ការវិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​អាចជា​ជម្រើស​ដ៏ប្រសើរ​មួយ​ក្នុង​ការរកប្រាក់ ដោយសារ​វា​អាច​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ប្រភព​ចំណូល​បន្ថែម ឬ ហៅថា ចំណូល​អកម្ម​ដែល​អាចជួយ​វិនិយោគិន​សម្រេច​គោលដៅ​សេរីភាព​ហិរញ្ញវត្ថុ​នា​ថ្ងៃ​អនាគត​បាន​ផងដែរ​។

ជាការ​ពិតណាស់ ការវិនិយោគ​ទាំងអស់​គឺ​សុទ្ធ​តែ​មាន​ហានិភ័យ ប៉ុន្តែ​វា​នឹង​ត្រូវបាន​កាត់បន្ថយ ប្រសិនបើ​វិនិយោគិន​ជ្រើសរើស​នូវ​វិធីសាស្ត្រ​ត្រឹមត្រូវ​។ ដូច្នេះ ដើម្បី​បង្កើន​នូវ​ឱកាស​ជោគជ័យ ការសិក្សា​ស្រាវជ្រាវ​អំពី​កត្តា​ចម្បង​មួយចំនួន រួមមាន​កត្តា​ហានិភ័យ ចំណូល​ដែល​រំពឹងទុក ជម្រើស​នៃ​ក្រុមហ៊ុន​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​មុន​សម្រេចចិត្ត​វិនិយោគ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

លោក វ៉ារិន បាហ្វេត (Warren Buffett) ដែល​ត្រូវបាន​គេ​ប្រសិទ្ធនាម​ថា ជា​មនុស្សទេព​នៃ​អូម៉ាហា (Oracle of Omaha) និង​សព្វថ្ងៃ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​នៃ​ក្រុមហ៊ុន បឺកស្ស៊ើរ ហាសាវេ (Berkshire Hathaway) ​បាន​ចាប់ផ្តើម​ការងារ​ទាក់ទង​នឹង​ការវិនិយោគ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​ ៥០ និង​បាន​ក្លាយជា​មហាសេដ្ឋី​ពាន់លាន​ក្នុង​ឆ្នាំ​ ១៩៨៦​។

តាមរយៈ​គេហទំព័រ ប្លូមបឺក ប៊ីលានែរ អ៊ិនដេច (Bloomberge Billionaires Index) ទ្រព្យសម្បត្តិ​សរុប​របស់លោក វ៉ារិន បាហ្វេត ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ជាង ១០៤,២ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ចុងខែ​សីហា ឆ្នាំ​ ២០២១ ដែល​តួលេខ​នេះ​បាន​ធ្វើឱ្យ​លោក​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លំដាប់​ទី​ ៦ ​លើ​ពិភពលោក​។

លោក បាហ្វេត ត្រូវបាន​មនុស្ស​ភាគច្រើន​លើសលប់​លើ​សកលលោក​ទទួលស្គាល់ថា ជា​កំពូល​វិនិយោគិន​ឆ្នើម​ ១ ​រូប​ក្នុង​វិស័យ​មូលបត្រ ហើយ​ដំបូន្មាន​ទាក់ទង​នឹង​ការវិនិយោគ​របស់លោក​ក៏ត្រូវ​បានទទួល​យក និង​រៀនសូត្រ​តាម​ដោយ​វិនិយោគិន​ភាគច្រើន​ផងដែរ​។

មាន​ទស្សនៈ​ដ៏ល្បី​មួយ​របស់លោក​បានលើកឡើង​ថា​ «​គួរ​សិក្សា​អំពី​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​កំណត់​រក​ថ្លៃ​ពិតប្រាកដ​ឱ្យ​ច្បាស់​ជាមុនសិន​មុន​សម្រេចចិត្ត​វិនិយោគ រួច​ទិញ​ភាគហ៊ុន​ណា​ដែល​ថ្លៃ​ទីផ្សារ​ទាប​ជាង​ថ្លៃ​ពិតប្រាកដ​ក្នុង​គោលបំណង​កាន់កាប់​រយៈពេល​វែង ដើម្បី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​»​។

តើ​លោក វ៉ារិន បាហ្វេត មាន​យុទ្ធសាស្ត្រ​វិនិយោគ​បែបណាខ្លះ ទើប​ធ្វើឱ្យ​លោក​អាច​ទាញ​រក​ផលចំណេញ​បាន​ច្រើន​?

