ភ្នំពេញៈ ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ប្រតិបត្តិករ និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​ចុះបញ្ជី​ចំនួន​បុគ្គលិក​របស់ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ រួច​ក្នុង​កម្មវិធី Telegram BOT ដែលជា​ផ្នែក​មួយ​ជំរុញ​ការបើក​ដំណើរការ​នៃ​វិស័យនេះ​កាន់តែ​ទូលំទូលាយ​ឡើងវិញ ស្របពេល​រដ្ឋាភិបាល​កំពុង​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​បាន​ជាង​ ៩៦ ​ភាគរយ​នៃ​ចំនួន​ដែល​បានកំណត់​។

កម្មវិធី Telegram BOT ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​ ១២ ខែសីហា និង​បានធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ស្តីពី​ការបញ្ចូល​ទិន្នន័យ​បុគ្គលិក​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រួច​តាម​ប្រព័ន្ធ Telegram BOT កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ដោយមាន​ការចូលរួម​ពី​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ ១២៧ ​នាក់​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ៨ ខែកញ្ញា​ថា ចំពោះ​កម្មវិធី Telegram BOT នេះ ក្រសួង​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ទិន្នន័យ​របស់​អាជីវកម្ម​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​។

លោក​បាន​និយាយថា​៖ «​កាលណា​គាត់​បញ្ចូល​ទិន្នន័យ​រួចរាល់​ក្នុង Telegram BOT គឺ​យើង​អាច​គ្រប់គ្រង​ទិន្នន័យ​ទាំងអស់​បាន​ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ប្រមូល​ព័ត៌មាន ជាពិសេស​ខាង​អាជីវកម្ម​ក៏​ពួកគាត់​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ភ្ញៀវទេសចរ​ដែល​ទៅលេង​កន្លែង​របស់គាត់​ដែរ​»​។

បើ​យោងតាម​លោក សុភ័ក ចំពោះ​ស្ថានភាព​ភ្ញៀវទេសចរ ក្រសួង​សង្កេតឃើញ​ថា មាន​ចលនា​ទេសចរ​ផ្ទៃក្នុង​បណ្តើរៗ​ខ្លះ​ហើយ បន្ទាប់ពី​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​។​

លោក​បន្ថែមទៀត​ថា​៖ «​យ៉ាងណាក្តី​ក្រសួង​ទេសចរណ៍​បាន​ធ្វើការងារ​នេះ​ជាមួយ​រដ្ឋបាលខេត្ត​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើការងារ​នេះ​ឱ្យបាន​ល្អប្រសើរ​នៅក្នុង​ដំណាក់កាល​កូវីដ​ ១៩ ​នេះ​។ មានន័យថា កន្លែង​ណា​ដែល​យើង​អាច​បើក​បាន គឺ​យើង​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត ហើយ​កន្លែង​ណា​ត្រូវ​បិទខ្ទប់ គឺ​យើង​ត្រូវ​បិទ​តាម​កន្លែងៗ​»​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា នៅក្នុង​សប្ដាហ៍​ទី​១ នៃ​ខែកញ្ញា (​ថ្ងៃទី​ ៤-៥) នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន ៥១ ០៤២ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ចំនួន ៥០ ១៣៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៩០៨ ​នាក់​។

លោក​បន្តថា សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បានចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរៗ​ឡើងវិញ​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​បិទបញ្ចប់​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ទី​ ១៩ ខែសីហា ឆ្នាំនេះ ទោះបី​ចំនួន​ភ្ញៀវទេសចរ​សរុប​នៅ​មិនទាន់​មាន​ចំនួន​ច្រើន​ក៏ដោយ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី​ ៧ ខែកញ្ញា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង មាន ៩៦,៣៧ ​ភាគរយ​ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ និង​កុមារ​អាយុ​ពី​ ១២ ទៅ​ក្រោម ១៨ ​ឆ្នាំមាន ៨៥,៩៧ ​ភាគរយ​ធៀប​គោលដៅ ១ ៩៦៦ ៩៣១ នាក់​។

លោក តុប សុភ័ក យល់ឃើញ​ថា ការបង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​គឺជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការលើកស្ទួយ និង​ស្រោចស្រង់​វិស័យនេះ​។ លោក​អះអាង​ថា​៖ «​សម្រាប់​ការពន្លឿន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ របស់​រាជរដ្ឋាភិបាល​នេះ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការធ្វើឱ្យ​មាន​ភាពស៊ាំ​នៅក្នុង​សហគមន៍ ដូច្នេះ​ពេល​យើង​មាន​ភាពស៊ាំ​ក្នុង​សហគមន៍ គោលដៅ​ទេសចរណ៍​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរៗ ព្រោះ​ប្រជាពលរដ្ឋ​មាន​ភាពស៊ាំ​គ្រប់​ទីកន្លែង​អស់ហើយ ដែល​នេះ​ជា​ការរួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​»​។

កាលពី​ថ្ងៃទី​ ១ ខែ​​ កញ្ញា ឆ្នាំ​ ២០២១ ក្រសួងទេសចរណ៍​បាន​ដាក់ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ជាតិ-អន្តរជាតិ​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ជនបរទេស​ធ្វើដំណើរ​មក​កម្ពុជា​មាន​ ១០២ ៥៦០ ​នាក់ ធ្លាក់ ៩១,៣ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕ LA