ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​តម្រូវ​ឱ្យ​សហគ្រាស​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា​ក្នុង​ស្រុក​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​ដំឡើង​ឧបករណ៍​វាស់ចំណុះ​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា​ដែល​កាតព្វកិច្ច​ត្រូវបាន​ដាក់ចេញ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់ប្រភេទ​ជាពិសេស​ចំណូល​អាករ​ពិសេស​លើ​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា។

សេចក្តីណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឱ្យ​ដឹងថា កាតព្វកិច្ច​នេះ​ត្រូវ​បាន​ធ្វើឡើង ដើម្បី​ឱ្យ​ការ​អនុវត្ត​កាតព្វកិច្ច​ដំឡើង និង​ប្រើប្រាស់​ឧបករណ៍​វាស់ចំណុះ ប្រកប​ដោយ​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ និង​ប្រើប្រាស់​ទាន់​ពេលវេលា​កំណត់ ផងដែរ។

សេចក្តី​ណែនាំ​នេះ បាន​បន្ត​ថា អគ្គនាយកដ្ឋាន​ពន្ធដា​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា​ក្នុងស្រុក ទាំងអស់​ចំនួន ៤ ចំណុច រួមមាន សហគ្រាស​ផលិត​ត្រូវ​ដំឡើង​ឧបករណ៍​វាស់ចំណុះ​នៅ​ក្នុង​ទីតាំង​រោងចក្រ​ផលិត​របស់​ខ្លួន​នូវ​នាឡិកា​វាស់ចំណុះ (Flowmeter) នាឡិកា​វិភាគ​សារធាតុរាវ (Conductivity Meter) នៅ​គ្រប់ខ្សែ​ច្រវាក់​ផលិតកម្ម​វេចខ្ចប់ និង​ប្រអប់​ត្រួតពិនិត្យ​ទិន្នន័យ (Field Control Box) មួយ​នៅ​ក្នុង​រោងចក្រ ព្រមទាំង​អាច​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយផ្ទាល់​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ (Network) របស់​អគ្គនាយកដ្ឋាន​ពន្ធដា។

សហគ្រាស​ផលិត​ត្រូវ​អនុវត្ត​តាម​ពេលវេលា​ដែល​បាន​កំណត់ គឺ​ចាប់ពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវ​ធ្វើការ​បញ្ជា​ទិញ​ឧបករណ៍​វាស់ចំណុះ​ទៅ​កាន់​អ្នកផ្គត់ផ្គង់ ហើយ​ចាប់ពី​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវ​ធ្វើការ​ដំឡើង​ឧបករណ៍​វាស់ចំណុះ ដោយ​ក្រុម​អ្នក​បច្ចេកទេស​របស់​សហគ្រាស​ផ្គត់ផ្គង់ និង​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រមទាំង​ចាប់ពី​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ​ ២០២១ នឹង​ចាប់ផ្តើម​អនុវត្ត​ប្រើប្រាស់​ឧបករណ៍​វាស់ចំណុះ។

សហគ្រាស​ផលិត​ត្រូវ​ធ្វើការ​បញ្ជាទិញ​ដោយ​ផ្ទាល់​នូវ​ឧបករណ៍​វាស់ចំណុះ (ទាំង Hardware និង Software) ពី​សហគ្រាស​ផ្គត់ផ្គង់​ដែល​ទទួលស្គាល់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​អាច​ធ្វើការ​បញ្ជាទិញ​ដោយផ្ទាល់​នូវ​ឧបករណ៍​វាស់ចំណុះ (ទាំង Hardware និង Software) ពី​ក្រុមហ៊ុន Montelektro មាន​អាសយដ្ឋាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេសក្រូអាត សហភាពអឺរ៉ុប ដែល​មាន​គេហទំព័រ www.montelektro.hr និងE-mail; info@montelektro.hr។

ក្នុង​ករណី​ដែល​សហគ្រាស​ផលិត​ជួប​ការលំបាក​ក្នុង​ការ​បញ្ជាទិញ​ម្ចាស់​សហគ្រាស​អាច​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ធ្វើការ​សម្របសម្រួល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ជួយ​សម្របសម្រួល​ក្នុង​ដំណើរការ​ទាំងមូល​នៃ​ការ​រៀបចំ​អនុវត្ត​ការ​ដំឡើង​ឧបករណ៍​វាស់ចំណុះ​នៅតាម​សហគ្រាស​ផលិត​ក្នុងស្រុក។

ចាប់ពី​ថ្ងៃទី ២៥ ខែ​ វិច្ឆិកា ឆ្នាំ ២០២១ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ធ្វើការ​ត្រួតពិនិត្យ និង​តាមដាន​ការ​អនុវត្ត​ការ​ដំឡើង​ឧបករណ៍​វាស់ចំណុះ​នៅ​តាម​បណ្តា​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា ព្រមទាំង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​ចំពោះ​សហគ្រាស​ដែល​មិនបាន​អនុវត្ត​តាម​សេចក្តី​ណែនាំនេះ។

អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ម្ចាស់​សហគ្រាស​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា​ក្នុងស្រុក​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​នេះ​ដោយ​ការ​ទទួល​ខុសត្រូវ និង​ប្រសិទ្ធភាពខ្ពស់៕