ទីក្រុងប៉េកាំងៈ រដ្ឋាភិបាល​បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​​​ ចំពេល​​​ការ​បង្ក្រាប​​​ថ្នាក់​ជាតិ​​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យាថា និយ័តករទូរគមនាគមន៍​ចិន បាន​កោះហៅ​ក្រុមហ៊ុន Didi Chuxing ​ដែល​​ជា​​ក្រុមហ៊ុន​​យក្ស​លើ​កម្មវិធី​​​​​​​ជួល​រថយន្ត​ ​​​​​និង​​កម្មវិធី ​​​១០ ​ផ្សេង​ទៀត ​ផ្តោត​លើ​​រថយន្ត​​​​ដើម្បី​​​ទាមទារ​​ឱ្យ​ពួកគេបញ្ឈប់​​ «​​ការ​ពង្រីក​​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ » និង​ «ការ​ប្រកួតប្រជែង​ដ៏សាហាវ​ខ្លាំង​ពេក​​» ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ ​ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការត្រួត​ពិនិត្យ​​ទៅលើ​ក្រុមហ៊ុន​​បច្ចេក​វិទ្យា​ធំ​ៗ របស់​ខ្លួន​នៅ​ក្នុង​វិស័យ​នានា​ចាប់​ពី​ពាណិជ្ជកម្ម​តាម​អេឡិច​ត្រូនិក​រហូត​ដល់​ការកម្សាន្ត​ ដោយ​​​ការ​ចាប់ផ្តើម​លើ​​ការស៊ើប​អង្កេត​ប្រឆាំង​នឹង​ការ​មិន​ទុកចិត្ត​និង​ដាក់ចេញ​នូវ​បទ​បញ្ជា​តឹងរ៉ឹង។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ដឹក​ជញ្ជូន​ បាន​ឱ្យដឹងថា ​ក្រុមហ៊ុន​រួម​ទាំង​​​កម្មវិធី​ (App) Meituan សម្រាប់​សេវាកម្ម​កុម្មង់​ជិះ​រថយន្តដ៏ធំ​ ត្រូវ​បាន​​ប្រាប់​ដោយ​និយតករថា​ឧស្សាហកម្ម​​នេះ​ទទួលរង​នូវ​​ឥរិយាបថ​​មិ​ន​ល្អ​រួម​ទាំង​ការ​ជ្រើសរើស​អ្នក​បើកបរ​ដែល​មិន​មាន​សមត្ថភាព​ និង «ផ្លាស់​​ប្តូរហា​និភ័យ​​នៃ​ប្រតិបត្តិការ​​លើ​​អ្នក​​បើកបរ»។

ក្រុមហ៊ុន​ទាំងនោះ​ត្រូ​វបាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​បញ្ហា​ផ្ទៃក្នុង​ និង​កែ​តម្រូវ​អាកប្ប​កិរិយា​​​ដ៏អន់​ជា​បន្ទាន់​ ដោយ​និយតករ​បានសង្កត់​ធ្ងន់ថា​​កម្មវិធី​ជិះ​រថយន្ត​ត្រូវតែ​កាត់​បន្ថយ​ផង​ដែរនូវ​ការ​កាត់​ ​ដែល​ពួក​គេ​ទទួល​បាន​ពីប្រតិបត្តិការ​និង​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដំណើរ។

សេចក្តី​​ប្រកាស​​នេះ ​បាន​ធ្វើឱ្យ​អ្នក​វិនិយោគ​ទុន​បច្ចេកវិទ្យា​ភ័យ​ខ្លាច​នៅថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ភាគហ៊ុន​ដែល​ចុះ​បញ្ជី​នៅទី​ក្រុងហុង​កុង​របស់​ក្រុមហ៊ុន​ Meituan បាន​ខាតបង់​ប្រាក់​ចំណេញ​មុន​​ខ្លះ​និង​កើន​ឡើង​ត្រឹម​តែ ០,៦៣ ​ភាគរយ​ពី​ថ្ងៃ​មុនមួយ​ថ្ងៃ​នៅ​វេលា​ថ្ងៃត្រង់។

និយតករ​បាន​បើកការ​ស៊ើប​អង្កេត​សន្តិសុខ​​បច្ចេកវិទ្យា​​​ទៅ​​លើ​ក្រុមហ៊ុន​ Didi នៅ​ថ្ងៃ​​បន្ទាប់​ពីខ្លួន​បាន​​ប្រមូល​បាន​​ប្រាក់​ជាង​ ៤,៤​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​​ការបោះផ្សាយ​មូលបត្រ​ដំបូង ​(​​IPO) នៅក្រុង​ញូវ​យ៉ក​ ហើយ​ត្រូវបាន​គេរាយការណ៍​ថា​កំពុង​ពិចារណា​លើ​ការ​ហាមឃាត់​ IPO នៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន។

សេវាកម្ម​ផ្អែក​លើ​កម្មវិធី (app) ​របស់​ចិន​​បាន​ពង្រីក​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ទំនើប​ទាន់​សម័យ​​​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​មាន​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​រួមមាន ​​​កម្មវិធី​កង់រួម​ និងការចែកចាយ​អាហារ​ដែល​ចូល​រួម​ក្នុង​សង្គ្រាម​បញ្ចុះ​តម្លៃ​ក្តៅ​​គគុក​ប្រឆាំង​នឹង​គូប្រជែង​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ។

ក្រសួង​ដឹក​ជញ្ជូន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ជំរុញ​​ឲ្យ​កម្មវិធី​ជិះ​រថយន្ត​ ​​រក្សា​​ប​រិយាកាស​​ទីផ្សារ​ប្រកួត​ប្រជែង​​ដោយ​យុត្តិធម៌ និង​លើកកម្ពស់​​ «ការអភិវឌ្ឍប្រកបដោយ​សុខភាព​និង​និរន្តរភាព​ នៃឧស្សាហក​ម្ម​នេះ៕​​ AFP/RR