ភ្នំពេញៈ កម្ពុជា​ប្តេជ្ញា​ចាត់វិធានការ​ចាំបាច់​បន្ទាន់​មួយចំនួនទៀត​ ដើម្បី​នាំយក​ប្រេងឆៅ​ប្រមាណ ៣០ ​ម៉ឺន​បារ៉ែល​ដែល​ផ្ទុក​នៅលើ​នាវា MT Strovolos មកវិញ ខណៈ​នាវា​នេះ បាន​លួច​ចាកចេញ​ដោយ​ខុសច្បាប់​ពី​កម្ពុជា និង​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី​ឃាត់ទុក​នាពេល​កន្លងមក​។

សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល នា​ថ្ងៃទី​ ៣ ខែកញ្ញា នេះ បានឱ្យដឹងថា ក្នុងអំឡុងពេល​ជួល​នាវា​ឱ្យទៅ​ក្រុមហ៊ុន គ្រីស អេនើជី (KrisEnergy) នាវា MT Strovolos ត្រូវបាន​បញ្ជា​ដោយ​ក្រុមហ៊ុន World Tankers Management Pte Ltd នៅ​ថ្ងៃទី​ ១៨ ខែ មិថុនា ឆ្នាំ​ ២០២១ ឱ្យបាន​ចាកចេញ​ពី​កម្ពុជា​នៅ​ម៉ោង ៨:០០ ​ល្ងាច ទៅកាន់​ដែនទឹក​ប្រទេស​ថៃឡង់ដ៍ ដោយ​យក​ប្រេងឆៅ​របស់​កម្ពុជា​ទៅជា​មួយ​ផងដែរ​។

លិខិត​បាន​បន្តថា ការចាកចេញ​របស់​នាវា MT Strovolos ធ្វើឡើង​ដោយ​មិនបាន​ឆ្លងកាត់​នីតិវិធី​ប្រតិវេទន៍​គយ និង​ដោយ​គ្មាន​ការអនុញ្ញាត​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ឡើយ ដែល​ផ្ទុយ​នឹង​ច្បាប់​កម្ពុជា​។ ប្រព័ន្ធ​កំណត់​ទីតាំង​ស្វ័យប្រវត្តិ (Automatic Identification System) របស់​នាវា​នេះ​ត្រូវ​បិទ​ជា​បន្តបន្ទាប់​ក្នុងពេល​ដែល​នាវា​នេះ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ដែនទឹក​ឥណ្ឌូនេស៊ី​។

ក្រសួង​បានដឹងថា បច្ចុប្បន្ន​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​នាវា និង​អ្នក​ជួល​នាវា​នៃ​ក្រុមហ៊ុន KrisEnergy កំពុង​តែមាន​វិវាទ​ពាក់ព័ន្ធ​នឹង​ការបង់ថ្លៃ​ឈ្នួល​នាវា​។ ប្រសិន​ព័ត៌មាន​នេះ​ជា​ការពិត វិវាទ​នេះ គឺជា​វិវាទ​របស់​ភាគី​ទាំងពីរ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រេងឆៅ​របស់​កម្ពុជា​ឡើយ​។

នាវា MT Strovolos ត្រូវបាន​ឃាត់ទុក​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដោយ​សង្ស័យថា​បាន​បំពាន​ច្បាប់​ឥណ្ឌូនេស៊ី​។ ចំណែកឯ​នៅ​ប្រទេស​កម្ពុជា​វិញ​បណ្តឹង​មួយចំនួន​ត្រូវបាន​ធ្វើ​ឡើង​ប្រឆាំងនឹង​ម្ចាស់​នាវា អ្នកគ្រប់គ្រង ប្រធាន​ក្រុម និង​បក្ខពួក​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយចំនួន​ក្រោម​ច្បាប់​កម្ពុជា ហើយ​បណ្ដឹង​ទាំងនេះ​កំពុងតែ​ត្រូវបាន​តុលាការ​មាន​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ក្រសួង​បាន​អះអាងថា​៖ «​ក្នុងនាម​ជា​ម្ចាស់​ប្រេងឆៅ រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​បន្ត​ចាត់វិធានការ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់ ដើម្បី​យក​ប្រេងឆៅ​មកវិញ និង​ដើម្បី​ធានាថា​ច្បាប់​ត្រូវបាន​អនុវត្ត​ដោយ​ត្រឹមត្រូវ និង​ពេញលេញ​»​។

