ភ្នំពេញៈ សេចក្តី​ព្រាងច្បាប់​ស្តីពី​ «​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​ត្រូវ​បាន​រដ្ឋសភាជាតិ​អនុម័ត​ទាំងស្រុង​ហើយ​ក្នុង​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា ឆ្នាំ​ ២០២១ ដែល​ច្បាប់​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​មក​វិនិយោគ​នៅ​កម្ពុជា​។

អ្នកនាំពាក្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ធ្លាប់បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវបាន​ផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ដោយ​ឯកសារ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ ២០១៥-២០២៥​។

លោក​បន្តថា សេចក្តី​ព្រាង​ច្បាប់​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ​មាន​តម្លាភាព សម្រាប់​ការវិនិយោគ ដើម្បី​ទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ​ដោយ​បុគ្គល​សញ្ជាតិ​ខ្មែរ ឬ​បរទេស ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធផល​សំដៅ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា​។

លោក​បានឱ្យដឹងថា​៖ «​ខ្លឹមសារ​សំខាន់ៗ​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​មានដូចជា ការបង្កើត​របប​លើកទឹកចិត្ត​វិនិយោគ​, ការធ្វើ​ទំនើបកម្ម​, ការបង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​, ការពង្រឹង​ការតភ្ជាប់​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​សកលលោក​, ការផ្ទេរ​បច្ចេកវិទ្យា​, ការបង្កើន​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា​, ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការផ្តល់​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ដល់​វិនិយោគិន​នៅ​កម្ពុជា​»​។

បើតាម​ទីស្តីការ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​តាក់តែង​ថ្មី​នេះ គឺ​ដើម្បី​ជំនួស​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ ១៩៩៤ និង​ឆ្នាំ ២០០៣ ដែល​មាន ១២ ជំពូក និង ៤២ មាត្រា​។

លោកស្រី កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លីលីហ៊្វូដ អ៊ិនដាសទ្រី ខូអិលធីឌី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែកក្កដា ច្បាប់​ថ្មី​នឹង​ជួយ​អូសទាញ​អ្នកវិនិយោគ​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​ផ្នែក​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​សង្ឃឹមថានឹង​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ផលិត​កែច្នៃ​វត្ថុធាតុដើម ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ឧស្សាហកម្ម​ធំៗ​ដែល​នឹង​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រមទាំង​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជួយ​សេដ្ឋកិច្ចជាតិ​»​។

បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៨៧ ជាមួយនឹង​ទុនវិនិយោគ​ជាង ២ ៩៦៩,៦២ ​លាន​ដុល្លារ​។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើនឡើង ១៦,៧២ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៤ ៧៤៨,៧៤ លាន​ដុល្លារ​៕ LA