ភ្នំពេញៈ ទោះជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មិនទាន់​មាន​ភាពធូរស្រាល ក៏​បរិ​មាណនៃ​ការនាំចេញ និង​នាំចូល​របស់​សួន​ឧស្សាហកម្ម​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ SSEZ បាន​រក្សា​កំណើន​ជាង ៤៤ ​ភាគរយ​ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២១ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ SSEZ បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ទទួល​បាន​បរិមាណ​នាំចេញ-នាំចូល​សរុប ១ ៣៧៣ ​លាន​ដុល្លារ កើន ៤៤,៣៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅពេល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូវីដ- ១៩​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់ SSEZ​។

SSEZ បានឱ្យដឹងថា​៖ «​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ជំរុញ​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ដល់​ការនាំ​ចេញពី​កម្ពុជា និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​បាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ដំណើរការ​អាជីវកម្ម​របស់​សហគ្រាស​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កំណើន​ការនាំចេញ នាំចូល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្រូវការ​ទំនិញ​ពី​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​នៅ​រក្សាបាន​ភាព​វិជ្ជមាន ពិសេស​តម្រូវការ​ផលិតផល​កសិកម្ម​ដែលមាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​ ១៩​។ មួយវិញទៀត​ការនាំចេញ​របស់​កម្ពុជា​ពេលនេះ​ក៏​ប្រឈម​នឹង​បញ្ហា​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ហក់​ឡើង​ខ្ពស់ និង​កង្វះ​ទូ​កុងតឺន័រ​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ពាក់ព័ន្ធ​នឹង​បរិមាណ​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​កើនឡើង ខ្ញុំ​យល់ថា ការបញ្ជា​ទិញ​ពី​ខាងក្រៅ​នៅមាន​តម្រូវការ​ច្រើន ហើយ​យើង​ក៏​អាច​និយាយថា ខ្សែចង្វាក់​ផ្គត់ផ្គត់​របស់​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មិនបាន​រង​ផលប៉ះពាល់​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ឡើយ​។ ដូចនេះ​ការផលិត​របស់​យើង​នៅ​ធ្វើបាន​តាម​តម្រូវ​ការបញ្ជាទិញ​ពី​ខាងក្រៅ​»​។

បើតាម SSEZ នៅ​ដំណាក់កាល​ដំបូង តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ផ្តោតលើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ កាបូប ផលិតផល​ស្បែកជើង និង​ផលិតផល​ពី​ឈើ ជា​ឧស្សាហកម្ម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​។ រីឯ​ដំណាក់កាល​ទី​២ SSEZ នឹង​ផ្តោតលើ​ការទាញយក​ប្រយោជន៍​ពី​កំពង់ផែ និង​ផ្តោតលើ​ការណែនាំ​អំពី​គ្រឿង​ម៉ាស៊ីន សម្ភារ​សំណង់ គ្រឿងសង្ហារិម​គេហដ្ឋាន គ្រឿងបន្លាស់​រថយន្ត និង​សម្បក​កង់​។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២០ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​មាន​ក្រុមហ៊ុន​កំពុង​វិនិយោគ​នៅ​ទីនោះ​សរុប ១៦៥ ដោយ​បង្កើត​ការងារ​បាន​ចំនួន ៣០ ០០០ កន្លែង​៕ LA