ភ្នំពេញៈ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានផ្តល់​ថវិកា ៣,៣ ​លាន​ដុល្លារ ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​អនុវត្ត​គម្រោង​ «​ការបង្ហាញ និង​ការតភ្ជាប់​ខ្សែចង្វាក់​តម្លៃ​នៃ​ការផលិត​បន្លែ មាន​តម្លៃ​ខ្ពស់​នៅ​តំបន់ភ្នំ​ប្រទេស​កម្ពុជា​»​។

ក្នុងជំនួប​ពិភាក្សា​ជាមួយនឹង​លោក Park Kiwook ប្រធាន​ក្រុម​ជំនាញការ​មកពី​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឱ្យ​ដឹងថា គម្រោង​នេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល ៤៨ ​ខែ (២០២១-២០២៤) ​ដែលមាន​ការគាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​កូរ៉េ​ចំនួន ៣ ៣០០ ០០០ ​ដុល្លារ​។

យោងតាម លោក ងិន ឆាយ គម្រោង​នេះ​បង្កើតឡើង​នៅក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ដំណាំ​បន្លែ​ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ និង​បង្កើន​ជីវភាព​រស់នៅ​របស់​កសិករ​តាមរយៈ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផលិតកម្ម​គ្រាប់ពូជ​ដំឡូងបារាំង​។ គម្រោង​នេះ​ក៏​នឹង​បង្ហាញ​ពី​ផលិតកម្ម​គ្រាប់ពូជ​ដំណាំ​បន្លែ​ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ចំនួន ៤ ​មុខ​ដែល រួមមាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណា និង​ដំឡូងបារាំង នៅក្នុង​ខេត្តមណ្ឌលគិរី​។

លោក​ប្រាប់ថា​៖ «​គម្រោង​នេះ​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍ និង​ពង្រឹង​អនុវិស័យ​ដំណាំ​បន្លែ ជាពិសេស​ប្រភេទ​ដំណាំ​បន្លែ​មានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ឱ្យបាន​គ្រប់​នៅ​រដូវកាល​ក្រខ្សត់ តាមរយៈ​ការកំណត់​ប្រតិទិន​ដាំដុះ ១ ​ឆ្នាំ​ពេញ​ឱ្យបាន​ច្បាស់លាស់​»​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គម្រោង​នេះ​មិនទាន់​ចាប់ផ្តើម​អនុវត្ត​ទេ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​លោក​រំពឹងថា​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​។

ដំឡូងបារាំង គឺជា​ដំណាំ​រដូវកាល ដែល​កសិករ​ចាប់ផ្តើម​ដាំ​ក្នុង​ខែវិច្ឆិកា ប៉ុន្តែ​ពួកគេ​តែងតែ​ប្រឈម​នឹង​បញ្ហា​ពូជ​។ តាមរយៈ​គម្រោង​នេះ ភាគី​កូរ៉េ​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពូជ​ដំឡូង​បារាំង ដោយ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​។

លោក​និយាយថា​៖ «​ចំពោះ​ដំណាំ​ផ្សេងៗ​ទៀត​ដូចជា ស្ពៃក្តោប ស្ពៃបូកគោ ផ្កា​ខាត់ណា ប្រជាកសិករ​អាច​ដាំដុះ​បានល្អ​ដោយ​មន្ទីរ​កសិកម្ម និង​ក្រសួង​បាន​ណែនាំ​ឱ្យ​កសិករ​ដាំដុះ​នៅក្នុង​ផ្ទះ​សំណាញ់​»​។

លោក​ឱ្យដឹងទៀតថា នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​ផ្ទៃ​ដាំដុះ​ដំណាំ​បន្លែ​ប្រមាណ ៣​ ម៉ឺន​ហិកតា​ក្នុង​នោះ​ការដាំ​ដំឡូងបារាំង គឺ​ធ្វើ​នៅលើ​ផ្ទៃដី​តូចៗ​ប៉ុណ្ណោះ​។ លោក​បន្តថា​៖ «​គម្រោង​នេះ​នឹង​ជួយផ្តល់​បច្ចេកទេស​បន្ថែម​ទៅដល់​ប្រជាកសិករ ពិសេស​ការផលិត​ពូជ​ដំឡូងបារាំង​»​។

លោក Park Kiwook បាន​លើកឡើងថា ក្រុមការងារ​របស់លោក​នឹង​រៀបចំ​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​បន្លែ​ដែល​ពេញលេញ​ព្រមជាមួយ​ការបញ្ចូល​បច្ចេកវិទ្យា​ទំនើប​ទៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ខ្សែចង្វាក់​ផលិតកម្ម ដើម្បី​បង្កើតបាន​គំរូ​ផលិតកម្ម​ដំណាំ​បន្លែ​ក្នុង​លក្ខខណ្ឌ​សមស្រប​សម្រាប់​ខេត្តមណ្ឌលគិរី​។

បើតាម​ក្រសួងកសិកម្ម​នៅក្នុង​ឆ្នាំ​ ២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៧ ២០៨ ​ហិកតា ដែល​អាច​ប្រមូល​ផល​បាន​ចំនួន ៦៨១ ០៩៩ ​តោន​។

ចំណែក​ការប្រមូលផល​បន្លែ​ក្នុង​ឆ្នាំ​ ២០២០ បាន ៧១៦ ១១៣ ​តោន​ ដែល​រួមចំណែក ៦៨ ​ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​សរុប​។ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ ៣២៩ ៦១២ ​តោន ដែល​ភាគច្រើន​បន្លែ​ដែល​កម្ពុជា​មិនអាច​ផលិត​បាន​៕ LA