ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម ក្នុង​វិស័យ​ប្រៃសណីយ៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Registration) សម្រាប់​ថ្នាក់​ជាតិ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ e-Registration គឺ​ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់រវើក។ ការ​កសាង​រដ្ឋាភិបាល​ឌីជីថល គឺ​ជា​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​បរិវត្តកម្ម​ឌីជីថល ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សេវា​សាធារណៈ តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ជា​ស្នូល សំដៅ​ជំរុញ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដល់​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម ក្នុង​ការ​ស្នើសុំ​លិខិត​អនុញ្ញាត​វិញ្ញាបនបត្រ ឬ​អាជ្ញា​បណ្ណ​សម្រាប់​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​អាច​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​គេហទំព័រ service.mptc.gov.kh និង​សូម​ស្កេន QR Code ខាង​ក្រោម ដើម្បី​ទាញ​យក​សៀវភៅ​ណែនាំ​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ e-Registration នេះ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​លើក​ទឹក​ចិត្ត​ឱ្យ​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ចាប់​ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ e-Registration ដើម្បី​ជា​ជំនួយ​ដល់​ការ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ហើយ​ក្រសួង​រីករាយ​នឹង​ទទួល​មតិយោបល់​ត្រឡប់​ពី​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ៕