ភ្នំពេញៈ Telcotech ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុផលិតផល Royal Group ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​បាន​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដោយ​ប្រមូល​មូលនិធិ​ថ្មី​ ២០ ​លាន​ដុល្លារ សម្រាប់​ផែនការ​ពង្រីក​អាជីវកម្ម​។

លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group បានឱ្យដឹង​ក្នុងអំឡុងពេល​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​តាម​អនឡាញ​កាលពី​ថ្ងៃទី​ ៩ ខែ កញ្ញា ឆ្នាំ​ ២០២១ ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលនិធិ​ការធានា​ឥណទាន និង​មធ្យោបាយ​វិនិយោគ (CGIF) ជា​ភ្នាក់ងារ​ធានា​ឥណទាន​មួយ​ដែល​បង្កើតឡើង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​សមាជិក​អាស៊ាន​បូក​ ៣ ដែល​រួមមាន​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​។ CGIF នឹង​ផ្ដល់​ការធានា​ឥណទាន​ដែល​គ្របដណ្ដប់​លើទឹក​ប្រាក់​ចំនួន ៨០ ​ពាន់​លាន​រៀល (២០ ​ដុល្លារ​អាមេរិក​)​។

លោក​អះអាង​៖ «​ក្រុមហ៊ុន Ezecom រួមជាមួយ​ក្រុមហ៊ុន Telcotech គឺជា​ក្រុមហ៊ុន​ខ្មែរ​ ១០០ ​ភាគរយ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការនាំយក​កម្រិត​ខ្ពស់បំផុត​នៃ​ការវាយតម្លៃ និង​ការតភ្ជាប់​ដើម្បី​ប្រជាជន​កម្ពុជា​។ ការចេញ​សញ្ញាបណ្ណសា​ជីវកម្ម​នេះ​នឹង​អាចឱ្យ​យើង​បន្ត​នាំមុខ​ក្នុង​ការបង្កើត​អនាគត​ឌីជីថល​របស់​កម្ពុជា​តាមរយៈ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ និង​យុទ្ធសាស្ដ្រ​ឌីជីថល​»​។

លោក​បន្ត​៖ «​ក្នុងនាម​ប្រធាន​ក្រុមហ៊ុន ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ដែលថា​នេះ​គឺជា​សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​មិន​ធ្លាប់មាន​ដែល​ត្រូវ​បានចេញ​ដោយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កម្ពុជា​ទាំងស្រុង និង​ការពិត​ដែលថា វា​ត្រូវបាន​ធានា​ដោយ​ CGIF​។ សំខាន់​ជាងនេះទៅទៀត វា​ក៏​ជា​សញ្ញា​បណ្ណសាជីវកម្ម​ដំបូង​ដែល​វិនិយោគ​ដោយ​ឯកជន​មិន​ធ្លាប់មាន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្ដង់ដា​នៃ​ការដាក់​ប្រាក់​បញ្ញើ​មូលបត្រ និង​ការចុះបញ្ជី​លើ​ផ្សារហ៊ុន​»​។

លោក​បញ្ជាក់ថា តាមរយៈ​ការចេញ​សញ្ញា​បណ្ណសា​ជីវកម្ម​នេះ វា​នឹង​បាន​កសាង​ផែនទី​បង្ហាញផ្លូវ គំរូ និង​ការអនុវត្ត​ល្អ​បំផុត​នៃ​ការវិនិយោគ​ដោយ​ឯកជន​សម្រាប់​ទីផ្សារ​មូលធន​កម្ពុជា​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន Ezecom ​នឹង​ប្រើប្រាស់​ប្រាក់​សញ្ញា​បណ្ណ​សាជីវកម្ម​នេះ ដើម្បី​វិនិយោគ​បន្ថែមទៀត​លើ​ប្រព័ន្ធ​អេកូស៊ីស្ដែម​ឌីជីថល​របស់​កម្ពុជា​»​។

លោក ហុង សុហួរ អគ្គនាយក​ CSX និយាយថា ការបោះ​ផ្សាយ និង​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​នេះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​ទុន​រយៈពេល​វែង​ដែលជា​ប្រភព​ទុន​ថ្មី​មួយទៀត​បន្ថែម​ពី​លើ​ប្រភព​ទុន​ផ្សេងៗ ដែល​ក្រុមហ៊ុន​មាន​ស្រាប់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សង្ឃឹម​និង​ជឿជាក់ថា ជាមួយនឹង​ភាពជោគជ័យ​ក្នុងការ​បោះផ្សាយ និង​ចុះបញ្ជី​នូវ​សញ្ញា​បណ្ណ​នេះ​ក្រុមហ៊ុន​អាច ពិចារណា​ធ្វើការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ ឬ​ភាគហ៊ុន ជូន​សាធារណជន​ជាពិសេស​ប្រជាជន​ខ្មែរ ដើម្បី​មានឱកាស​វិនិយោគ​ជាមួយ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ក្នុង​អនាគត​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​បាន​និយាយថា វត្តមាន​របស់​ក្រុមហ៊ុន Telcotech ​បង្ហាញ​ពី​ការវិវឌ្ឍ​ថ្មី​មួយទៀត​ដែល​ទីផ្សារ​មូលបត្រ​កម្ពុជា​នឹងមាន​ក្រុមហ៊ុន​ចុះបញ្ជី លក់​មូលបត្រ​បំណុល​ទី​៧ នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ត្រូវជា​ក្រុមហ៊ុន​ទី​១៥ ដែល​បាន​ចុះបញ្ជី លក់​មូលបត្រ​នៅ​ផ្សារមូលបត្រ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ការចុះបញ្ជី​លក់​មូលបត្រ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន Telcotech នេះ​បាន​សបញ្ជាក់​ឱ្យឃើញថា ទីផ្សារ​មូលបត្រ​កម្ពុជា​កំពុងតែ​មាន​ការរីកចម្រើន​ជាមួយនឹង​កំណើន​នៃ​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​»​។

គិត​ត្រឹម​ឆ្នាំ​ ២០២១ ​នេះ សាច់ប្រាក់​ដែល​ប្រមូលបាន​ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​ទាំង​ ៦ ​កន្លងមក​មាន​ប្រមាណ​ជា ១៤៣ លាន​ដុល្លារ ដែល​នឹង​កើន​រហូតដល់​ប្រមាណ​ ១៦៣ ​លាន​ដុល្លារ បន្ទាប់ពី​មាន​កំណើន​ក្រុមហ៊ុន​ Telcotech ១ ​ទៀត​នេះ​៕ LA