ទោះយ៉ាងណា​ក្រសួង​បញ្ជាក់ថា ដោយសារ​បញ្ហា​នេះ​កំពុង​តែ​ស្ថិតនៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត ក្រសួង​សូម​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ផ្សេង​បន្ថែមទៀត​ទេ​។

បច្ចុប្បន្ន​នាវិក​ទាំងអស់​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​ប្រព្រឹត្ត​នៅក្នុង ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌូនេស៊ី​។ បញ្ហា​នេះ គឺជា​នីតិវិធី​ផ្លូវច្បាប់​សុទ្ធសាធ ហើយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ឬពាណិជ្ជកម្ម​ឡើយ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដើម្បី​នាំខ្លួន​ជនល្មើស និង​បក្ខពួក​របស់គេ​មក​ផ្តន្ទាទោស និង​ដើម្បី​យក​ប្រេងឆៅ​កម្ពុជា​មកវិញ ស្រប​តាម​ច្បាប់​ជាតិ​របស់​ប្រទេស​ទាំងពីរ និង​ច្បាប់​អន្តរជាតិ​ផងដែរ​។

នាវា MT Strovolos ត្រូវបាន​ឃាត់ទុក​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នាពេលកន្លងមក។ រូបថត Indonesian Navy

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា​លោក ជៀប សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា ប្រេង​ប្រមាណ ៣០០ ០០០ បារ៉ែល​ដែល​ត្រូវបាន​ក្រុមហ៊ុន KrisEnergy ជួល​ក្រុមហ៊ុន​កប៉ាល់ MT Strovolos ស្តុក​ប្រេង​ដែល​បូម​បាន​នោះ​បាន​លួច​ដឹក​ប្រេង​ចេញ​ដោយ​គ្មាន​ការអនុញ្ញាត​។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​យើង​បានដាក់​បណ្តឹង​ទៅកាន់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​រួចរាល់​អស់ហើយ និង​ស្នើឱ្យ​គេ​ចាត់វិធានការ​បញ្ជូន​ប្រេង កប៉ាល់ រួមទាំង​នាវិក​នៅលើ​កប៉ាល់​នោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ​។ ពេលនេះ​យើង​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​»​។

បើ​យោងតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ដោយសារ​ព័ត៌មាន AFP កងទ័ពជើងទឹក​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចាប់​នាវា​ដឹក​ប្រេង MT Strovolos ដែលមាន​ប្រវែង ១៨៣ ម៉ែត្រ​មាន​ដោត​ទង់ជាតិ​ប្រទេស Bahamian កាលពី​ថ្ងៃទី​ ២៧ ខែកក្កដា ក្បែរ​ឆ្នេរសមុទ្រ​កោះ​ស៊ូម៉ាត្រា​រយៈពេល​ជាច្រើន​ថ្ងៃ​ បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​បានចេញ​និវេទន៍​ក្រហម​ទៅ​នគរបាល​អន្តរជាតិ​ឱ្យ​រឹបអូស​នាវា​នេះ ដោយ​អះអាង​ថា នាវា​នេះ​បាន​លួច​ប្រេងឆៅ​របស់​ប្រទេស​កម្ពុជា​។ នៅក្នុង​នាវា​នោះ​រួមមាន​ក្រុម​នាវិក​ជនជាតិ​ឥណ្ឌា ១៣ នាក់ បង់ក្លាដែស ៣ នាក់ និង​មីយ៉ាន់ម៉ា ៣ នាក់​។

កម្ពុជា​បាន​ធ្វើការ​បូម​ប្រេង​ដំបូង​ពី​ប្លុក A របស់​ខ្លួន​ដោយ​ក្រុមហ៊ុន KrisEnergy កាលពី​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០​។ អណ្ដូងប្រេង​ប្លុក A របស់​កម្ពុជា គ្របដណ្ដប់​លើ​ផ្ទៃ ៤ ៧០៩ គីឡូម៉ែត្រ​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ខ្មែរ​បាសាំង និង​មាន​ចម្ងាយ​ប្រហែល ១៥០ គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ​កម្ពុជា​៕

វីដេអូ៖