១. សិក្សា​ពី​ក្រុមហ៊ុន​ដែល​វិនិយោគិន​ចង់​វិនិយោគ​ឱ្យបាន​ច្បាស់

វិធីសាស្ត្រ​គោល​មួយ​របស់លោក វ៉ារិន បាហ្វេត គឺ​ត្រូវ​សិក្សា​ពី​ក្រុមហ៊ុន​ដែល​លោក​មានបំណង​ចង់​វិនិយោគ​ឱ្យបាន​ច្បាស់​ដោយ​ខ្លួន​លោក​ផ្ទាល់ ជាជាង​ដើរ​តាម​ទំនោរ​ទីផ្សារ ឬ​ផ្អែក​ទាំងស្រុង​លើ​កត្តា​ផ្គត់ផ្គង់ និង​តម្រូវការ​លើ​ទីផ្សារ​។ ការចំណាយពេល​សិក្សា​ស្រាវជ្រាវ និង​តាមដាន​ផែនការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​មួយ​នឹង​ធ្វើឱ្យ​វិនិយោគិន​យល់​កាន់តែច្បាស់​ថា តើ​ក្រុមហ៊ុន​នោះ​អាច​នឹង​នៅ​ស្ថិតស្ថេរ​គង់វង្ស ហើយ​បន្ត​មាន​កំណើន​ទៅមុខ​ឬទេ​? មាន​កត្តា​ជាច្រើន​ដែល​លោក​បាន​លើក​មក​វិភាគ ដើម្បី​សិក្សា​ពី​ក្រុមហ៊ុន​មួយ ហើយ​ក្នុងចំណោម​នោះ​មាន​អនុបាត​មួយចំនួន ដូចជា​អត្រា​ប្រាក់ចំណេញ​ធៀប​នឹង​មូលធន (Return on Equity - ROE) កម្រិត​បំណុល​ធៀប​នឹង​ទ្រព្យ​របស់​ម្ចាស់ ( Debt to Equity - D/E) និង​អត្រា​ប្រាក់ចំណេញ​ធៀប​នឹង​ចំណូល​ដែល​រកបាន (Profit Margin) ជាដើម​។

ម្យ៉ាងវិញទៀត លោក បាហ្វេត ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​មួយ​ក្នុង​ការប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​ជាមួយ​ដៃគូរ​ក្នុង​វិស័យ​តែមួយ​ផងដែរ​។ លើសពីនេះទៅទៀត ប្រសិទ្ធភាព​នៃ​ការដឹកនាំ​គ្រប់គ្រង​របស់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​លោក​យកចិត្ត​ទុកដាក់​តាមដាន​ផងដែរ ដោយហេតុថា ការសម្រេចចិត្ត​របស់​បុគ្គល​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​អាច​ជះឥទ្ធិពល​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​ទាំងមូល​។

យ៉ាងណាមិញ លោក បាហ្វេត មិនមែន​ជា​ប្រភេទ​វិនិយោគិន​ដែល​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ ដើម្បី​ធ្វើជា​ភាគហ៊ុនិក​ធម្មតា​នោះទេ ផ្ទុយទៅវិញ​លោក​តែង​ទិញ​ភាគហ៊ុន​នៅ​ចំនួន​មួយ​ដែល​អាច​ផ្តល់ឱ្យ​លោក​នូវ​តំណែង​មួយ​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នោះ​ផ្ទាល់ ដើម្បី​អាច​ចូលរួម​ក្នុង​ការសម្រេចចិត្ត​លើ​រឿង​សំខាន់ៗ​របស់​ក្រុមហ៊ុន និង​ជួយ​ដឹកនាំ​តម្រង់ទិស​ក្រុមហ៊ុន​នោះ​ទៀតផង​។

