ភ្នំពេញៈ ការនាំចេញ​កង់​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៨ ​ខែ ដើមឆ្នាំ​ ២០២១ មាន​ចំនួន ១,៨៦ ​លាន​គ្រឿង ដោយ​ប្រមូល​បាន​ប្រាក់​សរុប​ជាង ៤១៦ ​លាន​ដុល្លារ កើន​ជាង ៨២​ លាន​ដុល្លារ​ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​។

ទិន្នន័យ​បង្ហាញថា ទោះបី​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​អូសបន្លាយ​ដែល​បង្ក​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​មួយចំនួន ក៏​ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​គិតពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ កម្ពុជា បាន​នាំចេញ​កង់​ក្នុង​ទឹកប្រាក់​សរុប ៤១៦,៨៥ ​លាន​ដុល្លារ កើនឡើង ២៤,៥៥ ​ភាគរយ​ស្មើនឹង​ចំនួន ៨២,១៧ ​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ ៨ ​ខែ​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៣៣៤,៦៧ ​លាន​ដុល្លារ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​ថា ទីផ្សារ​នាំចេញ​កង់​កម្ពុជា​បាន​រក្សា​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ភាព​វិជ្ជមាន​នេះ​បានមកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការបង្កើត​បាន​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់ អ្នកបញ្ជា​ទិញ​មាន​ទំនុកចិត្ត​លើ​ការផលិត និង​ការផ្គត់ផ្គង់​របស់​កម្ពុជា ជាពិសេស​ការគ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ បានល្អ ដើម្បី​ធានា​និរន្តរភាព​របស់​ខ្សែចង្វាក់​ផលិតកម្ម​។

លោក​អះអាងថា​៖ «​កំណើន​ទឹកប្រាក់​នៃ​ការនាំចេញ​កង់​ក្នុង​រយៈពេល​នេះ​គឺជា​ចំណែក​នៃ​កិច្ចខិតខំ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ឱ្យ​បន្ត​ការបញ្ជាទិញ ព្រម​ជាមួយ​នឹង​ទំនុកចិត្ត​របស់​អ្នកបញ្ជាទិញ​កង់​ពី​កម្ពុជា​ផងដែរ​»​។

យោងតាម​លោក ស៊ាង ថៃ គិត​ត្រឹម​ខែមីនា ឆ្នាំ​ ២០២១ នៅ​កម្ពុជា​មាន​រោងចក្រ​ដំឡើង​កង់​ធំៗ​ចំនួន ៥ នៅ​ខេត្តស្វាយរៀង គឺ​ក្រុមហ៊ុន A and J (Cambodia) Co., Ltd, ក្រុមហ៊ុន Speedtech Industrial Co., Ltd, ក្រុមហ៊ុន Smart Tech (Cambodia)Co.,Ltd, ក្រុមហ៊ុន Xds Bicycle (Cambodia)Co., Ltd និង​ក្រុមហ៊ុន Evergrand Bicycle (Cambodia)Co., Ltd​។

ប្រទេស​ទទួល​ទិញ​កង់​របស់​កម្ពុជា​មាន​ចំនួន ៥០ ក្នុងនោះ​ទីផ្សារ​គោលដៅ​សំខាន់ៗ​មានដូចជា អាមេរិក​, កាណាដា​, អាល្លឺម៉ង់ និង​អង់គ្លេស​។ នេះ​បើតាម​លោក ស៊ាង ថៃ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​និយាយថា ក្នុង​ទម្រង់​កំណើន​ការនាំចេញ​កង់​ជា​បន្តបន្ទាប់​នេះ អាច​កើតឡើង​ពី​កត្តា​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​កត្តា​ទាំងនោះ​រួមមាន ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម​ជំនាញ និង​មានតម្លៃ​សមរម្យ​, ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល និង​ទាក់ទាញ​, មាន​ទីផ្សារ​នៅ​ប្រទេស​ជាច្រើន និង​មាន​ការបញ្ជា​ទិញ​ច្រើន​។

លោក​ប្រាប់ថា​៖ «​កំណើន​នេះ​បានបង្ហាញ​ពី​សុខុមាលភាព​ឧស្សាហកម្ម​ផលិតកម្ម​នាំចេញ​កង់​កម្ពុជា ហើយក៏​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍​ផងដែរ ព្រោះ​ជា​ឧស្សាហកម្ម​មិនមែន​វាយនភណ្ឌ ដែល​គេ​ទទួលស្គាល់ថា មាន​ភាពរឹងមាំ និង​ជាប់លាប់​ជាង​វិស័យ​កាត់ដេរ​ (​ការវិនិយោគ​ដែល​មិន​ងាយ​ផ្លាស់ប្តូរ​ទីតាំង​)»​។

ជាមួយនឹង​ភាពសុទិដ្ឋិនិយម លោក វណ្ណៈ អះអាង​ថា ឧស្សាហកម្ម​ផលិត​កង់​នៅ​កម្ពុជា​នឹងមាន​កំណើន​ថែមទៀត​។ លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ពិពិធកម្ម​លើ​ផលិតផល​នាំចេញ​របស់​កម្ពុជា ក្រៅពី​ផលិតកម្ម​មិនមែន​កាត់ដេរ​។ នេះ​ជា​ចំណែក​មួយ​នៃ​ការនាំយក​ថវិកា​ពី​អន្តរជាតិ មកចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​»​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់​ក្នុងតម្លៃ​សរុប ៥២៧,០៨ ​លាន​ដុល្លារ កើនឡើង ២៧,៧៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែល​ធ្វើឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​អាស៊ាន និង​លេខ ៥ លើ​ពិភពលោក​ជា​ប្រទេស​នាំចេញ​ច្រើនជាងគេ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​៕ LA