ទីក្រុងញូវយ៉កៈ ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​ ៤ ​របស់​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​រដ្ឋ​នានា​របស់​អាមេរិក ដើម្បី​ឈានទៅរក​ដំណាក់កាល​បន្ទាប់​នៃ​ការដោះស្រាយ​ទឹកប្រាក់​ចំនួន​ ២៦ ​ពាន់​លាន​ដុល្លារ លើ​ការទាមទារ​ផ្នែក​ច្បាប់​រាប់ពាន់​ទាក់ទង​នឹង​ការរីករាលដាល​ថ្នាំ opioid ដែលជា​ថ្នាំ​បំបាត់​ការឈឺចាប់​។

វិបត្តិ​ថ្នាំ opioid ដែល​កើនឡើង​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ជំងឺ​រាតត្បាត​វីរុស​កូរ៉ូណា បានសម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម ក្រុមហ៊ុន​ចែកចាយ​ឱសថ AmerisourceBergen, Cardinal Health និង McKesson បាន​និយាយថា ពួកគេ​បានទទួល​ភ្លើង​ខៀវ​ពី​រដ្ឋ​ចំនួន​ ៤២ ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ៤៩ ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​ និង ដែនដី​អធិបតេយ្យ​អាមេរិក​ចំនួន​ ៥ ​ទៀត​។

ក្រុមហ៊ុន​ទាំងនោះ​បាន​និយាយថា​ពួកគេ​បាន​កំណត់ថា គ្រប់​រដ្ឋ​បាន​យល់ព្រម​ដោះស្រាយ​ ដើម្បី​បន្តទៅ​ដំណាក់កាល​បន្ទាប់​ទៀត​។

ក្រុមហ៊ុន​ផលិត​ថ្នាំ Johnson & Johnson ដែល​បានប្រកាស​ផងដែរ កាលពី​ខែកក្កដា​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​ចំនួន​ ៥ ​ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​បណ្តឹង​ក្នុង​ករណី​ដូចគ្នានេះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា ខ្លួន​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ឈានទៅ​ដំណាក់កាល​បន្ទាប់​នៃ​ដំណោះស្រាយ​។

ក្រុមហ៊ុន Johnson & Johnson និយាយ​៖ «​ដំណោះស្រាយ​នេះ​មិនមែនជា​ការសារភាព​នៃ​ការទទួលខុសត្រូវ ឬ​ការធ្វើ​ខុស​ឡើយ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ការពារ​ប្រឆាំងនឹង​វិវាទ​ណាមួយ​ដែល​កិច្ចព្រមព្រៀង​ចុងក្រោយ​មិនត្រូវ​បាន​ដោះស្រាយ​»​។ ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ខែមិថុនា​ថា​ខ្លួន​ឈប់​ផលិត​ថ្នាំ​បំបាត់​ការឈឺចាប់ opioid​។

ដំណោះស្រាយ​ដែល​បានស្នើ​នេះ​សង្ឃឹមថានឹង​បញ្ចប់​បណ្តឹង​ជិត ៤០០០ ដែល​បាន​ប្តឹង​ដោយ​រដ្ឋ​ និង​រដ្ឋាភិបាល​មូលដ្ឋាន​របស់​អាមេរិក​។

ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ការទូទាត់​ចំនួន​ ២៦ ​ពាន់​លាន​ដុល្លារ​ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​ស្តារនីតិសម្បទា​នៅ​ទូទាំងប្រទេស​គឺ​អាស្រ័យ​លើ​ចំនួន​រដ្ឋ​ដែល​អនុម័ត​។

ឥឡូវនេះ​រដ្ឋ​នីមួយៗ​ដែល​ចូលរួម មាន​រយៈពេល​រហូតដល់​ថ្ងៃទី​ ២ ​ខែមករា ដើម្បី​សួរ​រដ្ឋាភិបាល​ក្នុង​តំបន់​របស់​ពួកគេ ថា​តើ​ពួកគេ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដែរឬទេ​។

ប្រសិនបើ​លក្ខខណ្ឌ​ត្រូវបាន​បំពេញ​កិច្ចព្រមព្រៀង​នឹង​ចូល​ជា​ធរមាន​៖ «៦០ ថ្ងៃ​បន្ទាប់ពី​អ្នក​ចែកចាយ​កំណត់ថា​មាន​ការចូលរួម​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​» យោងតាម​សេចក្តី​ថ្លែងការណ៍​។

ប្រសិនបើ​ត្រូវបាន​បញ្ចប់​ដំណោះស្រាយ​នឹងមាន​សារៈសំខាន់​បំផុត​នៅក្នុង​ការតស៊ូ​ផ្នែក​ច្បាប់​ដ៏ស្មុគស្មាញ​ដោយ​រដ្ឋ​ និង​សហគមន៍​ដើម្បីឱ្យ​ក្រុមហ៊ុន​ដែលមាន​អំណាច​ចេះ​ទទួល​ខុសត្រូវ​។

នៅក្នុង​ករណី​ដាច់ដោយឡែក​មួយ​ចៅក្រម​អាមេរិក​បានអនុម័ត​កាលពី​ថ្ងៃ​ពុធ​នូវ​ផែនការ​ក្ស័យធន​ដែល​ស្នើឡើង​ដោយ Purdue ដោយ​ចោទប្រកាន់ថា​បានរួម​ចំណែក​ដល់​វិបត្តិ opioid ដោយ​ការផ្សព្វផ្សាយ​យ៉ាងសកម្ម​នូវ​ថ្នាំ​របស់ខ្លួន​ឈ្មោះ OxyContin ។

ក្រោម​កិច្ចព្រមព្រៀង ម្ចាស់​ក្រុមហ៊ុន Sackler នឹង​បង់ប្រាក់​សរុប​ចំនួន ៤,៥ ពាន់​លាន​ដុល្លារ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ជា​ថ្នូរ​នឹង​ការមិន​មានទោស​៕ RR