២. វិនិយោគ​លើ​ភាគហ៊ុន​ណា​ដែល មាន​ថ្លៃ​ទាប

លោក វ៉ារិន បាហ្វេត ជា​ប្រភេទ​វិនិយោគិន​ដែល​ផ្តោត​សំខាន់​លើ​ថ្លៃ​ពិតប្រាកដ​របស់​ក្រុមហ៊ុន (Value Investor) ដោយ​សម្លឹង​មើលថា​តើ​ថ្លៃ​ពិតប្រាកដ​របស់​ភាគហ៊ុន​នោះ​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់ជាង​ថ្លៃ​ទីផ្សារ​ឬ​យ៉ាងណា​? ដោយសារ​លោក​ជា​វិនិយោគិន​ដែល​ទិញ​ភាគហ៊ុន​ទុក​កាន់កាប់​រយៈពេល​វែង ដូច្នេះ​លោក​ផ្តោតលើ​កត្តា​នេះ ដោយ​លោក​ជឿជាក់ថា ថ្លៃ​ភាគហ៊ុន​ដែល​លោក​ទិញ​នឹង​កើនឡើង​ដល់​ថ្លៃ​ពិតប្រាកដ​របស់​វា​ដែល​អាចធ្វើឱ្យ​លោក​ចំណេញ​បាន​ច្រើនជាង​ធៀប​នឹង​ការប្រើ​យុទ្ធសាស្ត្រ​ទិញ​លក់​ភាគហ៊ុន​ញឹកញាប់​។ ជាទូទៅ ដើម្បី​រក​ថ្លៃ​ពិតប្រាកដ​នេះ លោក​តែង​ទស្សន៍ទាយ​ចំណូល​នា​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​នោះ រួច​ប្រើ​វិធីសាស្ត្រ​ធ្វើ​អប្បហារ (Discount)​។

ម្យ៉ាងវិញទៀត លោក​ក៏​តែង​ឆ្លៀត​ទិញ​ចូល​បន្ថែម​នូវ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណា​ដែលមាន​សក្តានុពល​ខ្លាំង ពេលដែល​ថ្លៃ​ភាគហ៊ុន​នោះ​ធ្លាក់ចុះ ឬ​ប្រភេទ​ភាគហ៊ុន​ណា​ដែល​ល្អ ប៉ុន្តែ​ពុំ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទីផ្សារ​ក្នុងពេល​បច្ចុប្បន្ន​។

ការធ្វើ​បែបនេះ​ត្រូវបាន​ជឿជាក់ថា​អាច​ធ្វើឱ្យ​វិនិយោគិន​ទទួលបាន​ផលចំណេញ​ច្រើន​នា​ថ្ងៃ​អនាគត ពេលដែល​ថ្លៃ​ភាគហ៊ុន​ឡើង និង​ពេលដែល​ភាគហ៊ុន​នោះ​ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​វិនិយោគិន​ផ្សេងៗ​លើ​ទីផ្សារ​។

៣. ធ្វើជា​វិនិយោគិន​សកម្ម (Active Investor)

