ភ្នំពេញៈ សប្បាយ​អស្ចារ្យ (Sabay Osja Co., Ltd.) បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បានដាក់​ពាក្យ និង​ទទួលបាន​អាជ្ញាប័ណ្ណ​តាមរយៈ​ការស្នើសុំ​វិញ្ញាបនបត្រ​សេវា​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Single Portal) ដំណាក់កាល​ទី​២​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន Sabay Osja បានដាក់​ពាក្យស្នើសុំ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នា​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០២១ ហើយ​ទទួល​ការឯកភាព​លើ​ការស្នើសុំ​វិញ្ញាបនបត្រ​នៅ​ថ្ងៃទី​ ២ ខែ កញ្ញា ឆ្នាំ​ ២០២១​។

លោក អៀ អ៊ុយ អគ្គនាយក​ក្រុមហ៊ុន Sabay Osja បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការស្នើសុំ​អាជ្ញាបណ្ណ ឬ​លិខិតអនុញ្ញាត​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​ទាំងស្រុង​តាម​គេហទំព័រ www.registrationsevices.gov.kh​។ ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​នេះ​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​។

លោក​ប្រាប់ថា​៖ «​ប្រព័ន្ធ​នេះ​បង្កលក្ខណៈ​ងាយស្រួល ដោយ​យើង​ត្រូវបំពេញ​បែបបទ​ដោយ​ខ្លួនឯង ហើយ​ដំណើរការបាន​លឿន​។ ក្រុមហ៊ុន​ខ្ញុំ​បាន​បង្កើត User ថ្មី និង​ចុះបញ្ជី​ថ្មី ពិសេស​ការបង់​កម្រៃ​សេវា​ខ្ញុំ​ធ្វើតាម​អនឡាញ​ទាំងអស់​។ ខ្ញុំ​បានដាក់​ពាក្យ​ក្នុង​ថ្ងៃទី​ ១ ខែកញ្ញា ២-៣ ​ថ្ងៃ​ក្រោយមក​យើង​អាច​ទាញយក​វិញ្ញាបនបត្រ​មកប្រើប្រាស់​ជា​ផ្លូវការ​បាន​ភ្លាមៗ ពិតជា​ងាយស្រួល​មែន​ប្រព័ន្ធ​នេះ​»​។

កាលពី​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ ២០២១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ Single Portal ក្នុងដំណាក់កាល​ទី២ ដោយបាន​បញ្ចូល​ក្រសួង​ស្ថាប័ន​ចំនួន ៤ ​បន្ថែម​ដើម្បី​ពង្រីក​វិសាលភាព​ការផ្តល់​អាជ្ញាប័ណ្ណ​។

ក្រសួង-ស្ថាប័ន​ទាំង​ ៤ រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​ទេសចរណ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

ក្នុង​កម្មវិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ​ដំណាក់កាល​ទី​២ នៃ Single Portal លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រព័ន្ធ Single Portal ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​កែប្រែ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ក្នុងទិសដៅ​លើកកម្ពស់​ភាពប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​ចូលរួមចំណែក​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ តាមរយៈ​ការធ្វើ​ឌីជីថលូបនីយកម្ម​សេវាសាធារណៈ​។

លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ដំណើរការ Single Portal នៅ​ដំណាក់កាល​ទី២ ​នេះ បង្ហាញ​យ៉ាងច្បាស់​ពី​ការកែទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ដែល​សម្រេចបាន​លទ្ធផល​ល្អ​ដូច​ការគ្រោងទុក​»​។

ក្នុង​ដំណាក់កាល​ទី​១ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ Single Portal ក្នុង​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២០ ដោយមាន​ក្រសួង​ស្ថាប័ន ៦ រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មាន​ចំនួន ៧ ៧១៥ និង​មាន​ដើមទុន​សរុប​ជិត ៣ ពាន់​លាន​ដុល្លារ​៕ LA