ភ្នំពេញៈ កំពង់ផែ​សេះស ក្នុង​ខេត្ត​កែប ដែលមាន​តម្លៃ​ជិត ២ ​លាន​ដុល្លារ ​ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ធ្វើការ​សាងសង់​នា​ពាក់កណ្តាល​ខែកញ្ញា​នេះ ក្នុង​គោលបំណង​ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន និង​វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​កាលពី​ថ្ងៃទី​ ១ កញ្ញា ឱ្យដឹងថា រដ្ឋបាលខេត្ត​កែប​នឹងដាក់​ឱ្យ​ដំណើរការ​ការអនុវត្ត​គម្រោង​វិនិយោគ​សាងសង់​ចំណត​ជលយាន​ (​កំពង់ផែ​សេះស​) ​ចាប់ពី​ថ្ងៃទី​ ១៥ ខែ កញ្ញា ឆ្នាំ​ ២០២១ តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ការអនុវត្ត​គម្រោង​វិនិយោគ​នេះ​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បង្កើត​ឱកាស​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កែប​។

លោក វ៉ោ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ទីតាំង​សាងសង់​កំពង់ផែ​សេះស ស្ថិត​ក្នុង​សង្កាត់​អូរក្រសារ ក្រុងកែប ខេត្ត​កែប នៅលើ​ផ្ទៃដី ៨ ​ហិកតា​។

លោក​បន្តថា គម្រោង​នេះ​ស្ថិតក្នុង​គម្រោង​សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ (BOT) រយៈពេល​ ១៥ ​ឆ្នាំ​វិនិយោគ​ដោយ​វិស័យ​ឯកជន​។ លោក​ប្រាប់ថា​៖ «​កំពង់ផែ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​កសិផល​រវាង​ខេត្ត​កែប និង​កំពត ពិសេស​ដឹក​វត្ថុធាតុ​ដើម​បម្រើឱ្យ​រោងចក្រ​នានា​នៅក្នុង​ខេត្តកំពត​»​។

បើតាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី​ ១៥ ខែ ​កុម្ភៈ ឆ្នាំ​ ២០២១ គម្រោង​នេះ​ត្រូវ​ចំណាយ​ទុនវិនិយោគ​ចំនួន ១ ៩៥០ ៥៦០ ​ដុល្លារ ហើយ​អនុញ្ញាត​ឱ្យ​រំលស់​ទុន​មកវិញ​តាមរយៈ​ការធ្វើ​អាជីវកម្ម​ភាស៊ី​ចំណត​ជលយាន​ (​កំពង់ផែ​សេះស​) ក្នុង​រយៈពេល ១៥ ​ឆ្នាំ​ចប់ និង​បន្ត ១៥ ​ឆ្នាំ​ទៀត​គិត​ចាប់ពី​ចំណត​ជលយាន​បាន​សាងសង់​រួច និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០២៣​។

ក្រសួង​នេះ​បានឱ្យដឹង​ទៀតថា ត្រូវ​បង់​ចំណូល​ថវិកា​ឱ្យ​ខេត្ត​ក្នុង ១ ​ឆ្នាំ​ចំនួន ១១ ​លាន​រៀល និង​ត្រូវ​បង្កើន​ ៥ ​ភាគរយ​រៀងរាល់ ៥ ​ឆ្នាំ​ម្តង ព្រមទាំង​បង់ពន្ធ​តាម​ការកំណត់​នៃ​ច្បាប់​ជា​ធរមាន​។ នៅពេល​ចប់​អាណតិ្ត​កិច្ចសន្យា អ្នកវិនិយោគ​ត្រូវប្រគល់​ទីតាំង​ចំណត​ជលយាន និង​សំណង់​ទាំងអស់​ជូន​រដ្ឋ​គ្រប់គ្រង​ទុកជា​សម្បត្តិ​រដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្តា បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ហើយ​បាន​ចាត់ទុកថា ជាការ​ខិតខំ​របស់​អាជ្ញាធរ​ក្នុង​ការអភិវឌ្ឍ​ខេត្ត​កែប ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។ លោក​បាន​លើកឡើងថា កំពង​ផែ​សេះស​នឹង​រួមចំណែក​កាន់តែ​ខ្លាំង​លើ​សកម្មភាព​ទេសចរណ៍​របស់​ខេត្ត​កែប ដែលជា​ខេត្ត​សក្តានុពល​ឆ្នេរសមុទ្រ​របស់​កម្ពុជា ដោយមាន​កោះ​ចំនួន ១២ និង​ថ្ម​ប៉ប្រះ​ទឹក ១ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​។

លោក​បន្ថែមថា​៖ «​ចំណត​នេះ​មិនមែន​សម្រាប់តែ​ជា​កំពង់ផែ​ទំនិញ​នោះទេ ប៉ុន្តែ​វា​ក៏​សម្រាប់​ជា​កំពង់ផែ​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ ដើម្បី​សម្រួល​ដល់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​កសិផល​ចេញចូល​ខេត្ត​កែប ហើយ​ក៏​សម្រួល​ដល់​ការចូល​ចត​របស់​សហគមន៍​នេសាទ​ផងដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ធ្លាប់បាន​លើកឡើងថា កំពង់ផែ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តំបន់ និង​អន្តរជាតិ​។

កម្ពុជា​មាន​កំពង់ផែ​សរុប ១០៥ កន្លែង​ក្នុង​នោះ​កំពង់ផែ​ទន្លេ ៧៨ និង​កំពង់ផែ​សមុទ្រ ២៧ កន្លែង​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល​៕ LA