ទោះបីជា​លោក វ៉ារិន បាហ្វេត ជា​ប្រភេទ​វិនិយោគិន​កាន់កាប់​ភាគហ៊ុន​រយៈពេល​វែង​ក្តី ប៉ុន្តែ​លោក​ក៏​ពុំ​ព្រងើយ​កន្តើយ​ជាមួយនឹង​ផលបត្រ​របស់លោក​ទាំងស្រុង​នោះដែរ​។ លោក​តែង​ពិនិត្យ​មើលថា តើ​ភាគហ៊ុន​ណា​ដែលមាន​ថ្លៃ​ល្អ​សមគួរ​ល្មម​លក់​ចេញ​? ហើយ​ប្រមូល​ទុន​នេះ​ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែលមាន​ថ្លៃ​នៅ​ទាប ដែល​អាច​ផ្តល់​ផលចំណេញ​ឱ្យ​លោក​បាន​ច្រើនជាង​មុន​។ ម្យ៉ាងវិញទៀត លោក​តែង​តាមដាន និង​វិភាគ​នូវ​ព័ត៌មាន​ផ្សេងៗ​ដែល​អាច​ជះឥទ្ធិពល​ដល់​ថ្លៃ​ភាគហ៊ុន​ផងដែរ​។ ជាទូទៅ ព័ត៌មាន​ទាំងនោះ​អាចជា​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដូចជា​របាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មាន​សេដ្ឋកិច្ច​ជាដើម​។ តាមរយៈ​ការពិនិត្យ និង​វិភាគ​លើ​ផលបត្រ​ក៏ដូចជា​ការតាមដាន​ព័ត៌មាន​ជា​ទៀងទាត់ លោក​តែង​អាច​ក្តាប់បាន​នូវ​ឱកាសល្អ​ក្នុង​ការលក់​ភាគហ៊ុន​ចេញ ដើម្បី​ទទួលបាន​ផលចំណេញ​ត្រឡប់មកវិញ​យ៉ាង​គាប់ប្រសើរ​។

ឱកាស​ទាំងនោះ​អាចជា​ពេលវេលា​មួយ​ដែល​លោក​ជឿថា​ថ្លៃ​ទីផ្សារ​របស់​ភាគហ៊ុន​នោះបាន​ឡើងដល់​ថ្លៃ​ពិតប្រាកដ​របស់​វា​ហើយ ឬ​ពេលដែល​ថ្លៃ​ទីផ្សារ​របស់​ភាគហ៊ុន​នោះ​កើន​លើស​ថ្លៃ​ពិតប្រាកដ​។ លោក​ក៏​អាច​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​ចេញ​ផងដែរ ពេលដែល​លោក​ប្រមើលមើល​ថា អាច​នឹងមាន​កើត​ហេតុការណ៍​អ្វីដែល​អាច​ជះឥទ្ធិពល​ខ្លាំង​ដល់​ថ្លៃ​ភាគហ៊ុន​លើ​ទីផ្សារ បណ្តាល ឱ្យមាន​ការធ្លាក់ចុះ​យ៉ាងគំហុក​។

ជាក់ស្តែង នៅ​ដើមឆ្នាំ​ ២០២០ លោក វ៉ារិន បាហ្វេត បាន​សម្រេច​លក់​ចេញ​នូវ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ចំនួន​បួន​នៅ​សហរដ្ឋ​អាមេរិក រួមមាន អាមេរិខេន (American) ដែលតា (Delta) យូណាយធិត (United) និង សោសវេស (Southwest) ដោយសារ​លោក​រំពឹងថា​វិស័យ​មួយ​នេះ​អាច​នឹង​ជួប​វិបត្តិ​រយៈពេល​វែង ដោយសារ​ការរីករាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ មុននឹង​អាច​ងើបឡើង​មកវិញ​បាន​ដូច​ធម្មតា​។ ឧទាហរណ៍ ថ្លៃ​ភាគហ៊ុន​របស់​សម្ព័ន្ធ​ក្រុមហ៊ុន អាមេរិខេន អ៊ែរឡាញ (American Airlines Group Inc.) បាន​ធ្លាក់ចុះ​ពី​ប្រមាណ​ជិត​ ៣០ ​ដុល្លារ​អាមេរិក​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​ ២០២០ មក​ត្រឹម​ប្រមាណ​ ០៩ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​នៅ​ពាក់កណ្តាល​ខែឧសភា​ក្នុង​ឆ្នាំ​ដដែល ហើយ​មួយរយៈ​ក្រោយមក បើទោះបី​ជា​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​នេះ​បាន​ងើបឡើង​មកវិញ​សន្សឹមៗ​ក្តី ក៏ប៉ុន្តែ​វា​នៅ​ពុំទាន់​អាច​វិល​ទៅរក​កំណត់ត្រា​ថ្លៃ​ចាស់​មុន​ខែកុម្ភៈ​ឆ្នាំ​ ២០២០ នៅឡើយ​ទេ​។

