ភ្នំពេញៈ DBD Engineering Plc ដែលជា​ក្រុមហ៊ុន​ពហុបំណង​ផ្នែក​វិស្វកម្ម និង​សំណង់​ឈានមុខ​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវ​ការលក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​នៅក្នុង​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក នាង វិធី នាយក​គ្រប់គ្រង​ក្រុមហ៊ុន DBD Engineering Plc បាន​ថ្លែងថា ក្រុមហ៊ុន DBD បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងនាម​ជា​ក្រុមហ៊ុន​សំណង់​ដំបូងបង្អស់​បាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ទីផ្សារ​កំណើន​នៃ CSX​។

លោក នាង វិធី និយាយ​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​នេះ​ជាខ្លាំង ដែល​ក្រុមហ៊ុន​បានសម្រេច​ជោគជ័យ​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ក្នុងអំឡុងពេល​ដ៏លំបាក​នេះ​។ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ចំពោះ​វិនិយោគិន​ទាំងអស់​ដែល​បាន​គាំទ្រ ទុកចិត្ត​មកលើ​ក្រុមហ៊ុន DBD ដែលជា​ហេតុនាំឱ្យ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន DBD ទទួលបាន​ជោគជ័យ​ដ៏ល្អ​ប្រសើរ​ដោយ​មាន​បរិមាណ​ប្រតិបត្តិការ​ភាគហ៊ុន​លើសពី​ទំហំ​បោះផ្សាយ​»​។

លោក​បាន​បន្ថែមថា គោលបំណង​ក្នុង​ការបោះផ្សាយ​មូលបត្រ​ក្នុង​ទីផ្សារ​កំណើន​នេះ​មិន​ត្រឹមតែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន DBD ​ទទួលបាន​នូវ​ប្រភព​ទុន ដើម្បី​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងការ​ឆ្លើយតប​នឹង​ទំនុកចិត្ត​ដែល DBD ទទួលបាន​កន្លងមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​បំពេញ​តម្រូវការ​រួមទាំង​ខិតខំ​ប្រឹងប្រែង​ជំរុញ​សក្តានុពល​កំណើន​នៃ​ឧស្សាហកម្ម​សំណង់​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

លោក​បន្តថា លើសពីនេះ ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ទីផ្សារ​កំណើន​បានផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ DBD ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹងមាំ មាន​តម្លាភាព​ហិរញ្ញវត្ថុ និង​អនុវត្ត​បទប្បញ្ញត្តិ​នានា​យ៉ាង​ល្អ​។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា ក្រុមហ៊ុន DBD Engineering ដែលជា​ក្រុមហ៊ុន​ពហុមុខងារ​ផ្នែក​វិស្វកម្ម​ និង​សំណង់​ដំបូង​គេ​ដែល​បានធ្វើការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា​។

លោក​ថ្លែង​បន្តថា​៖ «​កម្មវិធី​នេះ​គឺ​បង្ហាញ​ពី​ការវិវត្ត​ថ្មី​របស់​ទីផ្សារ​មូលបត្រ​កម្ពុជា​ដែលមាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ទី​ ១ ​ក្នុង​ទីផ្សារ​កំណើន និង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ឆន្ទៈ​របស់​ក្រុមហ៊ុន​វិនិយោគិន​សាធារណៈ ហើយក៏​បង្ហាញ​ពី​ទំនុកចិត្ត​ទីផ្សារ​ដែល​បាននិង​កំពុង​កើតមានឡើង​ដែល​អនុញ្ញាត​ឱ្យ​យើង​ជា​ច្រក​មួយ​សម្រាប់​ធ្វើ​ពិពិធកម្ម​ហិរញ្ញប្បទាន​របស់​ក្រុមហ៊ុន​។ នេះ​ក៏​ជា​ឱកាស​វិនិយោគ​សម្រាប់​វិនិយោគិន​សាធារណៈ​របស់​យើង​»​។

លោក​បន្តថា មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​យក​ក្រុមហ៊ុន DBD ជា​គំរូ​ក្នុង​ការឈាន​ជើង​ចូល​ទីផ្សារ​មូលបត្រ​កម្ពុជា​ជា​បន្តបន្ទាប់​។

លោក​អះអាង​៖ «​ខ្ញុំ​សូមឱ្យ​ក្រុមហ៊ុន DBD Engineering PlC និង​ក្រុមហ៊ុន SBI Royal Securities បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​នាម​ជា​ក្រុមហ៊ុន​ចុះបញ្ជី ដើម្បី​រក្សា​ឱ្យបាន​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធភាព ពិសេស​ទំនុកចិត្ត​ដល់​វិនិយោគិន​លើ​ក្រុមហ៊ុន​របស់ខ្លួន​»​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​លើកឡើងថា មកដល់ពេលនេះ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៤ ក្នុងនោះ​ក្រុមហ៊ុន​ ៨ ​បាន​ចុះបញ្ជី​ជា​ភាគហ៊ុន​ និង​ក្រុមហ៊ុន​ ៦ ទៀត​បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​អាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៤ នេះ បាន​ប្រមូល​ទុន​ទីផ្សារ​មូលបត្រ​សរុប​ជាង ៥៧ លាន​ដុល្លារ​។

ក្រុមហ៊ុន DBD Engineering PlC និង​ក្រុមហ៊ុន SBI Royal Securities (SBIR) ឱ្យដឹង​ក្នុង​ឯកសារ​ផ្ញើ​ទៅ​ CSX ​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​ក្រុម​វិនិយោគិន ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បរិវិសកម្ម​របស់​ DBD IPO ដោយ​បង្ហាញ​ពី​ការធ្វើ​បរិវិសកម្ម​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយ​ភាគហ៊ុន​ទាំង ៦៤៦១ ៥៣៨ ត្រូវបាន​ជាវ​ទាំងអស់​៕ LA