បុរីញូវយ៉កៈ កាសែត Wall Street Journal បាន​រាយការណ៍​ថា ការប្រគល់​យន្តហោះ​ប៊ូអ៊ីង ៧៨៧ Dreamliner ដែល​ត្រូវបាន​ផ្អាក​ចាប់តាំងពី​ខែឧសភា​ទំនងជា​នឹងមិន​បន្តទៀត​រហូតដល់​ចុងខែ​តុលា ចំពេល​មាន​ការខ្វែង​គំនិត​គ្នា​ជាមួយ​និយតករ​សុវត្ថិភាព​អាមេរិក។

ការចែកចាយ Dreamliner ត្រូវបាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ រួមទាំង​នៅ​ចន្លោះ​ខែវិច្ឆិកា​ និង​មីនា បន្ទាប់ពី​ក្រុមហ៊ុន​ប៊ូអ៊ីង​បាន​រកឃើញ​កំហុស​ក្នុង​ការផលិត។

ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ខែកក្កដា​ថា ខ្លួន​បាន​ប្រទះឃើញ​បញ្ហា​បន្ថែម​នៅ​ជិត​ច្រមុះ​របស់​យន្តហោះ​ហើយ​កំពុង​ជួសជុល។

យោងតាម​កាសែត Wall Street Journal ក្រុមហ៊ុន​ប៊ូអ៊ីង បានរៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ខែសីហា​ជាមួយ​មន្ត្រីរដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) ប៉ុន្តែ​ភាគី​ទាំងពីរ​មិនអាច​ឯកភាព​គ្នា​លើ​វិធីសាស្ត្រ​នៃ​ការធានា​គុណភាព​សម្រាប់ Dreamliner បាន​ទេ។

ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មាន AFP៖ « FAA នៅតែ​បន្ត​ចូលរួម​ជាមួយ​ប៊ូអ៊ីង ខណៈ​ដែល​ក្រុមហ៊ុន​ធ្វើការ​ដើម្បី​បង្ហាញ​ពី​ភាពជឿជាក់​នៃ​វិធីសាស្ត្រ​ដែល​បាន​ស្នើឡើង​សម្រាប់​ការត្រួតពិនិត្យ​យន្តហោះ ៧៨៧ ដែល​មិនទាន់​ចែកចាយ» ដោយ​បន្ថែម៖ «FAA នឹងមិន​ចុះហត្ថលេខា​លើ​ការត្រួតពិនិត្យ​នោះទេ លុះត្រាតែ​អ្នកជំនាញ​សុវត្ថិភាព​របស់​យើង​ពេញចិត្ត»។

ក្រុមហ៊ុន​ប៊ូអ៊ីង​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​បន្ត​ការចែកចាយ។

ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ខណៈ​ដែល​ការងារ​នេះ​មាន​ផលប៉ះពាល់​រយៈពេល​ខ្លី​ដល់​ប្រតិបត្តិការ​របស់​យើង វា​គឺជា​ដំណើរការ​ត្រឹមត្រូវ ហើយ​យើង​នឹង​បន្ត​ចំណាយ​ពេលដែល​ចាំបាច់​ដើម្បី​ធានាថា​យើង​បំពេញ​តាម​ស្តង់ដារ​ខ្ពស់បំផុត»។

បញ្ហា​ចុងក្រោយ​នៅលើ​យន្ដហោះ ៧៨៧ ពីរ​ផ្លូវ ដែល​ត្រូវបាន​ដាក់លក់​ជា Dreamliner បាន​កើតឡើង បន្ទាប់ពី​មាន​បញ្ហា​ជាច្រើន​នៅលើ​យន្ដហោះ​ដែល​លក់ដាច់​បំផុត​របស់ខ្លួន​ជាពិសេស​គឺ ៧៣៧ MAX ដែល​ពីរ​គ្រឿង​បាន​ធ្លាក់​នៅ​ឆ្នាំ ២០១៨ និង ២០១៩ ដោយបាន​សម្លាប់​មនុស្ស ៣៤៦ នាក់ និង​ឈានទៅ​បញ្ឈប់​ការហោះហើរ​រយៈពេល ២០ ខែ៕ RR