ភ្នំពេញៈ អេស៊ីលីដា ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​ឈានមុខ​មួយ​នៅ​កម្ពុជា បាន​បម្រុង​ទុក​មូលនិធិ​ ៧៩ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២២ ខាងមុខ​ដើម្បី​គាំទ្រ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ដែល​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​អំឡុងពេល​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។ នេះ​បើ​យោងតាម​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​មួយ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​។

លោក អ៊ិន ចាន់នី ឱ្យដឹងថា ធនាគារ​អេស៊ីលីដា​មាន​កំណើន​ដ៏រឹងមាំ​ទាំង​ប្រាក់​សន្សំ ប្រាក់​បញ្ញើ និង​ផលបត្រកម្ចី​។ គិត​ត្រឹម​ចុងខែ​សីហា ប្រាក់​សន្សំ និង​ប្រាក់​បញ្ញើ បាន​កើនឡើង ៥,១៣ ​ពាន់​លាន​ដុល្លារ កើន ១៥,៤៥ ​ភាគរយ និង​ផលបត្រ​កម្ចី ៤,៨ ​ពាន់​លាន​ដុល្លារ កើន ១០,៤៤ ​ភាគរយ​ធៀប​ទៅនឹង​ចុងខែ​ធ្នូ ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​កំណើន​ដ៏រឹងមាំ​ទាំងនេះ​លើសពី​ភាពគ្រប់គ្រាន់​ក្នុង​ការគាំទ្រ​កំណើន​រយៈពេល​ខ្លី​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។ ជាធម្មតា​សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវការ​កម្ចី​រយៈពេល​វែង​ពី​ ៣-៥ ​ឆ្នាំ​។ ធនាគារ​អេស៊ីលីដា តែង​រៀបចំ​ផែនការ​ជាមុន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មូលនិធិ​រយៈពេល​វែង​សម្រាប់​ឆ្នាំ​ ២០២២ និង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ដើម្បី​គាំទ្រ​ដល់​តម្រូវការ​របស់ SMEs អេស៊ីលីដា កៀរគរ​មូលនិធិ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​គាំទ្រ​កំណើន​របស់ SMEs​។ លោក​បញ្ជាក់ថា​៖ «​ប្រាក់ ៧៩ ​លាន​ដុល្លារ​គឺជា​ផែនការ​មូលនិធិ​សម្រាប់​ឆ្នាំ​បន្តទៀត​របស់​យើង​»​។

លោក​ពន្យល់ថា មូលនិធិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្ចី​រួមបញ្ចូល​គ្នា​ចំពោះ​ធនាគារ​អេស៊ីលីដា ហើយ​ធនាគារ​អេស៊ីលីដា នឹង​ប្រើប្រាស់​មូលនិធិ​នេះ​សម្រាប់ SMEs ក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ការណ៍​នេះ​គឺជា​ការត្រៀមខ្លួន​រួចហើយ​សម្រាប់​កំណើន បន្ទាប់ពី​ការរីករាលដាល​កូវីដ​ ១៩​។

លោក​លើកឡើងថា ក្នុង​រយៈពេល​ខ្លី ធនាគារ​អេស៊ីលីដា ប្រើប្រាស់​មូលនិធិ​ក្នុងស្រុក​ (​ប្រាក់​សន្សំ និង​ប្រាក់​បញ្ញើ​សាធារណៈ​) ដោយឡែក​សម្រាប់​ការផ្ដល់​មូលនិធិ​រយៈពេល​វែង ធនាគារ​អេស៊ីលីដា ប្រើប្រាស់​ទាំង​មូលនិធិ​អន្តរជាតិ និង​ក្នុងស្រុក​។

លោក ចាន់នី បន្ថែមថា​៖ «​សម្រាប់​ជំងឺ​កូវីដ​ ១៩ គេ​គួរតែ​ចងចាំ​ថា វា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​រួចទៅហើយ​។ យើង​មិន​គួរឱ្យ​ពួកគេ​បញ្ឈប់​អាជីវកម្ម​ពួកគេ​ឡើយ​។ យើង​ចាំបាច់​ត្រូវធ្វើ​ឱ្យមាន​ការបន្ត​សកម្មភាព និង​កំណើន​ ដើម្បី​គាំទ្រ​អាជីវកម្ម​ផ្សេងទៀត ដូច្នេះ​យើង​ម្នាក់ៗ​មិនត្រូវ​ចុះចាញ់​នោះទេ​»​។

កាលពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ​ ២០២១ នេះ ធនាគារ​សហគ្រាស ធុន​តូច និង​មធ្យម ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ (SME Bank) ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​គម្រោង​ផ្ដល់​ហិរញ្ញប្បទាន​រួម​ដំណាក់កាល​ទី​ ២» ដើម្បី​គាំទ្រ​សកម្មភាព​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) និង​កាត់បន្ថយ​ការបារម្ភ​សេដ្ឋកិច្ច​ ដោយសារតែ​ជំងឺ​កូវីដ​ ១៩​។

ដំណាក់កាល​ទី​ ២ ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ បន្ទាប់ពី​ការសម្រេចបាន​លទ្ធផល​វិជ្ជមាន​នៅ​ដំណាក់កាល​ទី​ ១ ដោយ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម​ផ្ដល់​ហិរញ្ញប្បទាន​ដល់ SME ដើម្បី​រក្សា​ដំណើរការ​អាជីវកម្ម និង​លើកកម្ពស់​ការស្ទុះ​ងើបឡើង​សេដ្ឋកិច្ច​។

មូលនិធិ​នេះ ស្ថិតក្រោម​គម្រោងការ​ផ្ដល់​ហិរញ្ញប្បទាន​រួម​ចំនួន ១០០ ​លាន​ដុល្លារ ដែលជា​មូលនិធិ​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ SME Bank និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​។

បច្ចុប្បន្ននេះ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ចំនួន​ ២៦ ក្នុងនោះ​ធនាគារពាណិជ្ជ ២១ ធនាគារ​ឯកទេស ១ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៤ ក្នុងចំណោម​នោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៣ ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​ប្រាក់​បញ្ញើ​។

យោងតាម​លោក ចាន់នី ធនាគារ​អេស៊ីលីដា បាន​ចាប់ផ្ដើម​ប្រហែល ១៥ ​លាន​ដុល្លារ​ក្នុងដំណាក់កាល​ទី ​១ និង​រៀបចំ​ផែនការ​ដើម្បី​បង្កើន​ ២ ​ដង​ក្នុងដំណាក់កាល​ទី​ ២ នេះ​៕LA