ភ្នំពេញៈ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោងការ​ព្យាករ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ភាព​អាច​រកបាន​នៃ​កម្លាំង​ពលកម្ម​លើ​ខ្សែចង្វាក់​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កៅស៊ូ​នៅក្នុង​តំបន់​ឱ្យ​កាន់តែ​​រីកចម្រើន​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។

លោក ឃុន កក្កដា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ និង​លោកស្រី Ophelie Bourhis នាយិកា​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD) ​កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។

លោក ឃុន កក្កដា ដែលជា​ប្រធាន​ជ្រើស​តាំងទី​១ តំណាង​ឱ្យ​ក្រុម​អនុវត្ត​គម្រោង​នៃ​ប្រទេស​ទាំង​ ៣ កម្ពុជា ថៃ និង​វៀតណាម ឱ្យដឹងថា FORSEA គឺជា​គម្រោង​ថ្នាក់​តំបន់​នឹងត្រូវ​អនុវត្ត​នៅ​បណ្តា​ប្រទេស​ដាំ​ដំណាំ​កៅស៊ូ រួមមាន កម្ពុជា ថៃ និង​វៀតណាម ហើយ​អាច​នឹង​ពង្រីក​ទៅ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា នាពេល​អនាគត​។

លោក​ឱ្យដឹងថា គម្រោង FORSEA ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​ចរិតលក្ខណៈ​លម្អិត​អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ថា​តើ​កំពុង​ទទួលរង​ផលប៉ះពាល់​ដូចម្តេច​នាពេល​បច្ចុប្បន្ន​នៅក្រោម​សេណារីយោ​ផ្សេងៗ​គ្នា​នៃ​ការប្រែប្រួល​អាកាសធាតុ និង​កម្លាំង​ពលកម្ម​។

លោក​បន្ថែមថា គម្រោង​នេះ​ក៏​នឹងធ្វើ​ការកំណត់​រក​បញ្ហា និង​ដំណោះស្រាយ​សមស្រប​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នានា​ដែល​លេច​ចេញ​ពី​ការផ្លាស់ប្តូរ​ទាំងនេះ និង​ផ្តល់ព័ត៌មាន​ជា​មូលដ្ឋាន​ដល់​វិស័យ​សាធារណៈ និង​ឯកជន ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ក្នុងការ​សម្រេចចិត្ត​រៀបចំ​គោលនយោបាយ​វិនិយោគ និង​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​ប្រកបដោយ​និរន្តរភាព ដោយ​ផ្អែកលើ​ការព្យាករ​ពី​ការផ្លាស់ប្តូរ​កម្លាំង​ពលកម្ម និង​បម្រែបម្រួល​សេណារីយោ​ក្នុង​ពេល​បច្ចុប្បន្ន​។

លោក​អះអាងថា​៖ «​គម្រោង​ដែលមាន​រយៈពេល ៣ ​ឆ្នាំ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមមាន ជួយ​ដោះស្រាយ​ផលប៉ះពាល់​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម និង​ការបន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ជួយ​លើកកម្ពស់​និរន្តរភាព​ផលិតកម្ម​កៅស៊ូ និង​ជីវភាព​កសិករ​កៅស៊ូ​គ្រួសារ​នៅ​ទីជនបទ និង​ជួយ​កសាង​សមត្ថភាព​មន្ត្រីជំនាញ​នៅ​បណ្តា​ប្រទេស​ដែល​នឹងត្រូវ​អនុវត្ត​គម្រោង​នាពេល​ខាងមុខ​»​។

លោក យូ រដ្ឋា កសិករ​ដាំ​កៅស៊ូ​នៅ​ខេត្ត​ស្ទឹងត្រែង កត់សម្គាល់ថា ទិន្នផល​កៅស៊ូ​ឆ្នាំនេះ​ទំនងជា​ផ្តល់​ផល​តិចជាង​ឆ្នាំមុន ដោយសារ​ភ្លៀង​ច្រើនពេក ប៉ុន្តែ​តម្លៃ​កៅស៊ូ​បាន​ហក់​ឡើងវិញ​បន្តិច​បើ​ធៀប​ឆ្នាំមុន ដោយ​តម្លៃ​មធ្យម ៣ ២០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម​ (២ ៨០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ឆ្នាំ​ ២០២០)​។

លោក​ឱ្យដឹងទៀតថា​៖ «​នៅ​ខេត្ត​ខ្ញុំ មិន​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ទេ ព្រោះ​ចម្ការកៅស៊ូ​ភាគច្រើន​ដាំ​ជា​លក្ខណៈ​គ្រួសារ​។ ឆ្នាំនេះ ចម្ការកៅស៊ូ​ខ្ញុំ​មិនសូវមាន​ជ័រ​ច្រើន​នោះទេ ព្រោះ​ភ្លៀង​ជោកជាំ​ពេក​នាំឱ្យ​កៅស៊ូ​អត់​បើកមុខ​ដាក់​ជ័រ​»​។

បើ​យោងតាម​ក្រុម​ស្រាវជ្រាវ​កៅស៊ូ​អន្តរជាតិ​ (IRSG) បរិមាណ​កៅស៊ូ​សរុប​ដែល​ដាំដុះ​នៅលើ​ពិភពលោក​គិត​ត្រឹម​ឆ្នាំ​ ២០២០ មាន ១៤,១ ​លាន​ហិកតា​។ ផ្ទៃដី​ដាំដុះ​កៅស៊ូ​បាន​កើន ១,៨ ​ដង​ក្នុង​រយៈ​ ៣០ ​ឆ្នាំ​ចុងក្រោយ​នេះ​ជាមួយនឹង​ល្បឿន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល ១ ​ទសវត្សរ៍​ចុងក្រោយ​។ ការដាំដុះ​កៅស៊ូ គឺមាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ (​ដីគោក​) ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ខេត្ត​យូណាន ប្រទេស​ចិន​។

IRSG បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ​ ២០២១ ថា តម្រូវការ​កៅស៊ូ​សកល​នៅក្នុង​វិស័យ​សម្បកកង់​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ ៧,២ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ពី​ការធ្លាក់ចុះ -៧,៣ ​ភាគរយ ដែល​បាន​ជួបប្រទះ​នៅ​ឆ្នាំ​ ២០២០​។

ការស្ទុះ​ងើប​ឡើងវិញ​ខ្លាំង​ជាង​មុន​សម្រាប់​វិស័យ​មិនមែន​សម្បក​កង់ ៧,៦ ​ភាគរយ ត្រូវបាន​ជំរុញ​ដោយ​ការបន្ត​កើនឡើង​នៃ​តម្រូវការ​ផលិតផល​កៅស៊ូ​នៅក្នុង​ឧស្សាហកម្ម​ថែទាំ​សុខភាព​ពិភពលោក​។

តម្រូវការ​កៅស៊ូ​សរុប​ត្រូវ​ព្យាករ​ថា​នឹង​កើនឡើង ៧,៤ ​ភាគរយ​នៅ​ឆ្នាំ ២០២១ និង​មធ្យម​ទៅ ៤,៧ ​ភាគរយ នៅ​ឆ្នាំ​ ២០២២ ក្រោម​សេណារីយោ របស់ IMF៕ LA