The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច-​សង្គម​ ពេញលេញ​ឡើងវិញ​ឆាប់ៗ

កម្ពុជា​នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច-​សង្គម​ ពេញលេញ​ឡើងវិញ​ឆាប់ៗ

Content image - Phnom Penh Post
រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំតាមអនឡាញនាពេលកន្លងមក។ រូបថត ក្រសួងសេដ្ឋកិច្ច

កម្ពុជា​នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច-​សង្គម​ ពេញលេញ​ឡើងវិញ​ឆាប់ៗ

ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ផ្អែកលើ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ការឆ្លង ការឈឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​នឹង​បើក​សេដ្ឋកិច្ច​សង្គម​ពេញលេញ​ឡើងវិញ​នៅក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កំពុង​ធ្វើ​យ៉ាង​រហ័ស​។

ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ៥ ស្ដីពី​ការកសាង​ជាតិ ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ​ «​គោលនយោបាយ​សេដ្ឋកិច្ច​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​ពី​វិបត្តិ និង​ការកសាង​ជាតិ​» ​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា តាម​ប្រព័ន្ធ​អនឡាញ​ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន​កសាង​ជាតិ​ប្រទេស​ថៃ​ (NBIT) លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា ទោះបី​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​រំពឹងថា​នឹង​ស្ទុះងើប​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២១ ក៏​ប្រទេស​ទាំងអស់​នៅតែ​កំពុង​ប្រឈម​នឹង​ភាពមិន​ច្បាស់លាស់​ខ្លាំង ដោយសារ​ហានិភ័យ​រលក​ថ្មី​នៃ​វីរុស​វ៉ារ្យ៉ង់​ថ្មី ដែល​រីករាលដាល​កាន់តែខ្លាំង និង​បន្ត​រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ជាទូទៅ​។

របាយការណ៍​ក្រសួងសុខាភិបាល​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៨ ខែកញ្ញា អត្រា​នៃ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ មាន​ចំនួន ៧១,០២​ ភាគរយ​នៅក្នុង​ចំណោម​ប្រជាជន​សរុប ១៦ ​លាន​នាក់​។ ​ជាមួយ​គ្នានេះ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២១ បានសម្រេច​ចិត្ត​ដាក់ចេញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ពី​អាយុ​ ១២ ​ឆ្នាំ ដល់​មនុស្សពេញវ័យ និង​ដូស​ជំរុញ​សម្រាប់​មន្ដ្រីរាជការ​ជួរមុខ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជម្រាប​អង្គ​សន្និសីទ​ថា ការឆ្លង​ការឈឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​កំពុង​ធ្លាក់ចុះ​ជាប្រចាំ ក្នុង​រយៈពេល​ ១ ​ខែ​ចុងក្រោយ​នេះ​។ ដោយ​ឈរលើ​មូលដ្ឋាន​នេះ ប្រទេស​កម្ពុជា​ត្រូវ​រំពឹងថា នឹង​សម្រេចបាន​ភាពស៊ាំ​ទូទាំងប្រទេស និង​បើក​ដំណើរការ​ជាថ្មី​បណ្ដើរៗ​នូវ​សកម្មភាព​សេដ្ឋកិច្ចសង្គម​ពេញលេញ​នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខនេះ​»​។

ទោះជា​យ៉ាងណា លោក​មិនបាន​បង្ហាញ​ពី​ពេលវេលា​ជាក់លាក់​នោះទេ​។

បើតាម​លោក អូន ព័ន្ធមុនីរ័តុ្ន ចក្ខុវិស័យ​សេដ្ឋកិច្ចសង្គម​ដែល​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញរួច​ហើយ គឺជា​វិធាន​ការបង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធ្វើឱ្យមាន​ស្ថិរភាព​អាជីវកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពិសេស​អ្នកធ្វើការងារ គ្រួសារ​ក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​អះអាង​ថា​៖ «​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ ដើម្បី​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទៅជា​ឱកាស​មួយ​សម្រាប់​ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ​សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ចសង្គម​កាន់តែ​រឹងមាំ និង​ភាព​ធន់​កាន់តែខ្លាំង​ចំពោះ​វិបត្តិ​នៅពេល​អនាគត រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ដំណើរ​ផែនការ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូវីដ​ ១៩ ឆ្នាំ​ ២០២១-២០២៣» ជាមួយនឹង​ទិសដៅ​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យ​ត្រឡប់​ទៅរក​ស្ថិរភាព ភាពធន់ និង​កំណើន​សក្ដានុពល​បរិយាប័ន្ន​»​។

កាលពីដើម​ខែសីហា កម្ពុជា បាន​ទម្លាក់​ការព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ ពី​អត្រា ៤,១ ​ភាគរយ​មក​ត្រឹម ២,៥​ ភាគរយ​។

លោកស្រី Victoria Kwak-wa អនុប្រធាន​ប្រចាំ​តំបន់​នៅ​ធនាគារពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ពាក់កណ្ដាល​ខែកក្កដា​ថា កម្ពុជា​កំពុងធ្វើការ​យ៉ាងខ្លាំង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​វ៉ារ្យ៉ង់ SARS-CoV-2​។

លោកស្រី​បន្តថា​៖ «​ការប៉ាន់​ប្រមាណ​របស់​យើង សេដ្ឋកិច្ច​កម្ពុជា​អាច​កើនឡើង​ក្នុង​អត្រា​ ៤ ​ភាគរយ បើ​ពួកគេ​អាច​ទទួល​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​វីរុស​វ៉ារ្យ៉ង់​ថ្មី​។ ទន្ទឹមនឹងនោះ​វា​ក៏​អាច​នៅក្រោម ១ ​ភាគរយ​ដែរ​បើ​ពួកគេ​មិនអាច​គ្រប់គ្រង​ជំងឺ​ការរីករាលដាល​បានល្អ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹង​ទៀតថា ផែនការ​ការស្ទុះងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ប្រើប្រាស់​អ្វីដែល​ហៅថា ដំណោះស្រាយ ៣Rs ដែល​រួម​មានការ​ស្ទុះ​ងើបឡើង​វិញ​ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការស្ដារ​វិស័យ​សំខាន់ៗ​ដែល​ជា​សសរស្ដម្ភ​នៃ​សេដ្ឋកិច្ច​មុនពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ការជំរុញ​សក្ដានុពល​ដែល​កម្ពុជា​ទទួលបាន​ភាពអំណោយផល​ដល់​អតិបរមា​, ការកែទម្រង់ ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការបន្ត​កែទម្រង់​រចនាសម្ព័ន្ធ​សំខាន់ៗ​, និង​ភាពធន់​ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការពង្រឹង​ការត្រៀមខ្លួន​រួចរាល់ និង​ការឆ្លើយតប​ចំពោះ​វិបត្តិ ឬ​ស្ថានការណ៍​ស្រដៀង​គ្នា​ដែល​អាច​កើតឡើង​ពេលអនាគត​ទាំង​ចក្ខុវិស័យ​សេដ្ឋកិច្ច និង​សង្គម​។

លោក​បញ្ជាក់ថា ដើម្បី​សម្រេច​ទិសដៅ​ខាងលើ​ការដាក់​ឱ្យ​ដំណើរការ​គោលនយោបាយ​ហិរញ្ញប្បទាន​សាធារណៈ​សមស្រប​ដែល​ធានាថា​ ការបែងចែក និង​ប្រសិទ្ធភាព​ប្រតិបត្តិការ គឺជា​យុទ្ធសាស្ត្រ​ដ៏សំខាន់​។ ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​បង្កើន​ថវិកា លើកកម្ពស់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ការផ្ដល់​អាទិភាព​ដល់​ការចំណាយ​សមស្រប តាម​គោលដៅ​កំណត់ និង​ការពង្រឹង​ការកៀរគរ​ធនធាន​ប្រភព​ធនធាន​ប្រកបដោយ​សក្តានុពល​ទាំង​ចំណូល​ពន្ធ និង​ចំណូល​មិនមែន​ពន្ធ ព្រមទាំង​ការដាក់ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​ផ្សេងៗ​ដើម្បី​បំពេញតម្រូវការ​ចំណាយ​ទាំងអស់​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ​ ១៩ និង​ធានា​ការស្ទុះងើប​ឡើងវិញ​ការអភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