ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ (​ក.ស.ឌ.) ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​សង្គម​ឌីជីថល​ក្នុង​ការជំរុញ​សម្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​ថ្មី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៅ​ថ្ងៃទី​ ៨ ខែកញ្ញា​។

ព្រះរាជក្រឹត្យ​បាន​ឱ្យ​ដឹងថា ក.ស.ឌ. ត្រូវបាន​បង្កើត​សម្រាប់​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ក្នុង​ការដឹកនាំ​សម្របសម្រួល និង​ការជំរុញ​ការកសាង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​បរិវត្តកម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​ទាំង​រដ្ឋ ពលរដ្ឋ និង​ធុរជន ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​។

ក.ស.ឌ. មាន​តួនាទី និង​ភារកិច្ច​កំណត់​ចក្ខុវិស័យ និង​គោលការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល តម្រង់ទិស រៀបចំ និង​ដាក់ចេញ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ព្រមទាំង​កំណត់​យន្តការ​អនុវត្ត តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​។

ក.ស.ឌ. ក៏មាន​តួនាទី​លើកសំណើ​ផ្តល់យោបល់​ជូន​រដ្ឋាភិបាល​លើ​ការរៀបចំ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​អាចមាន​កម្មវិបាក​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ហើយនឹង​លើ​អនុសាសន៍​ជូន​រដ្ឋាភិបាល​លើ​ផែនការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​មាន​តួនាទី​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ទៀត​។ ក.ស.ឌ. មាន​គណៈកម្មាធិការ​ជំនាញ ៣ ដែលជា​សេនាធិការ​លើ​ការងារ​បច្ចេកទេស រួមមាន គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល និង​សន្តិសុខ​ឌីជីថល​។

ក.ស.ឌ. ត្រូវបាន​បង្កើតឡើង​ស្រប​ទៅ​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​កាលពី​ថ្មីៗ​នេះ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ក្នុង​ឯកសារ​នោះ​ថា ចក្ខុ​វិស័យនេះ​ត្រូវ​សម្រេច​ឱ្យបាន​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០៣៥ ហើយ​អនុលោម​តាម​គោលការណ៍​ចំនួន ៣ គឺ​ការកសាង​មូលដ្ឋានគ្រឹះ​ឌីជីថល ការចាប់យក​ឌីជីថល និង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ស្ថិតក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ នឹង​ក្លាយជា​ផ្នែក​ដ៏សំខាន់​នៃ​ក្របខ័ណ្ឌ​ផែនការ​ស្តារ សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការទាក់ទាញ​វិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ការជំរុញ​ការបង្កើត​ធុរកិច្ច​ថ្មី​»​។

លោក ប៊ិន សុជាតិ ទីប្រឹក្សា​ស្ថាបនិក​នៃ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​ឌីជីថល «​ពេទ្យ​យើង​» និង​ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​ចល័ត​កម្ពុជា-សិង្ហបុរី e-Health MyCLNQ បានឱ្យដឹងថា បើ​ទោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​ហាក់​យឺត​ជាងគេ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​លោក​ជឿថា នេះ​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការពង្រឹង​សមត្ថភាព​។

លោក​អះអាងថា​៖ «​យើង​ត្រូវ​ពង្រីក​សមត្ថភាព បង្កើន​ភាពច្នៃប្រឌិត​ផលិត​បច្ចេកវិទ្យា​ ដើម្បី​ឱ្យ​សហគមន៍​សេដ្ឋកិច្ច ឬ​សហគមន៍​អាជីវកម្ម​ប្រើប្រាស់​អាច​ដំណើរការ​ក្នុង​សម័យ​បច្ចេកវិទ្យា​តាម​គន្លង​ថ្មី​ឱ្យទាន់​គេ​»៕ LA