ទីក្រុងហ្វ្រែងហ្វឺតៈ ទេសាភិបាល​ទាំងឡាយ​នៃ​ធនាគារកណ្តាល​អឺរ៉ុប​ (ECB) ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោម​សម្ពាធ​ ដើម្បី​បញ្ជាក់​នូវ​ផែនការ​បញ្ចេញ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ ពេល​ដែល​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​ងើបឡើង​វិញ​ពី​ការរីករាលដាល ហើយ​អតិផរណា​កើនឡើង​ខ្ពស់ជាង​។

តួលេខ​កែសម្រួល​ឡើងវិញ​នៅ​សប្តាហ៍​នេះ​បាន​បង្ហាញថា សេដ្ឋកិច្ច​នៅក្នុង​តំបន់​ដែលមាន​ ១៩ ​ប្រទេស​កើនឡើង​ប្រសើរ​ជាង​ការព្យាករ​ចំនួន​ ២,២ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​ពីរ បន្ទាប់ពី​ប្រទេស​ទាំងឡាយ​បាន​បន្ធូរបន្ថយ​ការរឹតត្បិត​ដោយសារ​វីរុស​របស់​ពួកគេ​។

ពេលនេះ ធនាគារ ECB ប្រឈម​នឹង​ទង្វើ​ដ៏ពិបាក​ក្នុង​ការសម្រេចចិត្ត​ថា​តើ​ពេលណា​ និង​របៀប​ដើម្បី​កាត់បន្ថយ​ការគាំទ្រ​ចំពោះ​ជំងឺ​រាតត្បាត​ដ៏ធំ​របស់ខ្លួន ហើយ​ទំនាក់ទំនង​វា​ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការងើប​ឡើងវិញ​ ឬ​ទីផ្សារ​ភ័យខ្លាច​។

ក្នុង​សហរដ្ឋអាមេរិក ដែល​ការងើប​ឡើងវិញ​ត្រូវបាន​គេ​មើលឃើញ​មាន​រយៈពេល​វែង​បន្តទៀត ធនាគារកណ្តាល​អាមេរិក​បានចង្អុលបង្ហាញ​រួចរាល់​ហើយ​ថា ខ្លួន​អាច​ចាប់ផ្តើម​ដកចេញ​នូវ​វិធាន​ការជួយ​ជំរុញ​ត្រឹម​ចុង​ឆ្នាំនេះ​។

កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៃ​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារ​ដែល​មាន​សមាជិក​ ២៥ ​រូប​នឹង​ជា​កិច្ចប្រជុំ​លើក​ទី ២ ចាប់តាំងពី​ធនាគារកណ្តាល​អឺរ៉ុប​បាន​ដៅ​អតិផរណា​របស់ខ្លួន​តិចតួច ដែល​ជា​ការផ្លាស់ប្តូរ​ដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០០៣​។

ធនាគារកណ្តាល​ពេលនេះ​កំពុង​បង្ហាញ​ឲ្យ​ឃើញ​អតិផរណា​ពីរ​ភាគរយ​ជំនួស​ឱ្យ​តួលេខ​ដែល​តិចជាង​នេះ ហើយនឹង​អត់ធ្មត់​ចំពោះ​ការដាក់​គោលដៅ​ហួស​កំរិត​ ឬ​មិន​ត្រឹមត្រូវ​។

អតិផរណា​នៅ​តំបន់​អឺរ៉ុប​កើនឡើង​ដល់​ ៣ ​ភាគរយ​ក្នុង​ខែសីហា ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ ១ ​ទសវត្សរ៍ ដែល​រុញច្រាន​ដោយ​ការរីករាលដាល​ជំងឺ និង​កង្វះខាត​ជា​សកល​នៃ​សម្ភារៈ​ដូចជា ឧបករណ៍​ពាក់កណ្តាល​ចម្លង​អេឡិចត្រូនិក ប្លាស្ទិក និង ដែក​។

ប្រធាន​ធនាគារ ECB លោកស្រី Christine Lagarde កាលពីពេល​ដំបូង​បាន​សន្យា​ពិនិត្យមើល​អ្វីដែល​ធនាគារ​ជឿថា​ជា​ការកើនឡើង​អតិផរណា​បណ្តោះអាសន្ន ហើយ​អ្នកធ្វើ​គោលនយោបាយ​រំពឹងថា តម្លៃ​ប្រើប្រាស់​នឹង​កើនឡើង​បន្ថែមទៀត​ក្នុង​ខែ​ខាងមុខ មុន​ការធ្លាក់ចុះ​មកវិញ​។

Isabel Schnabel ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ធនាគារ ECB បាន​និយាយ​កាលពី​ខែ​មុន​ថា​៖ «​យើង​កាន់តែ​ព្រួយបារម្ភ​អំពី​អត្រា​អតិផរណា​ចុះ​ទាប​ខ្លាំង​ក្នុង​រយៈពេល​មធ្យម​ជាង​កាន់​ឡើង​ខ្ពស់​»​។

ជា​លទ្ធផល អ្នក​សង្កេត​ទាំងឡាយ​មិន​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​អត្រា​ការប្រាក់​ទាប​ជា​ប្រវត្តិសាស្ត្រ​របស់ ECB ឬ​ការកែប្រែ​បន្តិចបន្តួច​ចំពោះ​កម្មវិធី​ទិញ​មូលបត្រ​បំណុល​ដ៏ធំ​របស់ខ្លួន​នោះទេ បើទោះបីជា​សមាជិក ECB ដែលមាន​ភាពរឹងមាំ​ជាង​នេះ​បង្ហាញ​ពី​ការត្រៀមខ្លួន​ ដើម្បី​កាត់បន្ថយ​ការជំរុញ​ក៏ដោយ​៕ RR