ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនីកម្ពុជា​នឹង​ធ្វើការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​លើ​គម្រោង​កំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី ឆ្នាំ​ ២០២២ ពី​ប្រភព​បណ្តាញ​ជាតិ​សម្រាប់​លក់​ឱ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ដែល​ទិញ​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា និង​ពី​អ្នក​កាន់​អាជ្ញាប័ណ្ណ​បញ្ជូន​រង​ឯកជន​ ដើម្បី​ជួយ​សម្របសម្រួល​ដល់​អ្នក​ទទួល​បាន​សេវា​អគ្គិសនី​មួយ​កាន់តែ​ប្រសើរ តាមរយៈ​អត្រា​ថ្លៃ​លក់​មួយ​សមរម្យ​សម្រាប់​លំនៅឋាន និង​សហគ្រាស​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា​។

សេចក្តី​ជូនដំណឹង​បន្តថា ការកំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​នឹង​អនុវត្ត​ចំពោះ​ថាមពល​ប្រើប្រាស់​ចាប់ពី​ដើមខែ​មករា ឆ្នាំ​ ២០២២ ត្រូវ​នឹង​វិក្កយបត្រ​ចេញ​ចាប់ពី​ថ្ងៃទី​ ២០ ខែ មករា ឆ្នាំ​ ២០២២ តទៅ តាម​លក្ខខណ្ឌ​នៃ​ការទិញ រួមមាន ការទិញ​អគ្គិសនី​ពី​ទ្វារចរន្ត MV នៃ​អនុស្ថានីយ​ក្នុង​អត្រា​ថ្លៃ​លក់ ០,១១៣៨ ​ដុល្លារ​/KWh ហើយ​ទិញ​អគ្គិសនី​ពី​ខ្សែបញ្ជូន​រង​តាម​នាឡិកា​ស្ទង់ MV អត្រា​ថ្លៃ​លក់​ចំនួន ០,១២៩០ ​ដុល្លារ​/KWh​។

ព្រមទាំង​ការទិញ​អគ្គិសនី​ពី​ខ្សែ​បញ្ជូន​រង ក្រោម​ត្រង់​ស្វូវិនិយោគ​ដោយ​អ្នកទិញ​តាម​នាឡិកា​ស្ទង់ LV អត្រា​ថ្លៃ​លក់​ចំនួន ០,១៣៤១៦ ​ដុល្លារ​/KWh និង​ទិញ​អគ្គិសនី​ពី​ខ្សែ​បញ្ជូន​រង ក្រោម​ត្រង់​ស្វូ​វិនិយោគ​ដោយ​អ្នកលក់​តាម​នាឡិកា​ស្ទង់ LV ក្នុង​អត្រា​ថ្លៃ​លក់​ចំនួន ០,១៤២១៦ ​ដុល្លារ​។

តំណាង​ក្រុមហ៊ុន ណារ៉េត លីមីធិត អភិវឌ្ឍន៍​អគ្គិសនី​ខេត្តពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ជា​រៀងរាល់​ឆ្នាំ ក្រុមហ៊ុន​តែង​ចូលរួម​ពិគ្រោះ​យោបល់​លើ​គម្រោង​កំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។ លោកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​មិនមាន​ជំទាស់​នឹង​ការកំណត់​តម្លៃ​លក់​អគ្គិសនី​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទេ គាត់​កំណត់​ប៉ុន្មាន​យើង​ធ្វើតាម​»​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា អនុវត្តតាម​នីតិវិធី​កំណត់​របស់​ច្បាប់​ស្តីពី​អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សូម​ដាក់ «​ឯកសារ​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​» នេះ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល និង​អ្នក​កាន់​អាជ្ញា​ប័ណ្ណ​ដែល​ទិញ​អគ្គិសនី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​ ១០ ខែ តុលា ឆ្នាំ​ ២០២១​។

ក្រោយ​ថ្ងៃទី​ ១០ ខែតុលា «​ឯកសារ​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​» ​ថ្មី​នឹងត្រូវ​ចាត់ទុកថា ឆ្លងកាត់​ការពិគ្រោះ​យោបល់​រួច ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អាចធ្វើ​ការពិនិត្យ និង​អនុម័ត​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ថ្មី​នេះ​ទៅតាម​ការកំណត់​របស់​ច្បាប់​។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​ភារកិច្ច​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​សេវាកម្ម អនុម័ត និង​ដាក់ឱ្យអនុវត្ត​ស្តង់ដា​ប្រតិបត្តិ​សម្រាប់​អ្នក​កាន់​អាជ្ញាប័ណ្ណ ដើម្បី​ធានា​នូវ​គុណភាព​នៃ​ការផ្គត់ផ្គង់ និង​សេវាកម្ម​ឱ្យ​អ្នកប្រើប្រាស់ និង​កំណត់​អត្រា​ថ្លៃ​លក់ និង​បន្ទុក​សេវា​អគ្គិសនី ដើម្បីឱ្យ​យុត្តិធម៌​សម្រាប់​អ្នក​ប្រើ និង​អ្នក​កាន់​អាជ្ញាប័ណ្ណ​។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចែកចាយ​សរុប​ចំនួន ៤៦៣ ​នៅ​ទូទាំងប្រទេស កាលពី​ឆ្នាំ​ ២០២០​។ នៅ​ចុងឆ្នាំ ២០២០ ភូមិ​មាន​អគ្គិសនី​ប្រើប្រាស់​មាន ១៣ ៧៩៨ ​ភូមិ ស្មើ ៩៧,៣៩ ភាគរយ និង​ភូមិ​ពុំទាន់​មាន​អគ្គិសនី​ប្រើប្រាស់​មាន​ចំនួន ៣៧០ ភូមិ​ស្មើនឹង ២,៦១ ​ភាគរយ​៕ LA

វីដេអូ៖