ទីក្រុងញូវយ៉កៈ អ្នកឃ្លាំមើល​ទីផ្សារ​អាមេរិក​នៅ​ថ្ងៃ​ពុធ​បាន​ប្តឹង​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​រូបិយប័ណ្ណ​អេឡិចត្រូនិក​តាម​អនឡាញ និង​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​នោះ ជុំវិញ​ការចោទប្រកាន់​ពី​បទបន្លំ​បង្កើន​ប្រាក់​វិនិយោគ​ចំនួន​ ២ ​ពាន់​លាន​ដុល្លារ​។

សេចក្តី​ថ្លែងការណ៍​របស់​ SEC ​បាន​និយាយថា គណៈកម្មការ​មូលបត្រ (SEC) បាន​ចោទប្រកាន់​ក្រុមហ៊ុន BitConnect ស្ថាបនិក​ក្រុមហ៊ុន​លោក Satish Kumbhani អ្នក​ផ្សព្វផ្សាយ​ជាន់ខ្ពស់​នៅ​ទីផ្សារ​អាមេរិក Glenn Arcaro និង​ក្រុមហ៊ុន​របស់គាត់​ដោយ​ផ្តល់ជូន​នូវ​ការក្លែងបន្លំ​ និង​គ្មាន​ការចុះបញ្ជី និង​ការលក់​មូលបត្រ​ក្នុង​ទម្រង់​នៃ​ការវិនិយោគ​នៅក្នុង​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​។

ពាក្យបណ្តឹង​នេះ​និយាយថា ភាគី​ចុងចោទ​បាន​អះអាងថា ការជួញដូរ​សូហ្វវែរ​ដែល​មាន​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​នឹង​បង្កើត​ប្រាក់ចំណេញ​ខ្ពស់​ហួស​ពី​ការរំពឹងទុក​របស់​វិនិយោគិន​។

ប៉ុន្តែ​គណៈកម្មការ​មូលបត្រ​បាន​ចោទប្រកាន់ថា​តាមពិត​មូលនិធិ​របស់​វិនិយោគិន​ត្រូវបាន​គេ​បញ្ចូន​ចេញ​ហើយ​ផ្ទេរ​ទៅក្នុង​កាបូប​ប្រាក់​ឌីជីថល​ដែល​គ្រប់គ្រង​ដោយ​ចុងចោទ​។

ដើម្បី​ទាក់ទាញ​វិនិយោគិន SEC បាន​ចោទប្រកាន់ ក្រុមហ៊ុន BitConnect និង Kumbhani ដែលជា​ជនជាតិ​ឥណ្ឌា បាន​បង្កើត​បណ្តាញ​អ្នក​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​ទូទាត់​តាម​កម្រៃ​ជើងសារ​ដែលជា​ផ្នែក​មួយ​ដែល​ពួកគេ​លាក់បាំង​ពី​វិនិយោគិន​។

លោក Arcaro ដែលជា​អ្នក​ផ្សព្វផ្សាយ​ឈានមុខ​គេ​នៃ​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​បង្កើត​ក្រុមហ៊ុន « Future Money » ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​។

លោកស្រី Lara Shalov Mehraban នាយករង​ប្រចាំ​តំបន់​នៃ​ការិយាល័យ​របស់ SEC ប្រចាំ​ទីក្រុង​ញូវយ៉ក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​យើង​ចោទប្រកាន់ថា​ចុងចោទ​ទាំងនេះ​បាន​លួច​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​វិនិយោគិន​លក់រាយ​នៅ​ជុំវិញ​ពិភពលោក​ដោយ​ទាញយក​ផលប្រយោជន៍​ពី​ទ្រព្យសម្បត្តិ​ឌីជីថល​»​។

អ្នក​ដែល​ត្រូវ​ចោទ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​ច្បាប់​ប្រឆាំង​ការលួចបន្លំ​ និង​ច្បាប់​ស្តីពី​ការចុះបញ្ជី​សហព័ន្ធ​ហើយ​អាច​ប្រឈមមុខ​នឹង​ «​ការបន្ធូរបន្ថយ​ទោស​ដោយ​គ្មាន​ការរើសអើង បូក​ការប្រាក់​ និង​ពិន័យ​តាម​រដ្ឋប្បវេណី​»​។

SEC បានដាក់​ពាក្យបណ្តឹង​ពាក់ព័ន្ធ​រដ្ឋប្បវេណី​កាលពី​ខែឧសភា​ប្រឆាំងនឹង​អ្នក​ផ្សព្វផ្សាយ ក្រុមហ៊ុន​ BitConnect ប្រាំ​នាក់​ផ្សេងទៀត ហើយ​បាន​ដោះស្រាយ​ជាមួយ​ចុងចោទ​ពីរ​នាក់​។

យោងតាម​ក្រសួងយុត្តិធម៌​អាមេរិក លោក Arcaro នៅ​ថ្ងៃ​ពុធ​បាន​សារភាព​កំហុស​ចំពោះ​ការចោទប្រកាន់​ពី​បទព្រហ្មទណ្ឌ​ក្នុង​បណ្តឹង​ស្របគ្នា​៕ RR