ភ្នំពេញៈ ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ប្រមាណ ៥ ​ម៉ឺន​នាក់ ធ្លាក់ចុះ​ជាង ៩២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​នាចុង​សប្តាហ៍​មុន​បង្ហាញថា ចាប់ពី​ខែ​មករា-ខែកក្កដា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ៥១ ៧២៩ ​នាក់ ធ្លាក់ ៩២,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែលមាន​ចំនួន ៦៩៣ ០៦៤ ​នាក់​។

ក្នុងនោះ​ភ្ញៀវ​មក​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​ ៤៣ ៩០៩ ​នាក់ ធ្លាក់ចុះ​ ៨៨,៧ ​ភាគរយ អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ មាន ៧ ៨១៦ ​នាក់ ធ្លាក់​ ៨៧,៥ ​ភាគរយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ៤ ​នាក់ ធ្លាក់ចុះ​ជិត ១០០ ​ភាគរយ​។

ដោយឡែក​សម្រាប់​ចំនួន​ទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​ (​ផ្លូវគោក អាកាស និង​ផ្លូវទឹក​) ក្នុង​រយៈពេល ៧ ​ខែ​ឆ្នាំ​ ២០២១ មាន ១១២ ៥៤៤ ​នាក់ ធ្លាក់ចុះ ៩០,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ ៧ ​ខែ​ឆ្នាំ​ ២០២០​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានឱ្យដឹង​កាលពី​ថ្ងៃទី​ ៣ កញ្ញា​ថា កម្ពុជា​គួរ​ចាប់យក​ឱកាស​ឱ្យបាន​ក្នុងពេល​ឆាប់ៗ​នេះ​ ដើម្បី​ប្រកាស​ដំណឹង​ពី​ការបើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ​ ១៩ គ្រប់ដូស​រួចរាល់ ព្រោះ​កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​ថា គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ បានល្អ និង​មាន​អត្រា​ប្រជាជន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាប់​លេខ ២ ក្នុង​តំបន់​បន្ទាប់ពី​ប្រទេស​សិង្ហបុរី​។

អ្នកស្រី​លើកឡើងថា​៖ «​ដំណឹង​នៃ​ការបើក​ទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់ដូស​គឺជា​ដំណឹង​ល្អ ដែល​អាច​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា ស្របពេល​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​កំពុង​សម្លឹងមើល​គោលដៅ​ទេសចរណ៍​ណា​ដែល​គេ​គិតថា គួរ​ធ្វើដំណើរ​ទៅ​កម្សាន្ត​ក្នុង​រដូវរងា​ខាងមុខនេះ​»​។

បច្ចុប្បន្ននេះ​ក្រសួង​ទេសចរណ៍ និង​វិស័យ​ឯកជន កំពុង​សហការ​គ្នា​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​ផែនការ ក៏ដូចជា​ដាក់ចេញ​វិធានការ​ថ្មីៗ​ជាច្រើន​ដើម្បី​ត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​។

ក្នុង​គោលបំណង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កម្រើក​ឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពីដើម​ខែមេសា ឆ្នាំ​ ២០២១ បានស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ពី​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចហើយ ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​សប្តាហ៍​មុន​ថា ក្រសួង​កំពុង​ជំរុញ​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ឱ្យចូល​កម្សាន្ត​នៅ​កម្ពុជា​ឡើងវិញ ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ខាងមុខ​៕ LA