ភ្នំពេញៈ ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល​ (​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បានទទួល​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ ផ្ទៃដី​ទំហំ ១០៧,១០ គីឡូម៉ែត្រ​ការ៉េ នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។​

​លោក អឹង ឌី​ប៉ូ​ឡា អគ្គ​នា​​យក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​នេះ​បានទទួល​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ ​(​រ៉ែ​មាស​) លេខ ​០០០១ ចុះ​ថ្ងៃទី​ ២៧ ខែ មករា ឆ្នាំ​ ២០២១ ពី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។ ក្រុមហ៊ុន​នេះ​ក៏ត្រូវ​បានជ្រើសរើស​ ដើម្បី​បន្ត​នីតិវិធី​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ តាមរយៈ​លិខិត​លេខ ​០៧០ កាលពី​ថ្ងៃទី​ ២១ ខែ ធ្នូ ឆ្នាំ ​២០២០ ផងដែរ​។​

​លោក​ឱ្យដឹងទៀតថា ច្បាប់បាន​តម្រូវឱ្យ​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ​ទាំងអស់​មុននឹង​ធ្វើ​ប្រតិបត្តិ​ការសិក្សា​ស្រាវជ្រាវ​លើ​ផ្ទៃដី​ដែន​អាជ្ញាប័ណ្ណ​របស់ខ្លួន គឺ​ត្រូវ​ទទួលបាន​ការឯកភាព​ជា​ផ្លូវការ​ពី​ក្រសួងបរិស្ថាន​ជា​មុន​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA)​។​

​លោក​បាន​បន្តថា ជា​ដំណាក់​​កាល​ដំបូង​នេះ ក្រុមហ៊ុន​បាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​ដែន​អាជ្ញា​បណ្ណ​របស់ខ្លួន ដោយ​ក្រុម​ការ​ងារ​ស្វែង​រុករក និង​ក្រុមការងារ​បរិស្ថាន ព្រមទាំង​បាន​ជួប​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ណែនាំ​ខ្លួន និង​ផ្សព្វផ្សាយ​អំពី​ផែនការ​ការងារ​ស្វែង​រុករក​នៅក្នុង​តំបន់​មេមត់​តែប៉ុណ្ណោះ​។​

​លោក​អះអាងថា​៖ «​ចំពោះ​ទីតាំង​តំបន់​សំពៅ​លូន ក្នុង​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​នេះ ទាល់តែ​សិក្សា​លម្អិត​បន្ថែម ទើប​អាច​កំណត់ថា​មាន​សក្តានុពល​ឬ​អត់​? ដោយ​ផ្អែកទៅលើ​ទិន្នន័យ​ព័ត៌មាន​ភូ​គ​ព្ភ​​សាស្ត្រ​ ដែលមាន​ស្រាប់​ជាបឋម យើង​គ្រាន់តែ​អាច​វាយតម្លៃ​បាន​ត្រឹម​ថា អាចមាន​ខនិជកម្ម​រ៉ែ​ ដែល​អាចពាក់ព័ន្ធ​នឹង​ការ​កកើត​រ៉ែ​មាស​តែប៉ុណ្ណោះ និង​ត្រូវធ្វើ​ការសិក្សា​លម្អិត​បន្តទៀត​ដើម្បី​កំណត់​ពី​ទំហំ​ជម្រក​រ៉ែ​នោះ និង​ឈានទៅ​វាយតម្លៃថា​ជា​តំបន់​ដែលមាន​សក្តានុពល​ពិតប្រាកដ​»​។​

​លោក​បន្តថា ដោយសារ​ស្ថិតក្នុង​ដំណាក់កាល​ស្រាវជ្រាវ ដូចនេះ​ក្រសួង​មិនទាន់​អាច​វាយ​​តម្លៃ​ពី​ទំហំ​បរិមាណ​រ៉ែ​មាស​ដែល​ក្រុមហ៊ុន​អាចធ្វើ​ការទាញយក​បាន​នោះទេ​។ ដើម្បី​កំណត់​ពី​បរិមាណ​ស្តុក​រ៉ែ​មួយ​ច្បាស់​លាស់ គឺ​វា​ត្រូវ​ទាមទារ​នូវ​រយៈ​ពេល សមត្ថភាព​បច្ចេកទេស និង​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​។​

