ភ្នំពេញៈ កម្ពុជា​ប្តេជ្ញា​ចូលរួម​ពង្រឹងសមត្ថភាព​ឌីជីថលូបនីយកម្ម​ពន្ធ​នៃ​រដ្ឋបាល​សារពើពន្ធ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា​។

ការប្តេជ្ញាចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​កម្ពុជា​ចូលរួម​វេទិកា​កិច្ចសហប្រតិបត្តិការ​រដ្ឋបាល​សារពើពន្ធ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​ ២ ស្តីពី​ឌីជីថលលូបនីយកម្ម​នៃ​រដ្ឋបាល​សារពើពន្ធ​ (BRITACOF) ​ក្រោម​ប្រធានបទ​ «​ឌីជីថលូបនីយកម្ម​នៃ​រដ្ឋបាល​សារពើពន្ធ​ (Digitalization of Tax Administration) កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា​។

ប្រធាន​នាយកដ្ឋាន​នីតិកម្ម​គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដារ​អន្តរជាតិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក សេង ជាសិទ្ធ ដែល​ចូលរួម​វេទិកា​នេះ​បាន​លើកឡើងថា វេទិកា​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​សមត្ថភាព​ការធ្វើ​ឌីជីថលូបនីយកម្ម​ពន្ធ​នៅក្នុង​យុគសម័យ​ព័ត៌មានវិទ្យា ការពង្រឹង​បន្ថែម​នូវ​វេទិកា​កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​ការលើកទឹកចិត្ត​ដល់​យុត្តាធិការ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ តាមរយៈ​ការធ្វើ​ឌីជីថលូបនីយកម្ម​នៃ​រដ្ឋបាល​សារពើពន្ធ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក​ថ្លែងថា​៖ «​វេទិកា​នេះ​បាន​ជជែក​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​ ៤ រួមមាន រដ្ឋបាល​សារពើពន្ធ ឌីជីថលូបនីយកម្ម​សេវាកម្ម​ពន្ធ ឌីជីថលូបនីយកម្ម​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ពន្ធដារ និង​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ទិន្នន័យ​»​។

លោក Wang Jun ស្នងការ​នៃ​រដ្ឋបាល​សារពើពន្ធ​ចិន និង​ជា​ប្រធាន​ក្រុមប្រឹក្សា BRITACOM បាន​ថ្លែងថា វេទិកា​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​ជា​សកល​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​កូវីដ​ ១៩ ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ប្រសើរ​ឡើងវិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ជា​លទ្ធផល​ភារកិច្ច​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព Wu-zhen Action Plan (2019-2021) ​ត្រូវ​បាន​បញ្ចប់​ទាន់​ពេលវេលា និង​ប្រកបដោយ​គុណភាព​ល្អ​។ ជាមួយគ្នានេះ អង្គវេទិកា​ទាំងមូល​បានអនុម័ត​នូវ​ផែនការ​សកម្មភាព​ Nul-Sultan Action Plan (2022-2024) និង​បានជ្រើសរើស​ប្រទេស​អាល់ហ្សេរី​ (Algeria) ជា​ម្ចាស់ផ្ទះ​សម្រាប់​វេទិកា​លើក​ទី​ ៣ នាពេល​ខាងមុខនេះ​។

អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធអាករ​បាន ១ ៥១៥,៩ លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ធ្លាក់ចុះ ១០,៦០ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ការប្រមូល​ចំណូល​ពន្ធអាករ​ក្នុង​ឆមាស​ទី​ ១ ស្មើនឹង ៦៧,៥៨ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ GDT៕ LA