ភ្នំពេញៈ ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​នៃ​ប្រក្រតីភាព​ថ្មី​សម្រាប់​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន​ ៤ ត្រូវបាន​ក្រសួង​ទេសចរណ៍​ប្រកាស​ដាក់ឱ្យអនុវត្ត​ ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​បាន​ផង និង​អាច​សម្រប​ខ្លួន​ក្នុង​ប្រក្រតីភាព​ថ្មី​នៃ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ផង ខណៈ​ប្រទេស​កម្ពុជា​កំពុងមាន​ផែនការ​បើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​ឱ្យ​ចូលមក​កម្សាន្ត​ចាប់ពី​ចុងឆ្នាំ​ ២០២១ តទៅ​។

ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ធំ​ទាំង ៤ រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, អាជីវកម្ម​ភោជនីយដ្ឋាន-អាហារដ្ឋាន​ទេសចរណ៍​, រមណីយដ្ឋាន​ទេសចរណ៍​, និង​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត និង​ការដាក់ឱ្យ​អនុវត្ត​ស្ដង់ដា SOP តាម​គន្លង​ប្រក្រតីភាព​ថ្មី​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ Zoom កាលពី​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០២១ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ការធ្វើ​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ​នាពេលនេះ គឺ​ស្របតាម​វិធានការ​ចាំបាច់​របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។ ម្យ៉ាងទៀត​ការធ្វើ​បច្ចុប្បន្នភាព​លក្ខខណ្ឌ​នៃ​ការអនុវត្ត​មួយចំនួន​នាពេលនេះ ក៏​ដើម្បី​ឆ្លើយតប​នឹង​គន្លង​ប្រក្រតីភាព​ថ្មី​តាម​ស្ថានភាព​បច្ចុប្បន្ន​ផងដែរ​។

លោក​បន្តថា វិធាន​សុវត្ថិភាព​នេះ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​កាតព្វកិច្ច និង​ជា​លក្ខខណ្ឌ​បន្ថែម​ក្នុង​ការស្នើសុំ​ថ្មី ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ណា​អាចបំពេញ​បាន​តាម​លក្ខណ​វិនិច្ឆ័យ​ដូច​បានកំណត់​ក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍ នឹង​ទទួលបាន​លិខិតបញ្ជាក់​ទទួលស្គាល់​អាជីវកម្ម​ដែលមាន​សុវត្ថិភាព​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩»​។

នីតិវិធី SOP សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ទាំង​ ៤ មានដូចជា ការគ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ​, ការរៀបចំ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​ទេសចរណ៍​, ការធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ភ្ញៀវទេសចរ​, ការធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​បុគ្គលិក​បម្រើការ​, ការជំរុញ​ផ្សព្វផ្សាយ​វិធានការ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជាដើម​។

បើតាម​លោក ថោង ខុន នៅពេល​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ទាំង ៤ អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​បាន​ត្រឹមត្រូវ ពួកគេ​នឹង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​ភ្ញៀវទេសចរ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវតែ​ចូលរួម​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូវីដ​ ១៩ ឱ្យទៅជា​ឱកាស​សម្រាប់​ការលើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ ដើម្បី​ជំរុញ​ការទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​»​។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​រួមមាន​ការជួយ​ទ្រទ្រង់​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធាន​ធានា​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​បង្ហាញ​ពី​ភាពធន់​នឹង​វិបត្តិ​ (Resilient) ​និង​ការបង្កើត​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការធា្លក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ផែនការ​ក្រសួងទេសចរណ៍ ដែល​ចង់​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​រ៉ាក់សាំង​រួចរាល់​ចាប់ពី​ចុងឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក​បន្តថា ទន្ទឹមនេះ​វិស័យ​ឯកជន​ក៏ត្រូវ​បង្ហាញ​ការតាំង​ចិត្ត​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ប្រកប​ដោយ​គុណភាព​ទាំង​សេវាកម្ម និង​ការអនុវត្ត​តាម​វិធាន​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​នឹង​មាន​សារៈសំខាន់​ក្នុង​ការផ្តល់នូវ​ទំនុកចិត្ត​របស់​ភ្ញៀវទេសចរ ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្មែរ​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ឡើង​កំពុង​សម្រេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​»​។

បើតាម​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក នៅពេលនេះ​ក្រសួងទេសចរណ៍​កំពុង​ប្រឹងប្រែង​ជំរុញ​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង ចូលមក​កម្សាន្ត​នៅ​កម្ពុជា​ឡើងវិញ ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ខាងមុខ​។

លោក​អះអាងថា​៖ «​ទោះយ៉ាងណា​ពេលវេលា​ជាក់លាក់ ឬក៏​ការបើកទទួល​ភ្ញៀវទេសចរ​នៅក្នុង​ទម្រង់​បែបណាៗ មិនទាន់​អាច​បញ្ជាក់​លម្អិត​ទេ សូម​រង់ចាំ​បន្តិច​សិន​»​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ជនបរទេស​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​មាន​ចំនួន ១០២ ៥៦០ ​នាក់ ធ្លាក់ចុះ ៩១,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA