ភ្នំពេញៈ កម្ពុជា​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបង្កើត​ក្រុមការងារ​រួម​ជាមួយនឹង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EEC: Eurasian Economic Commission) ​ដើម្បី​ពិនិត្យ​លទ្ធភាព​ចាប់ផ្តើម​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ EEC នាពេល​ខាងមុខ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅមាន​កម្រិត​ទាប​នៅឡើយ​។

គំនិត​នេះ​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៣ នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង EEC តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ៧-៨ ខែកញ្ញា ឆ្នាំ​ ២០២១ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ភាគី EEC តំណាង​ដោយ​លោក Sergey GLAZIEV សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ EEC​។

EEC ជា​តំណាងឱ្យ​ប្រទេស​ចំនួន ៥ ស្ថិត​នៅ​ភាគ​កណ្ដាល និង​ខាងជើង​អាស៊ី និង​អឺរ៉ុប​ខាងកើត​ (EAEU) ​ដែល​រួមមាន សហព័ន្ធរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន​។ EAEU មាន​ប្រជាជន​សរុប ១៨៤,៥៧ លាន​នាក់ (​ឆ្នាំ​ ២០២០) និង​មាន​ផលិតផល​ក្នុងស្រុក GDP រួម ៤,៧៧៨ ​ពាន់​ពាន់​លាន​ដុល្លារ​។

លោកស្រី តឹករ៉េត កំរង ឱ្យដឹងថា កិច្ចប្រជុំ​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង EEC លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ តាមរយៈ​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ ២ ​បាន​ចែករំលែក​បទពិសោធ​ឱ្យ​គ្នា​ទៅវិញ-ទៅមក​ពី​ប្រតិបត្តិការ​ក្នុង​វិស័យ​មួយចំនួន​ដូចជា គយ​, កសិកម្ម​, ព័ត៌មានវិទ្យា​, ការគាំទ្រ​ការធ្វើ​ធុរកិច្ច និង​សហគ្រាស​មីក្រូ តូច និង​មធ្យម​, និង​ការអភិវឌ្ឍ​បទប្បញ្ញតិ្ត​បច្ចេកទេស​នានា​។

លោកស្រី​លើកឡើង​ថា​៖ «​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការបង្កើត​ក្រុមការងារ​រួម ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា និង EEC នាពេល​ខាងមុខ​»​។

នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ ២ ក៏បាន​សន្យា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​អាទិភាព​ចំនួន ៧ រួមមាន កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​, កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គយ​, វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន និង​ការអភិវឌ្ឍ​ឌីជីថល​, វិស័យ​ឧស្សាហកម្ម ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​, របាំង​បច្ចេកទេស​ពាណិជ្ជកម្ម បទប្បញ្ញត្តិ​បច្ចេកទេស អនាម័យ និង​ភូតគាម​អនាម័យ​,​ និង​កម្មសិទ្ធិបញ្ញា និង​ការការពារ​អ្នកប្រើប្រាស់​។

កន្លងមក​កិច្ចប្រជុំ​នេះ​បានរៀបចំ ២ ​លើក​រួចមកហើយ ដោយ​លើក​ទី១ ធ្វើ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ និង​លើក​ទី​២ នៅ​សហព័ន្ធរុស្ស៊ី ក្នុង​ឆ្នាំ​ ២០១៨​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា បច្ចុប្បន្ន​អាមេរិក អឺរ៉ុប ចិន និង​កូរ៉េ ជា​ទីផ្សារ​ធំ​សម្រាប់​ផលិតផល​នាំចេញ​កម្ពុជា ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត EAEU ក៏​អាច​នឹង​ក្លាយជា​ទីផ្សារ​សក្តានុពល​សម្រាប់​ផលិតផល​កម្ពុជា​ដែរ ខណៈ EAEU ត្រូវគេ​ដឹងថា ជា​ក្រុម​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ លោក​បន្តថា ហេតុនេះ EAEU ជាទី​ផ្សារ​គោលដៅ​ដ៏សំខាន់​សម្រាប់​ទំនិញ​កម្ពុជា​ដែល​ត្រូវខិតខំ​ចាប់យក​ចំណែក​ទីផ្សារ​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត​។

លោក​លើកឡើង​ថា​៖ «EAEU គឺជា​ទីផ្សារ​ដែល​កម្ពុជា​កំពុង​ចាប់អារម្មណ៍ ព្រោះ​ជា​ទីផ្សារ​មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​ធ្វើឱ្យ​ផលិតផល​នាំចេញ​កម្ពុជា​មាន​ទីផ្សារ​កាន់តែ​ច្រើន​»​។

យោងតាម​លោក លឹម ហេង ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ EAEU មាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​វាយនភណ្ឌ ចំណែក​ផលិតផល​នាំ​ពី EAEU មាន​គ្រឿងម៉ាស៊ីន ត្រាក់ទ័រ និង​គ្រឿងបន្លាស់​យានយន្ត​កសិកម្ម ជាដើម​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី នៅ​ឆ្នាំ​ ២០២០ សម្រេចបាន ៦៧,៣៧ ​លាន​ដុល្លារ កើនឡើង ១៨,២២ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ក្នុងតម្លៃ ៥២,១៩ ​លាន​ដុល្លារ​កើនឡើង​ ០,៧៣ ​ភាគរយ​ពី​ចំនួន ៥១,៨១ ​លាន​ដុល្លារ និង​ការនាំ​ពី EAEU មក​កម្ពុជា​វិញ​មានតម្លៃ ១៥,១៨ ​លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ​ភាគរយ ពី​ចំនួន ៥,១៧ ​លាន​ដុល្លារ​៕ LA