ខាងក្រោម​នេះ​គឺជា​សម្រង់​ដំបូន្មាន​សំខាន់ៗ​ទាក់ទិន​នឹង​ការវិនិយោគ​របស់ លោក វ៉ារិន បាហ្វេត ៖

(១) វិនិយោគិន​ត្រូវ​គិត​ឱ្យបាន​វែងឆ្ងាយ​មុន​វិនិយោគ​។ ដូច​លោក​បាន​និយាយថា គ្មាន​នរណាម្នាក់​ទិញ​កសិដ្ឋាន​មួយ​ដោយ​ផ្អែកលើ​ការគិត​ថា​តើ​វា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ឆ្នាំក្រោយ​ទេ ផ្ទុយទៅវិញ គេ​ទិញ​វា ដោយសារ​គេ​ជឿជាក់ថា​វា​ជា​ការវិនិយោគ​មួយ​ល្អ​ក្នុង​រយៈពេល​ ១០ ឬ​ ២០ ​ឆ្នាំ​។

(២) វិនិយោគិន​គួរ​បន្ត​ពុះពារ​ទៅមុខ​ឱ្យដល់​គោលដៅ​ដែល​ខ្លួន​បានកំណត់​ទុក (Stay the course)​។ ជា​ជាង​ការផ្អើល​តាម​ទំនោរ​ទីផ្សារ វិនិយោគិន​គួរ​ធ្វើ​អារម្មណ៍​ឱ្យ​ស្ងប់ ហើយ​ជឿជាក់​លើ​ការសម្រេចចិត្ត និង​ការវិនិយោគ​របស់ខ្លួន ដូច​លោក​បាន​លើកឡើង​ថា ទោះបី​ទីផ្សារ​ជាទូទៅ​តែង​ប្រព្រឹត្ត​ទៅដោយ​សមហេតុ​សមផល​ក្តី ប៉ុន្តែ​ក៏​អាចមាន​ពេលខ្លះ​ទីផ្សារ​កើតមាន​រឿង​មិន​សម​ហេតុផល​ដែរ​។

(៣) ការវិនិយោគ​សំខាន់បំផុត​ដែល​វិនិយោគិន​អាចធ្វើ​បាន​គឺ​ការវិនិយោគ​លើ​ខ្លួនឯង​។ លោក​បាន​លើកឡើងថា អ្វី​ក៏ដោយ​ដែល​អ្នកធ្វើ​ដើម្បី​ពង្រឹង​នូវ​ទេពកោសល្យ និង​ដើម្បី​បន្ថែម​តម្លៃ​ដល់​ខ្លួន​អ្នក​នឹង​ផ្តល់ឱ្យ​អ្នក​វិញ​នូវ​អំណាច​ទិញ​ដ៏ពិតប្រាកដ​មួយ (Real Purchasing Power)៕

ដកស្រង់​ពី៖ អ៊ិនវេស្តូភីឌា (Investopedia), ម៉ាន់នី ក្រាស់សឺ (Money Crashers), ហ្វប (Forbes), ឌឺ បាលេន (The Balance), បឺកស្ស៊ើរ ហាសាវេ (Berkshire Hathaway), ស៊ីអេនប៊ីស៊ី មេក អ៊ិត (CNBC Make It),​ហ្គូ បេងឃីងរ៉េត (GO BankingRates)

រៀបរៀង​ដោយ៖ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នាយកដ្ឋាន ប្រតិបត្តិការ​ទីផ្សារ

អ៊ីមែល៖ market@csx.com.kh / ទូរស័ព្ទ​៖ 023 95 88 88 / 023 95 88 85

សេចក្តី​ប្រកាស​៖ អត្ថបទ​នេះ​ត្រូវបាន​ចងក្រង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​ការអប់រំ​ប៉ុណ្ណោះ​ដោយ​មិន​ផ្តល់​អនុសាសន៍​ណាមួយ​ទាក់ទង​នឹង​ការវិនិយោគ​ទេ​។ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ឬ​ខូចខាត​ណាមួយ​ដែល​កើតឡើង​ពី​ការប្រើប្រាស់​អត្ថបទ​នេះឡើយ​។