ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​អាមេរិក នៅក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២១ មាន​ប្រមាណ​ជិត ៤,៣ ​ពាន់​លាន​ដុល្លារ​កើនឡើង​ជិត ២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ទោះបី​ការរំខាន​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​មួយចំនួន​ក៏ដោយ​។

យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ ឱ្យដឹងថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២១ កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក​ក្នុងតម្លៃ ៤ ២៩៨,៣ ​លាន​ដុល្លារ កើន ២៦,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន ៣ ៣៨៩,៧ ​លាន​ដុល្លារ​។

ចំណែក​ការនាំ​ទំនិញ​ពី​អាមេរិក មក​កម្ពុជា​មានតម្លៃ ២៣៥,៧ ​លាន​ដុល្លារ កើនឡើង ៣៨,៥៦ ​ភាគរយ​ពី​ចំនួន ១៧០,១ ​លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​សរុប​នៃ​ពាណិជ្ជកម្ម​កម្ពុជា និង​អាមេរិក​ក្នុង​រយៈពេល ៧​ ខែ​ឆ្នាំ​ ២០២១ មាន​ ៤ ៥៣៤ ​លាន​ដុល្លារ កើន ២៧,៣៦ ​ភាគរយ​ពី ៣ ៥៥៩,៨ ​លាន​ដុល្លារ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៩ ខែកញ្ញា​ថា នេះ​ជា​លក្ខណពិសេស​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ការនាំចេញ​របស់​កម្ពុជា​ដែលមាន​ទំហំ​ទឹកប្រាក់​លើសលប់​ធៀប​នឹង​ការនាំ​ចូល​របស់​អាមេរិក​។

លោក​បន្តថា កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​អាចមកពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា កំណើន​តម្រូវ​ប្រើប្រាស់​ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​អាមេរិក ឥទ្ធិពល​នៃ​ចំហាយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដែល​អាមេរិក​ផ្តល់ឱ្យ​កម្ពុជា​នាពេល​កន្លងមក (​ឆ្នាំ​ ២០២១ មិនទាន់មាន​ការសម្រេច​) ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ និង​ការទទួល​ភាពចំណេញ​ពី​ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​មួយចំនួន​។

លោក​បាន​ថ្លែងថា​៖ «​អាមេរិក គឺជា​ទីផ្សារ​ធំ និង​ឈានមុខ​គេ​ដែល​ទទួល​ទិញ​ផលិតផល​វាយនភណ្ឌ និង​កង់​ច្រើន​ពី​ប្រទេស​កម្ពុជា​។ គម្លាត​នៃ​ទឹកប្រាក់​នាំចេញ និង​នាំចូល បង្ហាញថា​ឧត្តមភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ជាមួយនឹង​អាមេរិក​»​។

លោក​បន្ថែមទៀតថា ទំហំ​ទឹកប្រាក់​នាំចេញ​ច្រើន​បែបនេះ មានន័យថា កម្ពុជា​ប្រមូលបាន​រូបិយប័ណ្ណ​អន្តរជាតិ​ជាច្រើន​សម្រាប់​យកមក​អភិវឌ្ឍ​ប្រទេសជាតិ​។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក ខេន លូ កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា អាមេរិក​គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ផលិតផល​វាយនភណ្ឌ និង​ទំនិញ​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំមុន អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​យើង ដែលមាន​ប្រហែល ៤០ ភាគរយ​នៃ​ការនាំចេញ​សរុប (​សម្លៀកបំពាក់​) ​របស់​យើង​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ភាពល្អប្រសើរ​នៃ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការបញ្ជាទិញ​ពី​អាមេរិក​កើនឡើង​ជា​លំដាប់ ពិសេស​ផលិតផល​សម្លៀកបំពាក់ សម្ភារ​ធ្វើដំណើរ ស្បែកជើង និង​កង់​។ បើ​កម្ពុជា​អាចធ្វើ​ពិពិធកម្ម​ទំនិញ​ទៅតាម​តម្រូវការ​របស់​អាមេរិក​កាន់តែច្រើន​នោះ វា​ជា​ការល្អ​។ លោក​បញ្ជាក់ថា​៖ «​បើ​កម្ពុជា អាច​រក្សាបាន​កំណើន​នៃ​ការនាំចេញ​ជា​បន្តបន្ទាប់​បែបនេះ វា​នឹង​រួមចំណែក​ច្រើន​ក្នុង​ការប្រមូល​ចំណូល​មក​អភិវឌ្ឍ​ជាតិ​»​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​អាមេរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប និង​កង់ ជាដើម​៕ LA