាល់ខែ​ចាប់ពី​ខែសីហា រហូត​ដល់​ទិន្នផល​រួម​ឈានដល់​កម្រិត​កិច្ចព្រមព្រៀង​ជាមុន​សម្រាប់​ចុងឆ្នាំ​ក្រោយ ក៏​ឥឡូវនេះ កង្វល់​នៃ​តម្រូវការ​កំពុង​លេចចេញ​ម្តងទៀត ហើយ​អង្គការ OPEC+ កំពុងផ្តល់​សញ្ញា​ថា ខ្លួន​តែងតែ​ត្រៀមខ្លួន​ដើម្បី​ផ្លាស់ប្តូរ​ដំណោះស្រាយ​»​។

ទោះយ៉ាងណា​ក្ដី វិនិយោគិន​គួរតែ​យកចិត្ត​ទុកដាក់​ចំពោះ​ការជួញដូរ​រយៈពេល​វែង​ផងដែរ ព្រោះ​ការជំរុញ​ការផលិត​ប្រេង​ហាក់ដូចជា​នៅ​កម្រិត​ដែល​អាច​កើតឡើង​ខ្ពស់ ហើយ​តម្លៃ​ប្រេង​របស់​អាមេរិក​អាច​នឹង​ធ្លាក់ចុះ​រហូតដល់ ៥០ ​ដុល្លារ ក្នុង​រយៈពេល​ ៣ ​ខែ​ខាងមុខ​។ នេះ​បើ​ផ្អែកលើ​ការវិភាគ ផ្នែក​បច្ចេកទេស​៕