ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ (CBC) និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​ប្រចាំ​កម្ពុជា​ (TBCC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU) ក្នុង​ភាពជា​ដៃគូ​ដើម្បី​សហការគ្នា​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រជាជាតិ​នៃ​អាស៊ីអាគ្នេយ៍​ជិតខាង​គ្នា​ទាំង​ ២​។

MoU ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា រវាង​លោក សុធា សម្បត្តិ ប្រធាន CBC និង​លោកស្រី Jiranun Wongmogkol ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​ប្រចាំ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។

លោក សុធា សម្បត្តិ បានឱ្យ​ដឹងថា បេសកកម្ម​ស្នូល​របស់ CBC Thailand នឹង​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​សមាជិក​ទាំង​ ២ និង​សហគមន៍​ធុរកិច្ច​ថៃ និង​កម្ពុជា ព្រមទាំង​ដើម្បី​ធ្វើការ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ថៃ និង​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ដើម្បី​សម្រេច​ទិសដៅ​នេះ​យើង​ផ្ដល់​វេទិកា​ដ៏ទូលំទូលាយ​មួយ ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​សមាជិក អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​សំខាន់ៗ និង​រៀបចំ​សន្និសីទ សិក្ខាសាលា និង​ព្រឹត្តិការណ៍​ក្នុងចំណោម​សហគមន៍​ធុរកិច្ច​ថៃ និង​កម្ពុជា​»​។

លោក​បន្ថែមថា ការបង្កើត​បណ្ដាញ​សហការ​ដ៏រឹងមាំ​ជាមួយ​អង្គការ និង​សាជីវកម្ម​ដែល​ជាប់​ពាក់ព័ន្ធ គឺ​ពិតជា​កត្តា​ដ៏សំខាន់​មួយ​សម្រាប់​ការបំពេញ​បេសកកម្ម​របស់ CBC ខណៈ​ទិសដៅ​ស្នូល​របស់ TBCC នឹង​ផ្ដល់ព័ត៌មាន​ដល់​វិនិយោគិន​ថៃ​ដែល​ចាប់អារម្មណ៍ ឬ​ចូលមក​កម្ពុជា ហើយ​វា​ពិតជា​ដៃគូ​ជា​យុទ្ធសាស្ដ្រ​ដ៏ធំ​មួយ​ ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​។

លោក​លើកឡើង​ថា​៖ «​គោលបំណង MOU គឺ​ដើម្បី​ផ្ដល់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការតភ្ជាប់​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​សមាជិក​គ្រប់ភាគី​»​។

លោក​បន្ថែមថា ស្ថាប័ន​ទាំង​ ២ ​ក៏​អាច​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ ឬ​សកម្មភាព​អភិវឌ្ឍន៍​រួមគ្នា ដើម្បី​ពង្រីក​បណ្ដាញ​ពាណិជ្ជកម្ម​របស់​ពួកគេ ព្រមទាំង​ការគាំទ្រ​សកម្មភាព​រួម បណ្ដាញ​ទីផ្សារ ដើម្បី​លើកកម្ពស់​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ ការផ្លាស់ប្តូរ​វប្បធម៌ និង​ការតភ្ជាប់​សង្គម​។

លោកស្រី Jiranun ឱ្យដឹងថា ចាប់តាំងពី TBCC បង្កើត​ក្នុង​ឆ្នាំ​ ១៩៩៩ នៅ​កម្ពុជា លោកស្រី​ពិតជា​រីករាយ​ចំពោះ​មិត្តភាព​ជាមួយ​សហគមន៍​ពាណិជ្ជកម្ម​កម្ពុជា និង​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោកស្រី​ថ្លែងថា​៖ «MoU នេះ​គឺជា​ជំហាន​សំខាន់​ផ្សេង​មួយទៀត​សម្រាប់ TBCC ដែល​ផ្ដល់​ដល់​ពួកយើង​នូវ​ឱកាស​ដើម្បី​ធ្វើ​ការងារ​រួមគ្នា និង​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ ហើយនឹង​ផ្លាស់ប្តូរ​ព័ត៌មាន និង​សកម្មភាព​ដែល​នឹង​ជួយ​ដល់​ភាគី​ទាំង​ ២ ដើម្បី​សម្រេចបាន​គោលបំណង​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សា​ធុរកិច្ច​ទាំង​ ២ ​នេះ ខណៈដែល​ពួកគេ​នឹង​រួមចំណែក​ក្នុង​ការជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការវិនិយោគ​ស្របគ្នា​ជាមួយនឹង​យុទ្ធសាស្ដ្រ​សេដ្ឋ​កិច្ចការ​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ទី​ ៦ ខែកញ្ញា ថា​៖ «​ក្នុងនាម​ស្ថានទូត​ខ្ញុំ​តែង​គាំទ្រ​ជានិច្ច​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ឯកជន ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​។ ខ្ញុំ​យល់ថា ពិធី​ចុះ MoU រវាង CBC និង TBCC គឺ​ព្រឹត្តិការណ៍​ដ៏សំខាន់​ដែល​នឹងចូលរួម​ចំណែក​ដល់​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ​ទេ្វភាគី​កម្ពុជា-ថៃ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​»​។

លោក​បន្តថា ចាប់ពីពេលនេះ​ទៅ CBC នៅ​ទីក្រុង​បាងកក និង TBCC នៅ​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយជា​ស្ពាន​ជួយ​ផ្តល់ព័ត៌មាន​អំពី​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ ដូចជា​ការតភ្ជាប់​ពួកគាត់​ទៅនឹង​ដៃគូ​ពាណិជ្ជកម្ម​ដ៏ត្រឹមត្រូវ​ពិតប្រាកដ​។ លោក​ថ្លែងថា​៖ «​កិច្ចសហការ​នេះ ក៏​នឹង​បើកផ្លូវ​ដល់​សមាគម​ទាំង​ ២ ​នៅក្នុង​ការពង្រឹង​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​ជំនួប​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ដើម្បី​ផ្តល់ឱកាស​ធុរកិច្ច​ថ្មីៗ​ជូន​វិស័យ​ឯកជន ក្នុងការ​ពង្រីក​អាជីវកម្ម​ថែមទៀត ដែល​ទាំងអស់​នេះ​ស្រប​ទៅនឹង​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​ ២០២១-២០២៣»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​សម្រេចបាន ៧ ២៣៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ២៣,១៧ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដោយសារតែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​មានតម្លៃ ១ ១៤៨ ​លាន​ដុល្លារ​ធ្លាក់ចុះ ៤៩,៤៩ ​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ចំណែក​ការនាំ​ចូល​វិញ​មានតម្លៃ ៦ ០៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ១៤,៨០ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ស្ថិតិ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​៕ LA