ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណូល​ពី​ពន្ធគយ​ចំនួន ១ ៥២០ លាន​ដុល្លារ​ក្នុង​រយៈពេល ៨​ខែ​ដើម​ឆ្នាំ ២០២១ ស្មើ​នឹង​ ៦៤,២ ភាគរយ​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ហិរញ្ញ​វត្ថុ។

តួលេខ​នេះ ត្រូវ​បាន​លោក​ គុណ ញឹម លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​១០ កញ្ញា ស្ដីពី «ការ​ប្រមូល​ពន្ធ​នាំ​ចូល លើយានយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ និង​គ្មាន​ពន្ធ និង​អាករ​នាំ​ចូល» តាម​រយៈ​ប្រព័ន្ធ​អនឡាញ។

ក្នុងកម្មវិធីនេះ លោក​លើក​ឡើង​ទៀត​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ពន្ធ​អាករ​នាំ​ចេញ-នាំ​ចូល ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ​ដើម្បី​ចំណូល​ជាតិ។

លោក​ថា ការ​នាំ​ចូល​រថយន្ត​គ្រឿង​ចក្រ​ម៉ូតូ​និង​យានយន្ត​មួយ​ចំនួន​ទៀត គឺជា​ប្រភព​ទំនិញ​ដែល​បាន​រួម​ចំណែក​ជំរុញ​កំណើន​ការ​ប្រមូល​ពន្ធ​គយ។ ពិសេស​ការ​ប្រមូល​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ជ្រក​ក្រោម​ស្លាក ខ.ម និង ន.ប។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុងឆ្នាំ ២០២០ ការប្រមូល​ចំណូល​សម្រេច​បាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់​ចុះ ២៤,៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩៕