ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​ក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ កើន​ជាង ១០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន បើទោះបី​ប្រទេស​ទាំង​ ២ ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី​ក៏ដោយ​។

យោងតាម​ទិន្នន័យ​ស្ថានទូត​ប្រទេស​វៀតណាម​ប្រចាំ​កម្ពុជា ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១ ខែកញ្ញា បានឱ្យដឹងថា វៀតណាម និង​កម្ពុជា គឺជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​មូលដ្ឋាន​សមភាព ប្រសិទ្ធភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ ២​។

ស្ថានទូត​វៀតណាម​បាន​បន្តទៀតថា ក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​សម្រេចបាន ៦ ០៣៤ ​លាន​ដុល្លារ​កើន ១០៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ទំនិញ​វៀតណាម​នាំមក​កម្ពុជា​មាន​តម្លៃ ២ ៧៧៣ ​លាន​ដុល្លារ កើនឡើង ១៨,៣ ​ភាគរយ ខណៈ​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម​វិញ​មានតម្លៃ ៣ ២៦១ ​លាន​ដុល្លារ កើនឡើង ៤៥២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ស្ថានទូត​វៀតណាម​លើកឡើង​ថា​៖ «​សកម្មភាព​វិនិយោគ​របស់​សហគ្រាស​វៀតណាម​នៅ​កម្ពុជា​មិន​ត្រឹមតែ​ជោគជ័យ​ក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​រួមចំណែក​ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​កោតសរសើរ​យ៉ាងខ្លាំង​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ប្រាប់ថា នេះ​ជា​សញ្ញា​ល្អ​ដែល​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជិតខាង​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​។ លោក​បន្តថា ប្រទេស​វៀតណាម ភាគច្រើន​ទទួល​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា​ មាន​ដូចជា​ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និង​ស្វាយចន្ទី ជាដើម​។ រីឯ​វៀតណាម​នាំមក​កម្ពុជា​មាន ដែកថែប ប្រេង បន្លែ ផ្លែឈើ និង​ជី​កសិកម្ម​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ផលិតផល​កសិកម្ម​កម្ពុជា បើ​អត់មាន​ទីផ្សារ​របស់​ប្រទេស​ជិតខាង យើង​នឹង​កកកុញ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​»​។

បើតាម​ស្ថានទូត​វៀតណាម គិត​មកដល់​ពេល​នេះ វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន ១៨៨ នៅ​កម្ពុជា​ដោយ​មាន​ទុនវិនិយោគ​ប្រមាណ ២,៨៥ ​ពាន់​លាន​ដុល្លារ ឈរ​នៅ​លេខ ២ ក្នុងចំណោម​ប្រទេស​/​តំបន់​ចំនួន ៧៨ ដែល​វៀតណាម​បាន​វិនិយោគ​នៅ​បរទេស​។

ដោយឡែក​សម្រាប់​កម្ពុជា​វិញ​មាន​គម្រោង​វិនិយោគ​ចំនួន ២៨ នៅក្នុង​ប្រទេស​វៀតណាម ដោយមាន​ទុនវិនិយោគ​ចុះបញ្ជី​សរុប ៧០,៦២ ​លាន​ដុល្លារ ជាប់​ចំណាត់ថ្នាក់​ទី​ ៥២ នៅក្នុង​ចំណោម​ប្រទេស និង​ដែនដី​ ១៤០ ​ដែលមាន​គម្រោង​វិនិយោគ​នៅ​វៀតណាម​៕ LA