The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Ford ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​

Ford ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​

Content image - Phnom Penh Post
រថយន្ត​យីហោ Ford Brand ដាក់តាំងបង្ហាញនាពេលកន្លងទៅ។ រូបថត RMA Cambodia

Ford ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​

ភ្នំពេញៈ RMA (Cambodia) Plc ដែលជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​នឹង​បង្កើត​រោង​​ចក្រ​ដំឡើងរថយន្ត​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​រថយន្ត​យីហោ​ថ្មីៗ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុមហ៊ុន​នេះ​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​ធំ​មួយ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ក្នុងប្រទេស​កម្ពុជា​។​

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី ​១៥ ខែកញ្ញា​ថា ក្រុមហ៊ុន​លោក​នឹង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​យីហោ Ford Brand បន្ទាប់ពី​ក្រុម​​ហ៊ុន​ទទួលបាន​ការយល់ព្រម​ពី​ក្រុមហ៊ុនមេ ដោយ​មើលឃើញ​ពី​តម្រូវ​ការកើនឡើង​សម្រាប់​រថយន្ត​យីហោ​ថ្មី​នេះ​។​

​លោក​បន្តទៀតថា ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​ជួល​ដី​ទំហំ ៤​ ហិកតា​រួចហើយ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ខណៈ​លោក​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សំណង់ ​និង​ក្រុមហ៊ុន​គ្រប់គ្រង​សំណង់​រួចរាល់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា រោង​ចក្រ​នេះ​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ដំណើរការ​នៅ​ឆ្នាំក្រោយ​។ ពេលនេះ​យើង​កំពុង​រង់ចាំ​ការយល់ព្រម​ពី​រដ្ឋាភិបាល​ដើម្បី​ចាប់ផ្ដើម​ការ​សាង​​សង់ ខណៈដែល​រោងចក្រ​នេះ​នឹង​ត្រូវការ​ពេលវេលា​ចន្លោះ​ពី ៣-៤​ ខែ​ ដើម្បី​បញ្ចប់ ដូច្នេះ​យើង​អាច​នឹង​ចាប់ផ្ដើម​ដំឡើងរថយន្ត​នៅ​ដើមឆ្នាំ​ក្រោយ​»​។​

​បើតាម​លោក ង​ន សាំង រោងចក្រ​នេះ​នឹង​ដំឡើង​យីហោ​រថយន្ត​ ២​ របស់ ​Ford គឺ Ford Ranger និង Ford Everest ជាង ១០ ០០០ ​គ្រឿង ក្នុង​ ១​ ឆ្នាំ​។ លោក​បញ្ជាក់ថា​៖ «​សមត្ថភាព​ផលិត​របស់​យើង​ធំ ប៉ុន្តែ​យើង​ដំឡើង​ដោយ​ផ្អែក​តាម​តម្រូវការ​ទីផ្សារ​»​។​

​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ស្វាគមន៍​ការ​សាង​សង់រោង​ចក្រ​ដំឡើងរថយន្ត​ក្រុមហ៊ុន Ford នៅក្នុង​ខេត្ត​របស់លោក ខណៈ​រោងចក្រ​នេះ​មិន​គ្រាន់តែ​អាចបង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នឹង​ក្លាយជា​ឧស្សាហកម្ម​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បន្តថា​៖ «​យើង​ស្វាគមន៍​ការវិនិយោគ​បែបនេះ​នៅក្នុង​ខេត្ត​ខ្ញុំ ដោយសារតែ​ពួកគេ​នឹង​បង្កើត​ការងារ​កាន់តែច្រើន ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន ព្រមទាំង​បណ្ដុះ​បណ្ដាល​កម្មករ​ជំនាញ​កាន់តែច្រើន​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​»​។​

​លោក ង​ន សាំង បញ្ជាក់ថា ទោះបីជា​ឧស្សាហកម្ម​រថយន្ត​រប​ស់​ប្រទេស​កម្ពុជា ត្រូវ​គ្របដណ្ដប់​ដោយ​រថយន្ត​ជជុះ​ដែលមាន​ចំណែក​ទីផ្សារ​ចន្លោះ​ពី​ ៧០​ ទៅ​ ៨០​ ភាគរយ​ក៏​លោក​មើល​​ឃើញ​ពី​និន្នាការ​យីហោ​រថយន្ត​ថ្មី​នេះ​កំពុង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​នៅក្នុង​រយៈ​ពេល ​២-៣ ​ឆ្នាំ​ចុងក្រោយ​នេះដែរ​។​

​យោងតាម​លោក ង​ន សាំង យីហោ Ford Brand ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​នៅក្នុង​ទីផ្សារ ខណៈ​ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​មាន ៤៥ ​ភាគរយ​នៃ​រថយន្ត​យីហោ​ថ្មី​សរុប​។​

​លោក​និយាយថា​៖ «​យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​គាំទ្រ​ពួកយើង ដោយ​​សារ​តែ​វា​ជា​រោងចក្រ​ដំឡើងរថយន្ត​ដំបូង​មិន​ធ្លាប់​មាននៅ​កម្ពុជា​។ នេះ​ជាការ​ចាប់ផ្ដើម​នៃ​ឧស្សាហកម្ម​រថយន្ត​ក្នុងប្រទេស​កម្ពុជា ហើយ​វា​នឹង​ទាក់​ទាញ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ចូលមក​ដែរ​»​។

លោក​បន្តថា​៖ «​តម្លៃ​រថយន្ត​យើង​នឹង​ធ្លាក់ចុះ​បន្តិច ដូច្នេះ​យើង​អាច​ទាក់ទាញ​ប្រជាជន​កាន់តែច្រើន​ឱ្យប្រើ​ប្រាស់​រថយន្ត​យីហោ​ថ្មី​ដែលមាន​សុវត្ថិភាព​។ ទិសដៅ​របស់​យើង​ក្នុងការ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅទីនេះ គឺ​ដើម្បី​ផ្ដល់នូវ​រថយន្ត​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​»៕ LA​

អត្ថបទគួរចាប់អារម្មណ៍