ភ្នំពេញៈ និយតករ​គណនេយ្យ និង​សវនកម្ម​ (​ន.គ.ស.) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស​ចូលរួម​អនុវត្ត​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​ឱ្យបាន​ម៉ឺងម៉ាត់​តាមច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម​។

ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​និយតករ​គណនេយ្យ និង​សវនកម្ម​ជាមួយ​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ ដើម្បី​ជំរុញ​ការអនុវត្ត​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

លោក ប៊ូ ថារិន អគ្គនាយក​និយតករ​គណនេយ្យ និង​សវនកម្ម​បាន​និយាយថា ការអនុវត្ត​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​វិស័យ​គណនេយ្យ និង​សវនកម្ម គឺ​កិច្ចការ​សំខាន់​សម្រាប់​វិស័យ​ឯកជន​ ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​សហគ្រាស ត្រូវអនុវត្ត​កាតព្វកិច្ច​ជា​សារវន្ត​ចំនួន ៣ គឺ​កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ កាតព្វកិច្ច​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្តង់ដា​ជា​ធរមាន និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​បានឱ្យដឹងថា សមាគម​លោក​បាន​ប្តេជ្ញា​ចូលរួម​សហការ​ក្នុង​ការផ្សព្វផ្សាយ​ទៅកាន់​សមាជិក និង​សហគ្រាស​ផ្សេងៗ​ទៀត ដើម្បី​រៀបចំ​របាយការណ៍​គណនេយ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា និយតករ​គណនេយ្យ និង​សវនកម្ម បានកំណត់​ឱ្យ​សមាជិកសមាគម​ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​រៀបចំ​ធ្វើ​សវនកម្ម​ឱ្យស្រប​តាមច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម​។

លោក​បាន​បន្ថែមថា​៖ «​ដូច្នេះ​សមាគម​មាន​តួនាទី​ភារកិច្ច​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​និយតករ​គណនេយ្យ និង​សវនកម្ម ដើម្បី​ឱ្យមាន​ភាពទូលំទូលាយ​ទៅកាន់​សហគ្រាស​តាមរយៈ​ការរៀបចំ​វគ្គបណ្តុះបណ្តាល​បន្ថែមទៀត​ដល់​សហគ្រាស និង​អាជីវកម្ម​ផ្សេងៗ​ទៀត​បាន​យល់​កាន់តែ​ស៊ីជម្រៅ​»​។

តាមរយៈ​កិច្ចប្រជុំ​នេះ អង្គ​ប្រជុំ​បាន​ឯកភាព​ជាគោលការណ៍​លើ​ការរៀបចំ​យន្តការ​នៃ​កិច្ចសហការ​សម្រាប់​ជំរុញ​ការអនុវត្ត​កាតព្វកិច្ច​ដែល​តម្រូវ​ដោយ​ច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​តាមរយៈ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​សមាជិកសមាគម​។

និយតករ​គណនេយ្យ និង​សវនកម្ម​បាន​បំពេញ​មុខងារ​ជា​សេនាធិការ​ឱ្យ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ និង​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា តាមរយៈ​ការដាក់​ចេញ​បទប្បញ្ញត្តិ វិធាន និង​ស្តង់ដា ព្រមទាំង​ជំរុញ​ការអនុវត្ដ​ច្បាប់ និង​ស្តង់ដា​គណនេយ្យ និង​សវនកម្ម​កម្ពុជា​៕ LA