ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Single Portal) ​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​ ១ ខែកញ្ញា តទៅ ដោយបាន​បញ្ចូល​ក្រសួង-ស្ថាប័ន​ ៤ ​បន្ថែមទៀត ដើម្បី​ពង្រីក​វិសាលភាព​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​វិស័យ​អាទិភាព​សម្រាប់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ក្នុងអំឡុង​វិបត្តិ​កូវីដ​ ១៩​។

ក្នុង​កម្មវិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី២ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​នា​ថ្ងៃពុធ​ម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ក្រសួង-ស្ថាប័ន​ទាំង ៤ រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

លោក​បន្ថែមថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Single Portal ធ្វើឡើង​ក្នុង​គោលបំណង​កែប្រែ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ក្នុងទិសដៅ​លើកកម្ពស់​ភាពប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​ចូលរួមចំណែក​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​កូវីដ​ ១៩ តាមរយៈ​ការធ្វើ​ឌីជីថលូបនីយកម្ម​សេវាសាធារណៈ​។

លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ដំណើរការ Single Portal ដំណាក់កាល​ទី​ ២ នេះ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការកែទម្រង់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ដែល​បានសម្រេច​នូវ​លទ្ធផល​ល្អ​ដូច​ការគ្រោងទុក​»​។

ក្នុងដំណាក់កាល​ទី​១ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Single Portal កាលពី​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២០ ដែលមាន​ក្រសួង-ស្ថាប័ន​ចំនួន ៦ រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។

លោក​ លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់ថា ដំណើរការ​ប្រព័ន្ធ Single Portal ក្នុងដំណាក់កាល​ទី​១ ទទួលបាន​លទ្ធផល ល្អប្រសើរ​ដែល​វិស័យ​ឯកជន​ចង់បាន ហើយ​លោក​ជឿថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​នេះ​ដំណាក់កាល​ទី២ និង​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។ លោក​បន្តថា បើតាម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច រដ្ឋាភិបាល​នឹងដាក់​បញ្ចូល​ក្រសួង​-​ស្ថាប័ន​ផ្សេងទៀត​ចូលទៅក្នុង​ប្រព័ន្ធ​នេះ​នាពេល​អនាគត​។

លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិស័យ​ឯកជន ដែល​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា ព្រមទាំង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ជាច្រើន​លើ​ការបំពេញ​បែបបទ​ឯកសារ​នានា​ក្នុងការ​សម្របសម្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ នេះ​ជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន​បំផុត​»​។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ប្រព័ន្ធ Single Portal បាន​និយាយថា នៅក្នុង​ដំណាក់កាល​ទី​ ២ ​នេះ ក្រុមការងារ​បានដាក់​បញ្ចូល​ប្រភេទ​អាជ្ញាប័ណ្ណ និង​លិខិតអនុញ្ញាត​នៃ​ក្រសួង-ស្ថាប័ន​ទាំង ៤ ​នេះ​ដែល​រួមមាន អាជ្ញាប័ណ្ណ​ការីទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍ អាជ្ញាប័ណ្ណ​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ទេសចរណ៍ និង​អាជ្ញាប័ណ្ណ​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​។

លោក​ប្រាប់ថា​៖ «​ដូចគ្នា​នឹង​ដំណាក់កាល​ទី​១ ការស្នើសុំ​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​គឺ​ក្នុងដំណាក់កាល​ទី​២ ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​ទាំងស្រុង​តាម​គេហទំព័រ www.registrationsevices.gov.kh»​។

លោក​ឱ្យដឹងទៀតថា រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​កសាង​វិស័យ​ឌីជីថល​ឱ្យ​រស់រវើក​តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម​សម្រាប់​ប្រជាពលរដ្ឋ និង​ធុរជន​ក្នុង​ការជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ដោយ​ផ្អែកលើ​ប្រក្រតីភាព​តាម​គន្លង​ថ្មី​។ នៅ​ក្នុងន័យនេះ ប្រព័ន្ធ Single Portal ដំណាក់កាល​ទី​២ ​នេះ​បាន​ឆ្លើយតប​យ៉ាង​លឿន​ក្នុង​ការចូលរួម​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ ដើម្បី​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មាន​ចំនួន ៧ ៧១៥ និង​មាន​ដើមទុន​សរុប​ជិត ៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន​៕ LA