ទីក្រុងប៊ុយណូស៊ែៈ ក្រុមហ៊ុន​បណ្តា​សង្គម​ដ៏ធំ​របស់​អាមេរិក Facebook និង​វិនិយោគ​ទឹកប្រាក់​ ១,៥ ​លាន​ដុល្លារ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាហ្សង់ទីន​ ដើម្បី​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ និង​លើកកម្ពស់​ការអភិវឌ្ឍ​អនឡាញ ដែលជា​លើកដំបូង​ក្នុង​អាមេរិក​ឡាទីន​។

កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ ១៥០ ​អង្គភាព​នឹង​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ ៣ ០០០ ​នាក់​ចូលរួម​បណ្តុះបណ្តាល ខណៈ​ដែល​ជួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​អភិវឌ្ឍ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផងដែរ​។

វា​ជា​ផ្នែក​មួយ​នៃ​ «​គម្រោង​សារព័ត៌មាន​ហ្វេសប៊ុក​» ដែល​ទាក់ទិន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​។

លោក Julieta Shamma ប្រធាន​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ក្នុង​អាមេរិក​ឡាទីន បាន​និយាយ​ថា ការវិនិយោគ​ក្នុងប្រទេស​អាហ្សង់ទីន​រយៈពេល​ ៣ ​ឆ្នាំ​មានបំណង «​គាំទ្រ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ១៥០ ​ពី​គ្រប់​ទំហំ​ និង​តំបន់​ក្នុងប្រទេស​នេះ​»​។

កិច្ចព្រមព្រៀង​នោះ​ជាប់ទាក់ទង​ការប្តេជ្ញាចិត្ត​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្សង់ទីន​ប្រហែល​ ៣០ រួមទាំង ក្រុមហ៊ុន Clarin, La Nacion, Pagina12 និង Infobae ដើម្បី​ទាក់ទាញ​តំណ​ភ្ជាប់ (links) កាន់តែច្រើន​ទៅកាន់​ទំរង់​កម្មវិធី​របស់​ហ្វេកប៊ុក​។

លោក Shamma បាន​និយាយថា​៖ «​យើង​កំពុង​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​សាកល្បង​ទំរង់​ប្លែកៗ​គ្នា​នៃ​ការជួយ​ប្រជាជន​ស្វែងរក​ព័ត៌មាន​នៅលើ​ហ្វេសប៊ុក​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកគេ​»​។

ក្រុមហ៊ុន​ហ្វេសប៊ុក​នឹង​ផ្តល់​វគ្ក​បណ្តុះបណ្តាល​ដោយ​ផ្តោតលើ​ប្រធានបទ​ផ្សេងៗ ដូចជា ការអភិវឌ្ឍ​ផលិតផល ការដកពិសោធន៍​លើ​ទំរង់​ផ្សេងៗ​គ្នា និង ការប្រើប្រាស់​ស្ថិតិ ព្រមទាំង​ប្រធានបទ​ផ្សេងៗ​ទៀត​។

លោក Shamma និយាយថា​៖ «​យើង​ជឿថា​បរិវត្តកម្ម​ឌីជីថល​នឹង​បង្កើត​ឱកាស​ថ្មី​សម្រាប់​អេកូស៊ីស្តែម​ព័ត៌មាន ដោយ​ផ្តល់​ឲ្យ​នូវ​លទ្ធភាព​ផ្សេងៗ ដើម្បី​ពង្រីក​អតិថិជន​តាមរយៈ​ទំរង់​បណ្តាញ​សង្គម​ និង​អន្តរទំនាកទំនង និង​រកប្រាក់​ពី​មាតិកា​»​។

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​វិនិយោគ​រួចរាល់​នូវ​ទឹកប្រាក់​ ៦០០ ​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​ ២០១៨ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ឌីជីថល​ក្នុង​ឧស្សាហកម្ម​ព័ត៌មាន ។ ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​ទឹកប្រាក់​ ១ ​ពាន់​លាន​ដុល្លារ​ទៀត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​៕ RR