ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Registration) ​សម្រាប់​ថ្នាក់ជាតិ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​បានឱ្យដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ e-Registration គឺ​ស្របទៅតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក​។ ការកសាង​រដ្ឋាភិបាល​ឌីជីថល គឺជា​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​បរិវត្តកម្ម​ឌីជីថល ដោយ​ផ្តោតលើ​ការពង្រឹង​សេវាសាធារណៈ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ជា​ស្នូល សំដៅ​ជំរុញ​ការវិនិយោគ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

សេចក្តី​ជូនដំណឹង​បន្តថា ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល និង​ឆាប់​រហ័ស​ដល់​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​ក្នុង​ការសុំ​លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ​សម្រាប់​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។

លោកស្រី សុខ ចាន់ដា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Angkor Data Communication Group Co Ltd (Mekong Net) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISPs) បានឱ្យដឹងថា​ការដាក់ឱ្យ​ប្រើប្រាស់ e-Registration នឹង​សម្រួល​ដល់​ការសុំ​ចុះបញ្ជី​វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ​សម្រាប់​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យនេះ​កាន់​ងាយស្រួល និង​ឆាប់រហ័ស​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​នឹង​ផ្តល់​ភាពងាយស្រួល​វិញ ដោយ​អ្វីៗ​យើង​ធ្វើតាម​អនឡាញ​មិនបាច់​ទៅ​​រង់ចាំ​ការចុះបញ្ជី​នៅ​កន្លែង​ផ្ទាល់​»​។

លោក សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹក​អ្នកដំណើរ និង​បញ្ញើ​ឆាប់រហ័ស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រព័ន្ធ​នេះ​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម និង​ចំណេញ​ពេលវេលា​បាន​ ១ ​កម្រិត​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ​។

លោក​ប្រាប់ថា​៖ «​ពិតណាស់ នៅពេលដែល​បច្ចេកវិទ្យា​ជឿនលឿន​វា​ធ្វើឱ្យ​យើង​ចំណេញ​ពេលវេលា និង​ការចំណាយ​របស់​យើង​។ ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ គឺជា​សញ្ញា​ល្អ​សម្រាប់​ដំណើរការ​អាជីវកម្ម​គ្រប់រូប​បែប ព្រោះ​ពីមុនមក​យើង​ពិបាក​ដើម្បី​ទៅរក​ការចុះបញ្ជី យើង​ខាត​ពេលវេលា ហើយ​ការចំណាយ​ក៏ច្រើន​ដែរ អ៊ីចឹង​ក្រសួង​ដាក់​ឱ្យប្រើ​ប្រព័ន្ធ​នេះ​វា​ងាយស្រួល​សម្រាប់​យើង​»​។

ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​អាច​ធ្វើការ​ដាក់​ពាក្យស្នើសុំ​តាមរយៈ​គេហទំព័រ service.mptc.gov.kh និង​ស្កេន QR Code ដើម្បី​ទាញយក​សៀវភៅ​ណែនាំ​ពី​ការប្រើប្រាស់​ប្រព័ន្ធ e-Registration នេះ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ e-Registration ដើម្បី​ជា​ជំនួយ​ដល់​ការស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន ហើយ​ក្រសួង​រីករាយ​នឹង​ទទួល​មតិយោបល់​ត្រឡប់​ពី​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​៕ LA