ភ្នំពេញៈ កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​ការបង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន ខណៈ​កម្ពុជា​បាននិង​កំពុង​ចូលរួម​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ជាច្រើន​ឆ្នាំ​មកហើយ​។ នេះ​បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

នៅក្នុង​សុន្ទរកថា​នៃ​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃ​យាន ឆ្នាំ​ ២០២១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន នា​ថ្ងៃទី​ ៣ ខែសីហា ក្រោម​ប្រធានបទ​ «​ថាមពល អាកាសធាតុ បរិស្ថាន​» លោក ហ៊ុន សែន បាន​លើកឡើងថា ក្នុង​បរិការណ៍​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ការរៀបចំ​វេទិកា​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការក្រើនរំឭក​ឱ្យ​គ្រប់គ្នា​មិនត្រូវ​បំភ្លេចចោល​នូវ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​។

លោក​បន្ថែមថា បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ជាពិសេស​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង និង​ក្តៅគគុក​សម្រាប់​មនុស្សជាតិ ដែល​វា​បាននិង​កំពុង​បន្ត​ការគំរាមកំហែង​ដល់​សុខភាព​មនុស្សជាតិ សន្តិសុខ​ស្បៀង ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី​។ ការណ៍​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពចាំបាច់​នៃ​ការធ្វើ​បដិវត្ត​ថាមពល​ឱ្យបាន​លឿន និង​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌ ដើម្បី​ផ្លាស់ប្តូរ​ពី​ការផលិត និង​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន​ច្រើន​ទៅក្នុង​បរិយាកាស​។

លោក​ថ្លែងថា​៖ «​ទោះបី​កម្ពុជា​ជា​ប្រទេស​មាន​កម្រិត​នៃ​ការអភិវឌ្ឍ​ទាប ក៏​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ជា​របៀបវារៈ​គោលនយោបាយ​ដ៏សំខាន់ និង​សម្រាប់​រយៈពេល​វែង ក្រោម​អភិក្រម [​ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា​ទៅតាម​ការទទួល​ខុសត្រូវ និង​សមត្ថភាព​រៀងៗ​ខ្លួន​]»​។

លោក​បន្ថែមថា ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏បាន​កត់សម្គាល់​ដោយ​យកចិត្ត​ទុកដាក់​ផងដែរ​នូវ​គំនិត​ផ្តួចផ្តើម​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន​នៅក្នុង​ប្រទេស​ចិន​។ លោក​អះអាងថា​៖ «​កម្ពុជា​ក៏បាន​ចាត់ទុក​ឥណទាន​កាបូន​ជា​ប្រភពធនធាន​ហិរញ្ញប្បទាន ប្រកប​ដោយ​ចីរភាព​ដ៏សំខាន់​មួយ​សម្រាប់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​បើកចំហ​ទទួល​ការចូលរួម​នៅក្នុង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស និង​វិស័យ​ឯកជន​នានា ដែលមាន​ចំណាប់អារម្មណ៍​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន​កម្ពុជា​បាននិង​កំពុង​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង ប្រកប​ដោយ​អព្យាក្រឹតភាព​កាបូន ដោយ​រំពឹងថា​នឹង​ចប់សព្វគ្រប់​នៅ​ចុង​ឆ្នាំ​ ២០២១ នេះ​។

ចាប់​តាំងពី​ឆ្នាំ​ ២០១៦ ទល់​ខែមិថុនា ឆ្នាំ​ ២០២១ កម្ពុជា​បានទទួល​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ ពី​ការលក់​ឥណទាន​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney Kering Intuit និង Shell និង​ក្រុមហ៊ុន Gucci​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្តស្ទឹងត្រែង​បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន «Mitsui» ផងដែរ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅក្នុង​វេទិកា​បណ្តាញ​បច្ចេកវិទ្យា​នៃ​ការប្រើប្រាស់ និង​ការស្តុកទុក​កាបូន​នៅ​អាស៊ី​លើក​ទី​ ១ (1st Asia CCUS Network Forum) កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ការចាប់យក​ប្រើប្រាស់ និង​ស្តុក​ទុក​កាបូន​នឹង​ជួយ​ធ្វើឱ្យ​ពិភពលោក​មាន​បរិស្ថាន​មួយ​ដែល​ល្អ​ជាង​មុន ហេតុនេះ​គ្រប់​ប្រទេស​លើ​ពិភពលោក ត្រូវការ​ចាំបាច់​នូវ​ការផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ថាមពល​ផ្អែកលើ​ឥន្ធនៈ​ហ្វូស៊ីល​មកជា​ប្រព័ន្ធ​ថាមពល​ស្អាត​ជាង​មុន​៕ LA