ភ្នំពេញៈ កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធគយ ១ ៥២០ ដុល្លារ​ ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ​ ២០២១ ស្មើ ៦៤,២ ​ភាគរយ ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ហិរញ្ញវត្ថុ​ ទោះបីជា​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្តី​។

តួលេខ​នេះ​ត្រូវបាន​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា ស្ដីពី​ «​ការប្រមូល​ពន្ធ​នាំចូល​លើ​យានយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ និង​គ្មាន​ពន្ធ និង​អាករ​នាំចូល​» តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

នៅក្នុង​កម្មវិធី​នេះ លោក​លើកឡើង​ទៀតថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការប្រមូល​ពន្ធអាករ​នាំចេញ-នាំចូល​ពី​ការធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ​ ដើម្បី​ចំណូល​ជាតិ​។

លោក​បាន​បន្ថែមថា ការនាំចូល​រថយន្ត គ្រឿងចក្រ ម៉ូតូ និង​យានយន្ត​មួយចំនួនទៀត​គឺជា​ប្រភព​ទំនិញ​ដែល​បានរួម​ចំណែក​ដល់​ការជំរុញ​កំណើន​ការប្រមូល​ពន្ធគយ ជាពិសេស​ការប្រមូល​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ជ្រកក្រោម​ស្លាក ខ.ម និង ន.ប​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​សង្កេតឃើញថា ចំណូល​ពន្ធគយ​នៅតែមាន​កំណើន​មានន័យថា ការនាំចេញ​នាំចូល​របស់​កម្ពុជា​នៅតែ​ដំណើរ​ការល្អ បើទោះបី​កំពុងតែ​ជួប​វិបត្តិ​កូវីដ​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដំណើរការ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​យើង​គឺ​នៅតែ​ល្អ​។ តម្រូវការ​សម្ភារ​សាងសង់ ក៏​ដូចជា​ប្រើប្រាស់ ឬក៏​បម្រើឱ្យ​វិស័យ​ផ្សេងៗ​នៅតែមាន ដែល​នេះ​ឆ្លុះបញ្ចាំង​ថា សេដ្ឋកិច្ច​មានដំណើរការ​ជាធម្មតា​»​។

លោក​បន្តថា​៖ «​ដំណើរការ​សេដ្ឋកិច្ច​នៅតែ​ល្អប្រសើរ​ទន្ទឹម​ពេលដែល​យើង​កំពុងតែ​ចាក់​វ៉ាក់សាំង​។ ភ្នំពេញ​ឥឡូវនេះ​ជាប់​សឹងតែ​ថា​លេខ​ ១ ក្នុង​ពិភពលោក​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ទីក្រុង ក៏ដូចជា​ឥឡូវ​ឈានដល់​ការចាក់​ដូស​ទី​ ៣ ទៀត​។ ទាំងអស់នេះ​គឺជា​ការទាក់ទាញ​វិនិយោគ​បន្ថែមទៀត​ដោយ​ពួកគេ​មិនមាន​ការរួញរា ព្រោះ​អី​គេ​ឃើញថា​ប្រទេស​យើង​នឹង​កាត់បន្ថយ​នៃ​ការឆ្លង​បាន​ច្រើន និង​អាច​ទប់ស្កាត់​កូវីដ​បាន​ល្អ ដូច្នេះ​ការវិនិយោគ​នឹង​មក​បណ្ដើរៗ​ដូចជា​ក្រុមហ៊ុន​ចិន​ជាដើម​ដែល​កំពុង​មក​បណ្ដើរៗ ហើយ ក៏​នឹងមាន​ក្រុមហ៊ុន​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​សម្លឹង​ឃើញ​កម្ពុជា​ក្នុងការ​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ផងដែរ​»​។

«​ខ្ញុំ​គិតថា នេះ​ជា​រឿង​មួយ​ល្អ​ហើយ​ព្រោះ​បើ​ចំណូល​ពី​ពន្ធគយ​យើង​កើនឡើង ចំណូល​ផ្ទៃក្នុង​យើង​ (​ពន្ធដារ​) ​ក៏​មិន​ធ្លាក់ចុះ​ប៉ុន្មាន​ដែរ​។ យើង​ខ្លាច​បំផុត​ចំណូល​ពន្ធគយ​ធ្លាក់ចុះ​ក៏​វា​ពាក់ព័ន្ធ​ដល់​ចំណូល​ពន្ធដារ​ដែរ​។ ពន្ធដារ​ទទួល​ការលក់ដូរ​ទំនិញ​ផ្សេងៗ​នឹង​ធ្លាក់​ចុះបើ​គ្មាន​ការនាំ​ចូល​កើនឡើង​។ ​ម្យ៉ាងទៀត​ការនាំចេញ​កើនឡើង​វា​ធ្វើឱ្យ​ចំណូល​ពន្ធដារ ចំណូល​ពន្ធ​ផ្ទៃក្នុង​យើង​នឹងមាន​លំនឹង​ផងដែរ​។ ពិតមែនតែ​មាន​ការធ្លាក់​ចុះ​តិចតួច​ក្នុងអំឡុង​វិបត្តិ​កូវីដ​ ១៩ ក៏​ខ្ញុំ​នៅតែ​ជឿថា បើ​ការនាំចូល​កើនឡើង វា​នឹង​នាំឱ្យ​ចរន្ត​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​យើង​ដំណើរការ​ល្អ​ទៅតាម​នោះដែរ​»​។ នេះ​បើ​យោងតាម​លោក លឹម ហេង​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ ការប្រមូល​ចំណូល​សម្រេចបាន​ ២៤១៩,៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA