ភ្នំពេញៈ វិស័យដឹកជញ្ជូនទំនិញនៅកម្ពុជានឹងមានភាពរីកចម្រើនកាន់តែខ្លាំង នៅពេលដែលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានភាពទូលំទូលាយ ព្រោះវាធ្វើឱ្យរយៈពេលនៃការធ្វើប្រតិបត្តិការ និងការចំណាយទាបជាងមុន។ នេះបើយោងតាមប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីពិធីចុះកិច្ចព្រមព្រៀងរវាងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ (LOBA) ជាមួយសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា (CDTA) កាលពីថ្ងៃទី ៦ កញ្ញា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញលោក ជា ចាន់ដារ៉ា លើកឡើងថា បច្ចុប្បន្ននេះគ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យដំណើរការមានភាពឆាប់រហ័ស និងចំណាយទាប។ នៅពេលប្រតិបត្តិការ និងដឹកជញ្ជូនមានភាពឆាប់រហ័ស វាមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់កំណើនសេដ្ឋកិច្ចបុគ្គល គ្រួសារ និងក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោកបញ្ជាក់ថា៖ «ការចុះកិច្ចព្រមព្រៀងជាមួយសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាមានសារៈសំខាន់ ព្រោះផ្នែកដឹកជញ្ជូនពេលបច្ចុប្បន្ន ពិសេសអំឡុងពេលនៃការរីករាលដាលកូវីដ ១៩ យើងពិតជាត្រូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជំរុញឱ្យដំណើរការប្រតិបត្តិការដឹកជញ្ជូនមានភាពឆាប់រហ័ស តាមរយៈការប្រើ App ជំនួសឱ្យការមកជួបផ្ទាល់ ដែលធ្វើឱ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយ»។
លោកលើកឡើងថា៖ «កិច្ចព្រមព្រៀងនេះ ក៏ដើរស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យាផងដែរ»។
ប្រធានសមាគមបចេ្ចកវិទ្យាឌីជីថលកម្ពុជាលោក ឈិន កេន បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងចូលរួមលើកកម្ពស់ចំណេះដឹងវិស័យបច្ចេកវិទ្យា និងដឹកជញ្ជូនដល់សមាជិកនៃសមាគមទាំង ២ ហើយក៏ដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមកក្នុងសកម្មភាពអាជីវកម្មផងដែរ។
លោកថ្លែងថា៖ «ដោយសារសមាគមបច្ចេកវិទ្យាមានផ្លេតហ្វមជាច្រើនទាក់ទងនឹងការលក់ទំនិញតាមរយៈប្រព័ន្ធអនឡាញ ហេតុនេះការសហការជាមួយសមាជិកដឹកជញ្ជូននឹងផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
កិច្ចព្រមព្រៀងមានសុពលភាព ២ ឆ្នាំនេះ ក៏មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការគ្នាតាមរយៈការបើកឱ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការក្នុងកម្មវិធីផ្សេងៗដល់សមាជិកសមាគមទាំង ២ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតក្នុងស្រុក និងក្រៅស្រុក។ ក្រៅពីនេះក៏នឹងមានការសហការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផងដែរ។ នេះបើតាមលោក ឈិន កេន។
បើតាមលោក ចាន់ដារ៉ា មកដល់ពេលនេះ LOBA បានចុះកិច្ចព្រមព្រៀងជាមួយសមាគមនានាចំនួន ៦ ក្នុងនោះនៅក្នុងប្រទេសមានចំនួន ៤ និងក្រៅប្រទេសចំនួន ២៕ LA