​លោក​បន្តថា អាជ្ញាប័ណ្ណ​នេះ​មាន​សុពលភាព ​៣ ​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​២៧ ខែ មករា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ២៧ ខែ មករា ឆ្នាំ​ ២០២៤​។​

​ក្នុងជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​នេះ កាលពី​សប្តាហ៍​មុន លោក ជាម ច័ន្ទ​សោភ័ណ អភិ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅ​តំបន់​រ៉ែ​មាស​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

លោក​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹងចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្វែងរក​រ៉ែ​មាស​នេះ​។​

​លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ ដោយ​ពួកគាត់​ធ្វើ​សកម្មភាព​រែង​យក​មាស​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​កូ​វីដ ​១៩ ដូច្នេះ​សូម​ខាង​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​មេត្តា​យោគយល់ និង​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​សមរម្យ​»​។

​បើតាម លោក អឹង ឌី​ប៉ូ​ឡា បន្ទាប់ពី​មានការ​ធ្វើការ​កំណែ​-​ទម្រង់​លើ​វិស័យ​រ៉ែ​នេះ​រួចមក មាន​ក្រុមហ៊ុន​មួយចំនួន​ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ និង​បញ្ចប់​កិច្ចព្រមព្រៀង ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​ស្វែង​រុករក​រ៉ែ​មិនឃើញ ហើយ​រយៈពេល​ស្វែង​រុករក​រ៉ែ​ដែល​បានកំណត់ ​៦-៨​ ឆ្នាំ ក៏ត្រូវ​បាន​ផុត​។​

​លោក​ថា គិត​ត្រឹម​ថ្ងៃទី ​១៥ ខែ កញ្ញា ឆ្នាំ ​២០២១ នៅសល់តែ​ក្រុមហ៊ុន​ចំនួន ២២ ​ប៉ុណ្ណោះ ដែលជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន អូស្ត្រាលី ជប៉ុន ព្រមទាំង ក្រុមហ៊ុន​ក្នុងស្រុក​សហការ​ជា​មួយ​ដៃគូ​បរទេស​កំពុងកាន់​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ (​ដែក មាស ទង់ដែង ម៉ូ​លី​ប​ដែន​) បុក​ស៊ីត ថ្មកំបោរ និង​ធ្យូងថ្ម នៅក្នុង​តំបន់​សម្បទាន​ចំនួន ៣៤ លើ​ផ្ទៃដី​សរុប​ប្រមាណ ៤ ៧១១,៥៥​ គីឡូម៉ែត្រ​ការ៉េ​។​

​រីឯ​ក្រុមហ៊ុន​ដែល​កំពុងកាន់​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវ​​កម្ម​ធនធាន​រ៉ែ ​(​មាស ដែក បុក​ ​ស៊ីត ថ្មកំបោរ ខ្សាច់​ស ធ្យូងថ្ម​) មាន​ចំនួន ១៩ ​ក្រុមហ៊ុន​ នៅក្នុង​តំបន់​សម្បទាន​ចំនួន​ ១៩​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល កំពុង​ធ្វើ​ប្រតិ​ប​តិ្ត​ការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ដែលមាន​តម្លៃ ១២០ លាន​ដុល្លារ​ លើ​គម្រោង​រ៉ែ​មាស​តំបន់​អូរ​ខ្វាវ ស្ថិតនៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ការដ្ឋាន​ និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ​មាន​សមត្ថភាព​ជីក​យក​រ៉ែ​ជិត ២​ លាន​តោន ​ក្នុង ​១​ ឆ្នាំ និង​ចម្រាញ់​ជា​ដុំ​មាស​កម្រិត ៩០​ ភាគរយ​ប្រមាណ​៣​តោន ក្នុង ​១ ​ឆ្នាំ​សម្រាប់​រយៈពេល​ប៉ាន់ស្មាន​ដំបូង ៨ ឆ្នាំ​។ នេះ​បើតាម លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រ​​សួង​រ៉ែ និង​ថាមពល​៕ LA​