ទីក្រុងបាកដាដៈ រដ្ឋមន្ត្រី​ក្រសួង​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​យក្ស​ថាមពល​បារាំង TotalEnergies បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​តម្លៃ​ទឹកប្រាក់​ចំនួន​ ២៧ ​ពាន់​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​ក្នុង​ការផលិត​ប្រេង​ឧស្ម័ន​ និង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។

ការប្រកាស​នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គេ​សន្មត​ថា​ជា​ផ្នែក​មួយ​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រទេស​អ៊ីរ៉ាក់​លើ​ឥន្ធនៈ​ហ្វូស៊ីល​បាន​កើតឡើង នៅពេល​ដែល​រដ្ឋមន្ត្រី Ihsan Ismail បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​បាកដាដ​ជាមួយ​ប្រធាន​ក្រុមហ៊ុន TotalEnergies លោក Patrick Pouyanne ។

ក្រុមហ៊ុន TotalEnergies មិនបាន​បញ្ជាក់​ដោយផ្ទាល់​អំពី​តម្លៃ​នៃ​កិច្ចសន្យា​នោះទេ​។

លោក Ismail បាន​និយាយថា​៖ «​នេះ​គឺជា​ការវិនិយោគ​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដោយ​ក្រុមហ៊ុន​ប្រទេស​លោកខាងលិច​។ ការអនុវត្ត​គំរោង​ទាំងនេះ​គឺជា​ការប្រឈម​ដែល​យើង​ជួបប្រទះ​នាពេលនេះ​»​។

អ៊ីរ៉ាក់​មាន​ធនធាន ប្រេង​ និង​ឧស្ម័ន​បម្រុង​យ៉ាងច្រើន​។

ប៉ុន្តែ​ទោះបីជា​ក្លាយជា​អ្នក​ផលិត​លេខ​ ២ នៅក្នុង​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​ក៏ដោយ ក៏​អ៊ីរ៉ាក់​កំពុង​ជួប​វិបត្តិ​ថាមពល​ធ្ងន់ធ្ងរ ​និង​ការដាច់​ចរន្តអគ្គិសនី​រ៉ាំរ៉ៃ​ដែល​ជំរុញ​ឱ្យ​មាន​ការមិន​ពេញចិត្ត​ក្នុង​សង្គម​។

មន្ត្រី​បង្ហាញ​អំពី​ភាពខ្វះខាត​នៃ​ការវិនិយោគ​ និង​ស្ថានភាព​ទ្រុឌទ្រោម​នៃ​បណ្តាញ​ថាមពល​របស់ខ្លួន ដោយ​លើកឡើង​ពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ដែល​តំណាងឱ្យ​ជាង​ ៩០ ​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​រដ្ឋ​។

ប្រទេស​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ដែល​នៅ​ជិតខាង​ដែល​ផ្គត់ផ្គង់​ដល់​ខ្លួន​ជាមួយនឹង​តម្រូវការ​ឧស្ម័ន​ និង​អគ្គិសនី​មួយ​ភាគបី​។

ទោះយ៉ាងណា​បច្ចុប្បន្ន​ទីក្រុង​បាកដាដ​ជំពាក់​ក្រុង​តេអេរ៉ង់​ចំនួន​ ៦ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ថាមពល​ដែល​បាន​ផ្គត់ផ្គង់​រួចហើយ​។

អតីត​ក្រុមហ៊ុន​តូតាល់​របស់​ប្រទេស​បារាំង​ដែល​បាន​ប្តូរ​ឈ្មោះ​ខ្លួន​ទៅជា TotalEnergies ដើម្បី​បង្ហាញ​ពី​ការធ្វើ​ពិពិធកម្ម​ទៅជា​ប្រភព​ថាមពល​ស្អាត​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ថាមពល​កំពូល​ទាំង​ ៥ ​របស់​ពិភពលោក​។

ខណៈពេល​ដែល​នៅតែ​ផ្តោតលើ​ប្រេង​ និង​ឧស្ម័ន​ក្រុមហ៊ុន​បានបង្ហាញ​ថា​នៅ​ឆ្នាំនេះ​ខ្លួន​នឹង​បូជា​ ២០ ​ភាគរយ​នៃ​ការវិនិយោគ​រីកចម្រើន​របស់ខ្លួន​ចំពោះ​អគ្គិសនី​ និង​ថាមពល​កកើត​ឡើងវិញ​៕ RR