ភ្នំពេញៈ ទេសចរ​ប្រមាណ​ជាង ៥ ម៉ឺន​នាក់​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ដំបូង​នៃ​ខែកញ្ញា ដែល​ភាគច្រើន​នៅ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​។ នេះ​បើតាម​លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​សប្ដាហ៍​ទី​១ ខែកញ្ញា​ (​ថ្ងៃទី​ ៤-៥) នៅ​ទូទាំង​ប្រទេស​ទទួលបាន​ភ្ញៀវទេសចរ ៥១ ០៤២ ​នាក់​ ​ក្នុងនោះ​ភ្ញៀវជាតិ​ ៥០ ១៣៤ ​នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ៩០៨ ​នាក់​។ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន ខេត្តកំពត ២៣ ៧៨៧ ​នាក់​, ខេត្ត​កែប ៤ ៩៥៥ ​នាក់​, ភ្នំពេញ ៤ ១៩០ ​នាក់​, សៀមរាប ៤ ០៤៣ ​នាក់ និង​នៅ​ខេត្តតាកែវ ៣ ៧០២ ​នាក់​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​ប្រទេស​បានចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរៗ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​បិទបញ្ចប់​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ១៩ ខែសីហា​។

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​ភាគច្រើន​បានអនុញ្ញាត​ឱ្យមាន​ដំណើរការ​ឡើងវិញ​សកម្មភាព​ទេសចរណ៍​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា ក្រោម​ការគ្រប់គ្រង​ប្រកប​ដោយ​ភាពហ្មត់ចត់ និង​ប្រយ័ត្ន​ប្រយែង ពិសេស ការពង្រឹង​ការអនុវត្ត​វិធានការ «៣ កុំ ៣ ការពារ​» ខណៈ រាជធានី-ខេត្ត​មួយចំនួន នៅ​បន្ត​ផ្អាក​ដំណើរការ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នៅឡើយ​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ស្របពេល​កំណើន​ប្រជាជន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ កើនឡើង នេះ​គឺជា​ពេលវេលា​ស័ក្តិសម​សម្រាប់​កម្ពុជា​ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ គ្រប់​ដូស​ឡើងវិញ​។

លោកស្រី​បាន​អះអាងថា​៖ «​សម្រាប់​ខ្ញុំ ការសិក្សា​ពី​លទ្ធភាព​ទទួលភ្ញៀវ​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គ្រប់​ដូស យើង​គួរតែ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ស្របពេល​ក្រសួងទេសចរណ៍​បានប្រកាស​ទទួល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ (ATF) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​មករា ឆ្នាំ​ ២០២២»​។

កាលពី​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០២១ ក្រសួងទេសចរណ៍​បាន​ដាក់ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​។

ការអនុវត្ត​វិធានការ​នេះ​ស្របតាម​វិធានការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​ទេសចរណ៍​នឹង​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត​ផ្សេងៗ​ទៀត​លើ​ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដោយ​ពិនិត្យ​ពិចារណា​លើ​ការបើក​ដំណើរការ​សកម្មភាព​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ឡើងវិញ ដោយ​ឈរលើ​អភិក្រម​បុរេសកម្ម ភាពបត់បែន និង​ជាក់ស្តែង​និយម ពិសេស​ដើម្បី​ត្រៀម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ដែល​ជិត​មកដល់ និង​ចូលរួម​ត្រៀម​រៀបចំ​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​នៅពេល​ខាងមុខ​ផងដែរ​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២១ ជនបរទេស​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ១០២ ៥៦០ នាក់ ធ្លាក់ចុះ ៩១,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA