ភ្នំពេញៈ កម្ពុជា​បាន​បញ្ជូន​ក្រុមហ៊ុន​ចំនួន ១៨ ​ទៅ​ចូលរួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី១៨ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​ទីក្រុង​ណាននីង ប្រទេស​ចិន​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​។

ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី១៨ រៀបចំ​ឡើង​ដោយ​មាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​អនឡាញ​ដែលមាន​រយៈពេល ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១០-១៣ ខែ កញ្ញា ឆ្នាំ​ ២០២១ នៅ​ទីក្រុង​ណាននីង​នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី ប្រទេស​ចិន​។

ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ១៨ គឺមាន​ក្រុមហ៊ុន​ចូលរួម​ផ្ទាល់​ចំនួន​ ៧ និង​ក្រុមហ៊ុន​ចូលរួម​តាម​អនឡាញ ១១ ដោយមាន​ស្តង់​សរុប​ចំនួន​ ៥៣​។

ក្រសួង​ពាណិជ្ជកម្ម​បាន​សង់ផ្ទះ​រួមមាន​ទំហំ ៨១ ​ម៉ែត្រការ៉េ​តាម​រចនាប័ទ្ម​ខ្មែរ​ដើម្បី​ដាក់តាំង​ផលិតផល និង​រូបភាព​ស្តីអំពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​សម្រាប់​ផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ផលិតផល​ដាក់តាំង​ក្នុង​ពិព័រណ៍​នេះ​រួមមាន ផលិតផល​កសិកម្ម​ដូចជា អង្ករ ដំណាប់ស្វាយ ម្រេច គ្រាប់ស្វាយចន្ទី អាហារក្រៀម ភេសជ្ជៈ​ព្រមទាំង​គម្រោង​ទាក់ទាញ​វិនិយោគ​មួយចំនួនទៀត​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង កត់សម្គាល់​ថា កម្ពុជា​ក៏ដូចជា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដទៃទៀត​នឹង​ទទួលបាន​ឱកាស​បង្ហាញ​ផលិតផល​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ព្រោះ​ប្រទេស​ចិន​ជា​ទីផ្សារ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា​ផលប្រយោជន៍​មិនមែន​សម្រាប់តែ​ក្រុមហ៊ុន​កម្ពុជា​ដែល​ចូលរួម​ទេ ប៉ុន្តែ​វា​ជា​ផលប្រយោជន៍​របស់​កម្ពុជា​ទាំងមូល ដែល​បាន​នាំយក​ផលិតផល​ជាតិ​ទៅ​ចូលរួម​តាំងបង្ហាញ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស ក៏ដូចជា ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា ក្រោយ​វិបត្តិ​កូវីដ​ ១៩ ភ្ញៀវទេសចរ​ចិន​នឹង​មកលេង​កម្ពុជា​កាន់តែច្រើន​»​។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​បើក​ពិធី​នេះ​តាមរយៈ​វីដេអូ​ថត​ទុក ហើយ​ដែល​បាន​ចាក់ផ្សាយ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​នេះ​ថា គឺជា​សក្ខីកម្ម​នៃ​ភាពជោគជ័យ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​ចិន-អាស៊ាន ដែល​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​វិបុលភាព​សម្រាប់​ប្រជាជន​ចិន និង​អាស៊ាន​។

លោក​លើកឡើងថា អាស៊ាន-ចិន​ត្រូវ​បន្ត​កិច្ចសហការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ ដើម្បី​ពន្លឿន​ការស្តារ​សង្គមសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​ ១៩ តាមរយៈ​ការបើក​ឱ្យ​ទូលាយ​ជាង​មុន​នូវ​ទីផ្សារ និង​លំហូរ​ពាណិជ្ជកម្ម​សេរី លំហូរ​វិនិយោគ ដើម្បី​អនុញ្ញាត​ឱ្យ​ក្នុង​តំបន់ មាន​លទ្ធភាព​ជំរុញ​ការនាំចេញ​ផលិតផល និង​សេវា ដែលមាន​សក្តានុពល និង​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ជា​ទិសដៅ​ពេលអនាគត ចិន និង​អាស៊ាន​ត្រូវ​ពួតដៃគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​យកឈ្នះ​លើ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ធានា​និរន្តរភាព​នៃ​សកម្មភាព​សង្គម សេដ្ឋកិច្ច និង​ការរស់រាន​មាន​ជីវិត​របស់​ប្រជាជន​។ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ជា​សកល ទាមទារ​នូវ​សាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និង​អនុវត្ត​រួមគ្នា​ប្រកប​ដោយ​ភាពហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​គោរព​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន​មានតម្លៃ​សរុប ៨ ១១៨,០៧ លាន​ដុល្លារ ធ្លាក់ចុះ ៥,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៨ ៥៦៣,៣១ ​ដុល្លារ​។

បើតាម លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល ៣០ ​ឆ្នាំ​កន្លងមកនេះ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន-ចិន​បាន​បន្ត​រីកចម្រើន​ជា​លំដាប់ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​អាស៊ាន និង​ចិន​សម្រេចបាន ៥០៧,៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ និង​រំហូរ​ការវិនិយោគ​ផ្ទាល់​បរទេស​ (FDI) ​ពី​ប្រទេស​ចិន​ មក​តំបន់​អាស៊ាន​មាន ៨,៩៧ ពាន់​លាន​ដុល្លារ​៕ LA