ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨

ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និង រៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យ។ នេះជាលើកទី ២ ហើយ ដែលធនាគារវីង បានចូលរួមប្រារព្ធពីធីនេះ។

លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «ក្នុងនាមជាម្តាយមួយរូបនៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេស នៅពេលដែលកូនឈឺនិងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត»។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគធនធានផ្ទាល់ខ្លួននូវទឹកប្រាក់ចំនួន ១០ លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។

ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន ២០ លានរៀល ព្រមទាំងបានលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណៈជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឱ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃដល់សប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកាតាមរយៈសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០ លានរៀល និងបានផ្សព្វផ្សាយតាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទដល់សាធារណៈជនទូទាំងប្រទេសផងដែរ។

មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុនៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថាមន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនដល់កុមារដែលងាយរងគ្រោះដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។

ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌ទេសនាជាធម្មទានដោយធម្មកថិកល្បីៗតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហា និង បញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។

​លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរក្នុងពិធីទទួលជំនួយជាថវិកាពីធនាគារវីង។ Supplied

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាពនិងក្តីមេត្តា។

លោកបានបន្តថា៖ «តាងនាមឱ្យមន្ទីរពេទ្យកុមារអង្គរ ក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ម្ចាស់ជំនួយដទៃផ្សេងទៀតចំពោះការរួមចំណែកដ៏មានតម្លៃនេះ»។

មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជាដែលបានពិនិត្យនិងព្យាបាលកុមារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីពេទ្យនេះបានផ្តល់ការព្យាបាលដល់កុមារប្រមាណ ៤០០ នាក់ និងបានចំណាយទឹកប្រាក់ ៦ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យនិងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិត គិលានុបដ្ឋាកនិស្សិតវេជ្ជសាស្ត្រ និង បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចំនួន ៧៣ ៩០៨ នាក់ និង អប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧ នាក់។

ដោយសារវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬ សកម្មភាពរៃអង្គាសមួយចំនួនធំមិនអាចប្រព្រឹត្តិទៅបានហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬ សប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យក៏មានការធ្លាក់ចុះ។

អតិថិជនវីង ដែលមានបំណងចង់ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ពួកគេអាចធ្វើការបរិច្ចាគធនធានរបស់ពួកគេតាមរយៈភ្នាក់ងារវីង ជិត ១ ម៉ឺនកន្លែង ឬ តាមរយៈកម្មវិធី ស្មាតហ្វូនវីង ដោយឥតគិតថ្លៃ។ អតិថិជនក៏អាចធ្វើការបរិច្ចាគតាមលេខគណនីជាប្រាក់រៀល «៩១២២» ឬ ប្រាក់ដុល្លារ តាមគណនីលេខ «៨១២២»៕