ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (​គ.ស.អ.អ) បាន​ចាប់ផ្តើម​ប្រជុំ​ពិភាក្សា​គ្នា​លើក​ទី​៣ កាលពី​ថ្ងៃ​អង្គារ ដើម្បី​ជាការ​បើកផ្លូវ​ឈាន​ទៅ​រក​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EAEU)​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ចាប់ពី​ថ្ងៃទី ៧-៨ ខែ កញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្រោម​អធិបតីភាព​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រួម​សម្រាប់​ភាគី​កម្ពុជា ជាមួយ​សហប្រធាន​លោក Sergey GLACIEV សមាជិក​ក្រុម​ប្រឹក្សាភិបាល​រដ្ឋមន្ត្រី​ទទួលបន្ទុក​សមាហរណកម្ម និង​ម៉ាក្រូ​សេដ្ឋកិច្ច​នៃ គ.ស.អ.អ. និង​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​មួយចំនួនទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​ពិភាក្សា និង​តាមដាន​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​ដែល​ភាគី​ទាំង​ ២ សម្រេចបាន​កន្លងមក ហើយក៏​ដើម្បី​ស្វែងរក​នូវ​កាលានុវត្តភាព​ជា​សក្តានុពល​សម្រាប់​បន្ត​លើក​កម្ពស់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​រវាង​ភាគី​ទាំង​ ២​។

កិច្ចប្រជុំ​នេះ​ផ្តោតលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង​វិនិយោគ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គយ វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ វិស័យ​ទូរគមនាគមន៍ ការអភិវឌ្ឍ​ឌីជីថល និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ព្រមទាំង​វិស័យ​ឧស្សាហកម្ម ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ របាំង​បច្ចេកទេស​ពាណិជ្ជកម្ម បទប្បញ្ញត្តិ​បច្ចេកទេស និង​អនាម័យ និង​ភូតគាម​អនាម័យ កម្មសិទ្ធិ​បញ្ញា កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​ការប្រកួតប្រជែង​។

កិច្ចប្រជុំ​លើក​ទី​៣ ​នេះ​ធ្វើឡើង​អនុលោម​តាម​ក្របខ័ណ្ឌ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tigran Sarasyan ប្រធាន​ក្រុមប្រឹក្សាភិបាល គ.ស.អ.អ កាលពី​ថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ​ ២០១៦ ​នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធរុស្ស៊ី​។

អនុស្សរណៈ​នេះ​ធ្វើឡើង​ក៏​ដើម្បី​ស្វែងរក​ឱកាស​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​រដ្ឋ​ដែលជា​សមាជិក និង​ប្រទេស​កម្ពុជា ​ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​សមភាព តម្លាភាព ជំនឿ​ទុកចិត្ត និង​ការគោរព​គ្នា​ទៅវិញ-ទៅមក​។ នេះ​បើតាម​ខ្លឹមសារ​អនុស្សរណៈ​។

អនុស្សរណៈ​ខាងលើ​ឱ្យដឹងទៀតថា គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក៏​ជា​ការរួម​ចំណែក​ដល់​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋ​ជា​សមាជិក និង​កម្ពុជា ដើម្បី​ប្រសិទ្ធភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការលុបបំបាត់​របាំង​ពាណិជ្ជកម្ម​ផងដែរ​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ខែកក្កដា​ថា ពាណិជ្ជកម្ម​ដែលជា​ក្រសួងសាមី​ក្នុង​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-EAEU កំពុងធ្វើការ​យ៉ាងសកម្ម ដើម្បី​ជំរុញ​ការចាប់ផ្តើម​ចរចា​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងពាណិជ្ជកម្ម​ជឿជាក់​មុតមាំ​ថា​កិច្ចចរចា​នេះ​អាច​នឹង​ចាប់ផ្តើមបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដែលមាន​សហព័ន្ធរុស្ស៊ី​ជា​អ្នកសម្របសម្រួល​»​។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​តំណាងឱ្យ​ប្រទេស​ចំនួន​ ៥ រួមមាន​រុស្ស៊ី​, អាមេនី, បេឡារុស​,​កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដែលមាន​ប្រជាជន​សរុប​ជាង ១៨៤ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០​។ EAEU មាន​ផលិតផល​ក្នុងស្រុក GDP សរុប ៤,៧៧ ​ពាន់​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង EAEU ឆ្នាំ​ ២០២០ មាន​ ៦៧,៣៧ ​លាន​ដុល្លារ កើន​ ១៨,២២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA