ភ្នំពេញៈ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ប្រកាស​បន្ត​ជួយ​ទិញ​ផ្លែមៀន (តាង៉ែន) និង​មៀន​ក្រអូប របស់​ប្រជាកសិករ ចាប់​ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ខណៈ​ដែល​ផលិតផល​នេះ កំពុង​បន្ត​ជួប​ប្រទះ​នឹង​បញ្ហា​ទីផ្សារ​នាំចេញ​ទៅ​ក្រៅ​ប្រទេស ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា​នេះ ឱ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ប្រជាកសិករ​ម្ចាស់​ចម្ការ​ផ្លែមៀន (តាង៉ែន) និង​មៀន​ក្រអូប ក្នុង​អំឡុង​ពេល​មាន​ការ​រាំងស្ទះ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស (ប្រទេស​ថៃ) ក្នុង​ដំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​បាត់ដំបង ដែល​មាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ នឹង​បន្ត​ជួយ​ទទួល​ទិញ​ផ្លែមៀន (តាង៉ែន) និង​មៀន​ក្រអូប ចាប់​ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១។

លិខិត​បន្ត​ថា ចំពោះ​ទីតាំង​ទទួល​ទិញ គឺ​ស្ថិត​ក្នុង​បរិវេណ​ទីលាន​កីឡដ្ឋាន​បាល់ទាត់​វាល​បែក​ចាន ជាប់​នឹង​ទី​បញ្ជាការដ្ឋាន​យោធ​ភូមិភាគ​ទី៥ ស្ថិត​នៅ​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ទីផ្សារ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន (តាង៉ែន) និង​មៀន​ក្រអូប​របស់​កម្ពុជា បាន​ជួប​នឹង​បញ្ហា​ទីផ្សារ​ចាប់​តាំង​ពី​អំឡុង​ពាក់​កណ្តាល​ខែ​សីហា បន្ទាប់​ពី​ប្រទេស​ចិន សម្រេច​ឈប់​ឱ្យ​ប្រទេស​ថៃ នាំ​ចូល​ទៅ​ប្រទេស​ខ្លួន ក្រោយ​មាន​ការ​រក​ឃើញ​មាន​សមាសធាតុ​ចង្រៃ​មួយ​ចំនួន​នៅ​ជាប់​លើ​ផ្លែ​មៀន។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​នោះ​បន្តិច ប្រទេស​ចិន ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រមហ៊ុន​ថៃ​មួយ​ចំនួន​នាំចូល​ប្រទេស​ខ្លួន​ឡើង​វិញ៕