ភ្នំពេញៈ ស្របពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូលមក​ដល់​នា​ដើមខែ​តុលា​ខាងមុខ ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​សារាចរ​ណែនាំ​ដល់​អង្គភាព​ចំណុះ​របស់ខ្លួន​ឱ្យ​ខំ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ឱ្យមាន​ប្រសិទ្ធភាព ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាងថា ទេសចរណ៍​ក្នុង​ស្រុក​ចាប់ផ្តើម​កម្រើក​វិញ​បណ្តើរៗ​ហើយ​។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ឆ្នាំ​ ២០២១ នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៥-៧ ខែតុលា​។

សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា ឱ្យដឹងថា ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​អាច​កើតមាន​ជាយថាហេតុ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ នាពេលខាងមុខ ក្រសួង​ណែនាំ​ឱ្យ​មន្ទីរទេសចរណ៍​រាជធានី-ខេត្ត ត្រូវយក​ចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​​ ១៩​។

ខ្លឹមសារ​សំខាន់ៗ​ក្នុង​សេចក្តី​ណែនាំ មានដូចជា ការជំរុញ​ការអនុវត្ត​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​កូវីដ​ ១៩ ពិសេស​វិធានការ «៣ ការពារ ៣ កុំ​», ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ទើប​ដាក់ឱ្យអនុវត្ត​, ការជំរុញ​ឱ្យ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអស់​ត្រូវ​កត់ត្រា​ភ្ញៀវ​ចូល​កម្សាន្ត និង​ប្រើប្រាស់​សេវា​នៅ​កន្លែង​របស់ខ្លួន និង​ការតម្រូវ​ឱ្យ​គ្រប់​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចុះឈ្មោះ​បង្កើត និង​ប្រើប្រាស់ QR Code ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​តម្រូវឱ្យ​ភ្ញៀវ​ត្រូវតែ​ស្គែន​ជាដាច់ខាត មុន​ចូល​កន្លែង​របស់ខ្លួន​។

បន្ថែម​ពីលើ​នេះ សារាចរ​ក៏បាន​តម្រូវឱ្យ​កន្លែង​កម្សាន្ត​នីមួយៗ​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​, ការសហការ​រវាង​អាជីវករ និង​ប្រតិបត្តិករ​ទេសចរណ៍ ការថែរក្សា​បរិស្ថាន​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យបាន​សមរម្យ និង​ម្ចាស់​ទូកដ និង​កាណូត​ទេសចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ មិនឱ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវមាន​បំពាក់​នូវ​សម្ភារ​សង្គ្រោះ​នានា​ជា​ចាំបាច់ ជាដើម​។

បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ធំ​ដោយសារ​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ២០ ​កុម្ភៈ នៅពេលនេះ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ហើយ​។

ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​សប្ដាហ៍​ទី១ ខែកញ្ញា ឆ្នាំ​ ២០២១ (​ថ្ងៃទី​ ៤-៥) នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង ៥១ ០៤២ ​នាក់​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express Co., Ltd បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ពេលនេះ​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​វិស័យ​ឯកជន​កំពុង​ធ្វើការ​រួមគ្នា​ ដើម្បី​ដាក់ចេញ​នូវ​វិធានការ និង​គោលនយោបាយ​ថ្មីៗ​ ដើម្បី​ធ្វើឱ្យ​វិស័យនេះ​ចាប់ផ្តើម​មាន​ដំណើរការ​ឡើងវិញ​។

លោក​បន្តថា ទោះបី​វិធាន​ខាងលើ​ធ្វើឡើង​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការពង្រឹក​វិធានការ​សុវត្ថិភាព និង​ទំនុកចិត្ត​សម្រាប់​ផែនការ​ការបើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​ក្នុងពេល​ខាងមុខ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការគិតពី​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គឺជា​ការចាំបាច់​ដើម្បី​ធ្វើឱ្យ​វិស័យនេះ​មាន​សម្ទុះ​ឡើងវិញ​ប្រកបដោយ​និរន្តរភាព​»​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ និយាយ​ថា ភាពមិនទាន់​ច្បាស់លាស់​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ ធ្វើឱ្យ​លោក​មិនមាន​សង្ឃឹមថា វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅមុន​ដំណាច់​ឆ្នាំនេះ​ទេ​។ លោក​បន្ថែមថា ម្យ៉ាងទៀត​ការដ្ឋាន​ជួសជុល​ផ្លូវថ្នល់​ជាច្រើន​នៅក្នុង​ក្រុង​សៀមរាប ក៏​មិនទាន់​រួចរាល់​ដែរ​។

លោក​លើកឡើង​ទៀតថា ការដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​រួមទាំង​សារាចរ​របស់​ក្រសួង​ទេសចរណ៍ កាលពី​សប្តាហ៍​មុន គឺជា​ការល្អ ប៉ុន្តែ​សម្រាប់​ការដើរ​កម្សាន្ត​គឺ​នឹង​មិនទាន់មាន​ច្រើន​ទេ​៕ LA